ភ្នំពេញៈ បើទោះបី​ជា​កម្ពុជា​មិនមាន​ករណី​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ រយៈពេល​ជិត​ ៤ ​ខែ​ចុងក្រោយ​ចាប់តាំងពី​ខែមេសា ឆ្នាំ​ ២០២២ មក​ក្តី ប៉ុន្តែ​ជំងឺ​នេះ​មិនទាន់​ឃ្លាត​ទៅណា​ឆ្ងាយ​ទេ ដែល​ជា​ហេតុ​នាំឱ្យ​ប្រទេស​កម្ពុជា ក៏ដូចជា​សកលលោក​ទាំងមូល​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង​ជំងឺ​កូវីដ ​១៩ ដោយ​ស្មារតី​បុរេសកម្ម និង​ប្រុងប្រយ័ត្ន​ខ្ពស់​។ នេះ​ជាការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

ក្នុង​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ប្រភេទ​ Pfizer ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អេស្ប៉ាញ​មកដល់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចំនួន​ ៣០ ​ម៉ឺន​ដូស នា​ព្រឹក​ថ្ងៃទី​ ១៨ សីហា លោក​ ហ៊ុន សែន ថ្លែងថា តាមរយៈ​ការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល ក្នុង​ការរៀបចំ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ដល់​ប្រជាជន ពិសេស​កុមារ​ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ជា​អនាគត​នៃ​ប្រទេសជាតិ កម្ពុជា​អាច​ត្រូវ​បាន​ចាត់ទុកថា ជា​ប្រទេស​ឈានមុខ​មួយ​ក្នុង​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​យ៉ាង​ល្អប្រសើរ​។

ទោះបីជា រលក​ថ្មី​នៃ​ការឆ្លង​រាលដាល​នៅ​បន្ត​មាន​ក៏ដោយ ក៏​កម្ពុជា​អាច​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ និង​អាច​រក្សា​ប្រក្រតីភាព​នៃ​ដំណើរការ​សង្គម​-​សេដ្ឋកិច្ច ព្រមទាំង​បាន​ស្តារ និង​ជំរុញ​កំណើន​ឡើងវិញ​ប្រកប​ដោយ​ភាពរឹងមាំ​រហូត​មកដល់​ពេល​បច្ចុប្បន្ន​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​កម្ពុជា មិនមាន​ករណី​ស្លាប់​នោះឡើយ​ក្នុង​រយៈពេល​ជិត​ ៤ ​ខែ​ចុងក្រោយ រាប់​ចាប់តាំងពី​ខែមេសា ឆ្នាំ​ ២០២២ មកដល់​ថ្ងៃនេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ជំងឺ​កូវីដ​ ១៩ មិនទាន់​ឃ្លាត​ទៅណា​ឆ្ងាយ​ពី​យើង​នោះទេ​។ ក្នុង​ន័យនេះ កម្ពុជា​ក៏ដូចជា​សកលលោក​ទាំងមូល​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់ និង​ខិតខំ​ប្រឹងប្រែង ក្នុង​ការគ្រប់គ្រង​ជំងឺ​កូវីដ​ ១៩»​។

នាឱកាស​នោះ លោក​នាយករដ្ឋមន្ត្រី​បាន​បន្ត​អំពាវនាវ​យ៉ាងទទូច​ឱ្យ​ប្រជាជន​កម្ពុជា​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣ ​ការពារ និង​ ៣ ​កុំ​» និង​នាំគ្នា​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដូសជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​។

ជាមួយ​គ្នា​នោះដែរ លោកស្រី​ គ្រីស្ទីណា អាហ្គៀឡា (Cristina Aguilar) ភារធារី​ស្តីទី​នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​អេស្ប៉ាញ​ប្រចាំ​កម្ពុជា​ក៏បាន​លើកឡើង​នាឱកាស​នោះដែរ​ថា អំណោយ​ជា​វ៉ាក់សាំង​នេះ គឺជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋមន្ត្រី​នៃ​ក្រសួង​សុខាភិបាល​ប្រទេស​ទាំង​ ២ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​យន្តការ​ការពារ​ជន​ស៊ីវិល​នៃ​សហភាព​អឺរ៉ុប​។

លោកស្រី​ថ្លែងថា​៖ «​នេះ​គឺជា​សក្ខីភាព​នៃ​សាមគ្គីភាព​របស់​ប្រជាជន​អេស្ប៉ាញ និង​ការប្តេជ្ញា​ចិត្ត​របស់​ប្រទេស​អេស្ប៉ាញ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ជំងឺ​កូវីដ​ ១៩​។ ព្រះរាជាណាចក្រ​អេស្ប៉ាញ​បាន​ផ្តល់​អំណោយ ជា​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រមាណ​ជា​ ៥០​ លាន​ដូស​រួចមកហើយ​។ យើង​ឈរ​ក្នុង​លេខ​រៀង​ទី​ ៧​ នៅលើ​ពិភពលោក ហើយ​អេស្ប៉ាញ គ្រោង​នឹង​ផ្តល់​វ៉ាក់សាំង​ប្រមាណ​ជា​ ២០​ លាន​ដូស​ទៀត​ផងដែរ​»​។

លោកស្រី គ្រីស្ទីណា អាហ្គៀឡា ក៏បាន​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​លើ​ជំងឺ​កូវីដ​ ១៩ ហើយ​ត្រូវ​បាន​ទទួល​ការកោត​សរសើរ​យ៉ាង​ទូលំទូលាយ ហើយ​សម្រាប់​ប្រទេស​អេស្ប៉ាញ គឺជា​កិត្តិយស​ណាស់ ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​។

លោកស្រី​បញ្ជាក់ថា​៖ «​អេស្ប៉ាញ​បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ចំពោះ​ការអភិវឌ្ឍ និង​សមិទ្ធផល​របស់​ប្រទេស​កម្ពុជា​។ អេស្ប៉ាញ គឺជា​សមាជិក​នៃ​ក្រុម​អឺរ៉ុប ដែល​មាន​ថវិកា​សរុប សម្រាប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ចំនួន​ ៤៤៣​ លាន​អឺរ៉ូ ដោយ​ផ្តោតលើ​គម្រោង​អាទិភាព​សំខាន់​ចំនួន​ ៣»​។

គម្រោង​ទាំងនោះ រួមមាន ការគាំទ្រ​សុខាភិបាល ការរួម​ចំណែក​គាំទ្រ​ដល់​ប្រជាជន ជីវភាព ការងារ និង​គម្រោង​ចុងក្រោយ គឺ​ការគាំទ្រ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ការបង្កើត​ការងារ​។

កាលពី​ថ្ងៃទី ​១៧ ខែសីហា អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​កូវីដ​ ១៩ Molnupiravir ចំនួន ៨២៦ ៥៦០​ គ្រាប់ ដែលជា​ឱសថ សម្រាប់​ប្រើប្រាស់​ព្យាបាល​ជំងឺ​កូវីដ ​១៩ ត្រូវបាន​យូនីសេហ្វ​ដឹកជញ្ជូន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ឱសថ​ដ៏កម្រ​នេះ​នឹង​គាំទ្រ​ក្រសួង​សុខាភិបាល​កម្ពុជា​បន្ថែមទៀត ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​។

លោក​ ហ៊ុន សែន ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​កូវីដ​ប្រភេទ​ Pfizer នា​ថ្ងៃទី​ ១៨ ​សីហា​។ រូប SPM

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ​ឱ្យ​ដឹងថា ការផ្គត់ផ្គង់​ឱសថ Molnupiravir ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​មនុស្ស​ចំនួន​ ២០ ៦៦៤ ​នាក់​ដែល​ឆ្លង​មេរោគ​កូវីដ​ ១៩​ នៅ​ប្រទេស​កម្ពុជា​។ ឱសថ​ទាំងនេះ​បាន​មកដល់​កម្ពុជា ក្រោម​ជំនួយ​ពី​យន្តការ​ផ្គត់ផ្គង់​បរិក្ខារ ហិរញ្ញប្បទាន​នៃ​យូនីសេហ្វ (ACT-A Supplies Facility “ACT-A SFF”) ដោយ​មាន​ការចូលរួម​ចំណែក​ថវិកា​ពី​រដ្ឋាភិបាល​កាណាដា​។

សេចក្តី​ប្រកាស​បញ្ជាក់​ថា​៖ «ACT-A SFF ជា​មូលនិធិ​របស់​យូនីសេហ្វ​មាន​គោលដៅ​គាំទ្រ​ដល់​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម​ ដើម្បី​ទទួល​បានការ​ផ្គត់ផ្គង់​នានា ដូចជា​ឱសថ​ព្យាបាល ឧបករណ៍​តេស្ត និង​វ៉ាក់សាំង​សម្រាប់​ប្រយុទ្ធ និង​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ប្រកប​ដោយ​សមធម៌​»​។

បទពិសោធ​កន្លងមក​បាន​បង្ហាញ​ថា ឱសថ Molnupiravir អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ចំពោះ​អ្នកជំងឺ​កូវីដ​ ១៩ ជាពិសេស​ក្នុង​ចំណោម​ក្រុម​ដែល​ងាយ​រងគ្រោះ ដែល​រួមមាន​មនុស្ស​ចាស់ និង​អ្នក​ដែលមាន​បញ្ហា​សុខភាព​ស្រាប់​៕