
អនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ ២០២៣។
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ ២០២៣ ដែលមានថ្ងៃឈប់សម្រាកចំនួន ២១ ថ្ងៃ ដែលថ្ងៃឈប់សម្រាកចំនួន ២១ ថ្ងៃនេះ ដូចគ្នាទៅនឹងឆ្នាំ ២០២១ និង ឆ្នាំ ២០២២ ដែរ។
អនុក្រឹត្យស្តីពីថ្ងៃឈប់សម្រាក ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ១២ ខែសីហា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ សម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកចំនួន ២១ ថ្ងៃ នៅឆ្នាំ ២០២៣។
អនុក្រឹត្យបន្តថា ៖«ចំពោះក្រសួង ស្ថាប័ន មានភារកិច្ចទំនាក់ទំនងអន្តរជាតិ ត្រូវរក្សាមន្ត្រីប្រចាំការជាអចិន្ត្រៃយ៍សម្រាប់ដោះស្រាយការងារ»។
សូមជម្រាបថា រាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ចាប់ពីឆ្នាំ ២០២០ មក ពោលគិតត្រឹមនៅឆ្នាំ ២០១៩ មានថ្ងៃឈប់សម្រាកចំនួន ២៨ ថ្ងៃ។
ថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ឆ្នាំ ២០២០ ដែលកាត់ចេញ រួមមាន៖ ១-ពិធីបុណ្យមាឃបូជា ១ ថ្ងៃ។ ២- ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ៣ ថ្ងៃ ថ្ងៃទី ១៣-១៤-១៥ ខែឧសភា កាត់បន្ថយនៅសល់ត្រឹម ១ថ្ងៃ គឺថ្ងៃទី ១៤ ឧសភា ( លុបចេញ ២ ថ្ងៃ )។ ៣-ទិវាជាតិនៃការចងចាំ ថ្ងៃ ២០ ឧសភា ១ ថ្ងៃ។ ៤-ទិវាកុមារអន្តរជាតិ ថ្ងៃ ១ មិថុនា ១ថ្ងៃ។ ៥-ទិវារំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពនៃទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១ ថ្ងៃ។ ៦- ទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ ១០ ធ្នូ ១ ថ្ងៃ៕