ភ្នំពេញៈ មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​ ៩៤២​ នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់-​ស្រាល ចំនួន ​៣ ៦៦៤ ​នាក់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ​៦ ​ខែ ឆ្នាំ​ ២០២២ ខណៈ​យានយន្ត​ចំនួន​ ៨៨ ៩៣២ ​គ្រឿង​ត្រូវបាន​ពិន័យ​នៅ​ទូទាំង​ប្រទេស​។ នេះ​បើតាម​របាយ​-​រណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ.ស.ច.គ​.)​។

របាយការណ៍​នេះ​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​ ១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២២ ​នា​ថ្ងៃទី​ ១៨ ខែសីហា​ថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ គ្រោះថ្នាក់​កើតឡើង​សរុប ១ ៦០៩ ​លើក (​យប់​ ៥៧%) បណ្ដាល​ឱ្យ​ស្លាប់​ ៩៤២ ​នាក់ និង​របួស​ ២ ២៣៥ ​នាក់ (​ធ្ងន់​ ១ ៤២៩​ នាក់​) ខណៈ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ បើ​ធៀប​នឹង​ ១ ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ ៣៤៨ ​លើក​ស្មើ​ ២៨ ​ភាគរយ អ្នកស្លាប់​កើន​ ២៣៣​ នាក់ ស្មើ​ ៣៣​ ភាគរយ និង​របួស​កើន​ ៤៤៣ ​នាក់​ស្មើ​ ២៥ ​ភាគរយ​។

របាយការណ៍​នេះ​បន្តថា មូលហេតុ​បង្ក​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​ ៣៨% បើកបរ​មិន​គោរព​សិទ្ធិ​ ២៤% មិន​ប្រកាន់​ស្តាំ​ ១១% វ៉ា​ជែង​ ១១% បត់​ ១០% ស្រវឹង​ ៣% កត្តា​យាន​ ២% និង​ងងុយ​ ១%​។ ក្នុង​ចំណោម​អ្នកស្លាប់​ជា​អ្នកជិះ​ម៉ូតូ​ចំនួន​ ៨១% មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​ ៧៤% ។ គ្រោះថ្នាក់​បាន​កើត​ឡើង​ច្រើន​នៅ​រាជធានី​ភ្នំពេញ ៤៥៨ ​លើក ខេត្តកណ្តាល ១១៧ ​លើក និង​ខេត្ត​ព្រះសីហនុ ៩៧ ​លើក​។

របាយការណ៍​នេះ ថា​តាមរយៈ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​បាន​ពិន័យ​យានយន្ត​ល្មើសច្បាប់​ចំនួន ៨៨ ៩៣២ ​គ្រឿង​។ ដោយឡែក ការពិន័យ​ប្រចាំឆមាស​ទី ​១ នៅ​ទូទាំង​ប្រទេស​បាន​ទឹកប្រាក់​ចំនួន ៧ ៥៦០ ២៦៥ ០០០ ​រៀល​។ ជាមួយ​គ្នា​នេះ ក្រុម​ការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​រាជធានី​-​ខេត្ត ប្រចាំ​ឆមាស​ទី ​១ ឆ្នាំ ​២០២២ បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​ចំនួន ៣០ ១៥០ ​គ្រឿង យានយន្ត​ត្រឹមត្រូវ​ចំនួន​ ២៤ ៨៤៨ ​គ្រឿង យានយន្ត​ខុស លក្ខណៈ​បច្ចេកទេស​ចំនួន ៥ ៣០២ ​គ្រឿង​។

លោក ស្រី មឺន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គ.ស.ច. គ ថ្លែងថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ បើទោះបី​កម្ពុជា​នៅ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​បន្ត​ខិតខំ​អនុវត្ត​ការងារ​ជាប្រចាំ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការងារ​អប់រំ​ច្បាប់ និង​ការងារ​ប្រតិបត្តិការ​ជាតិ និង​អន្តជាតិ​។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍ គ.ស.ច.គ ថ្លែងថា សម្រាប់​ឆមាស​​ទី​ ២ ឆ្នាំ​ ២០២២ ជា​ទិសដៅ​នឹង​បន្ដ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នៅតាម​រាជធានី​- ខេត្ត ទាំង​ ២៥ ចែក​ស្ទីកឃ័រ​ចំណាំង​ប្លាត និង​មួក​សុវត្ថិភាព​ដល់​អ្នក​បើកបរ​ទោចក្រយានយន្ដ​ទូទាំង​ប្រទេស​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បាន​ជា​អតិបរមា​។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន គ.ស.ច.គ ឱ្យដឹង​ដែរ​ថា បន្ទាប់ពី​ស្ថានភាព​កូវីដ​ ១៩ ​នៅ​កម្ពុជា​មាន​ភាពធូរស្រាល ហើយ​រាជរដ្ឋាភិបាល​បាន​ប្រកាស​បើក​ប្រទេស​ឡើងវិញ បានធ្វើឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​កើនឡើង​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១ ​ដោយ​គិត​ជា​មធ្យម​ក្នុង​ ១​ ថ្ងៃ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ៩ ​លើក ស្លាប់​ ៥ ​នាក់ និង​របួស​ ១០​ នាក់ ដោយសារ​តែ​កំណើន​នៃ​ការធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ នៅពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​មាន​ដំណើរការ​ឡើង​វិញ​កាន់តែ​ច្រើន​។

បើតាម លោក ស ខេង ប្រៀបធៀប​ស្ថានភាព​ចរាចរណ៍​កម្ពុជា​ជាមួយ​ស្ថានភាព​ចរាចរណ៍​ជា​សកល​ឃើញថា​រយៈពេល​ ១០ ​ឆ្នាំ ពី​ឆ្នាំ​ ២០១១​ ដល់​ឆ្នាំ​ ២០២០ កម្ពុជា​បាន​កាត់បន្ថយ​អ្នកស្លាប់​ចំនួន​ ៤ ៧២០ ​នាក់ ស្មើ​ ៦៤ ​ភាគរយ​នៃ​ចំនួន​អ្នកស្លាប់​តាម​ការព្យាករ​។

ទោះយ៉ាងណា​ក៏ដោយ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ចាត់ទុក​ហេតុការណ៍​នៃ​គ្រោះថ្នាក់ និង​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ថា នៅតែ​ជា​បញ្ហា​ប្រឈម​ទាមទារ​ការយកចិត្ត​ទុកដាក់​ដោះស្រាយ​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែង​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ ៦ ​ខែ​ដើមឆ្នាំ​ ២០២២ ​នេះ​បាន​តម្រូវ​ឱ្យ​មាន​ការត្រួតពិនិត្យ​ឡើងវិញ​នូវ​ចំណុច​អវិជ្ជមាន​ទាំងឡាយ ដើម្បី​ដក​ពិសោធ​យកមក​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​នោះ​ដូចជា​មូលហេតុ​នៃ​គ្រោះថ្នាក់​ ដោយសារ​ការបើកបរ​លើស​ល្បឿន​កំណត់ និង​ការមិន​ពាក់មួក​សុវត្ថិភាព​ជាដើម​។

លោក​ថ្លែង​ទៀតថា​៖ «​យើង​ប្រមូលផ្ដុំ​បញ្ហា​ ដើម្បី​ឈានទៅ​ដោះស្រាយ​ឱ្យចំ​បញ្ហា​នោះ​។ យើង​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ទូទៅ​វា​ជា​ការចាំបាច់​ហើយ ប៉ុន្តែ​យោបល់​ខ្ញុំ គឺថា​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​តែម្ដង​ត្រូវ​ត្រួតពិនិត្យ អប់រំ និង​អនុវត្ត​វិន័យ និង​ច្បាប់​ឱ្យ​តឹងរ៉ឹង​»៕