ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​សារធាតុ​ញៀន​ជាង​ ១៨ ​គីឡូក្រាម ដែល​ចាប់បាន​កាលពី​ថ្ងៃទី​ ១៧ ​សីហា ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ជនសង្ស័យ​ចំនួន​ ៣៨ ​នាក់ ​(​ស្រី ​៣ ​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ១៤ ​ករណី នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី ​១៨ ខែសីហា​។​

​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ឌុ​ក មករា នាយការិយាល័យ ​(​ក​៩) និង​មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រា​ធាន​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែសីហា វេលា​ម៉ោង ​១៦ ​និង​ ៤០ ​នាទី កម្លាំង​ជំនាញ ​(​ក​៩) បានធ្វើការ​ស៊ើបអង្កេត និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ក្រោយ​ស្ថានទូត​ចិន មុខ​ភោជនីយដ្ឋាន​ទសវត្សរ៍​ ៦០ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង និង​បន្តទៅ​ឆែកឆេរ​បន្ទប់​ជួល​លេខ​ ២០៣ (​ហេង ឌឿ​ន អា​ផាត​មិន​)​ នៅ​ភូមិ​ ១ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នេះ ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង សុវណ្ណ​បូរី ភេទ​ប្រុស អាយុ​ ៤១ ​ឆ្នាំ ជនជាតិខ្មែរ​ត្រូវបាន​ចាប់​ឃាត់ខ្លួន​។​

​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន កេ​តា​មីន (KETAMIN) ទម្ងន់​សុទ្ធ ៤៤៧,៩៤​ ក្រាម​។​

​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ១២,៦១ ​ក្រាម​។ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​សុទ្ធ ១៧ គ​.​ក្រ និង ៨៦៤,០៤ ​ក្រាម​។ សរុប​សារធាតុ​ញៀន ១៨ គ​.​ក្រ និង ៣២៤,៥៩ ក្រាម និង​ម៉ូតូ​ ១​ គ្រឿង​។​

​ចំណែក​ជនសង្ស័យ​ចំនួន ៣៨ ​នាក់ ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស នៅ​ថ្ងៃទី ​១៨​ សីហា រួមមាន ជួញដូរ ៧​ ករណី ឃាត់ខ្លួន ៩ ​នាក់​ (​ស្រី ១ ​នាក់​) ដឹកជញ្ជូន រក្សាទុក ២ ​ករណី ឃាត់ ខ្លួន ​៤​ នាក់ ប្រើប្រាស់ ៥ ​ករណី ឃាត់ខ្លួន ២៥ ​នាក់ ​(​ស្រី ២ ​នាក់​) ។​

​វត្ថុតាង​ដែល​ចាប់​យកបាន​សរុប​ក្នុង​ថ្ងៃទី​ ១៨ ខែសីហា រួមមានមេ​តំ​ហ្វេ​តា​មីន ​(Ice) ចំនួន​ ១០០,៦៤ ​ក្រាម និង​ ៧ ​កញ្ចប់​តូច និងកេ​តា​មីន ​(Ke) ​ចំនួន​ ៦,៥៧​ ក្រាម​៕​