ភ្នំពេញៈ ក្រសួងសុខាភិបាល​ប្រកាស​ហាមឃាត់​គណនី​ឈ្មោះ Mak Kim Long Online Shop ដែល​បាន​ផ្សព្វផ្សាយ​លក់​ឱសថ​ព្យាបាល​ជំងឺ​កូវីដ ១៩ គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី ១៩ ខែ​សីហា ថា គណនី​នេះ កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ Molnupiravir (Moalnatris) គ្មាន​លេខ​បញ្ជិកា ព្រមទាំង​មាន​លក់​តេស្ត​រហ័ស​រក​វីរុស​កូវីដ ១៩​មួយ​ចំនួន​ទៀត។

​ក្រសួង​សុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​នេះ រួមទាំង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បញ្ឈប់​ការលក់​ឱសថ និង​ឧបករណ៍​បរិក្ខារ​ពេទ្យ​តាម​ប្រព័ន្ធ​អនឡាញ​គ្រប់​ប្រភេទ។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា​៖ «​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បញ្ឈប់​ការទិញ និង​ប្រើប្រាស់​ឱសថ និង​ឧបករណ៍​បរិក្ខារ​ពេទ្យ​គ្រប់​ប្រភេទ ដែល​លក់​តាម​ប្រព័ន្ធ​អនឡាញ​ជា​បន្ត​ទៀត ព្រោះ​ផលិតផល​ទាំងនេះ​ភាគច្រើន​ជា​ផលិតផល​ខុសច្បាប់ ហើយ​អាចជា​ផលិតផល ក្លែងក្លាយ​ទៀតផង»។​

​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់​ម្ចាស់​គណនី​នេះ ឬ​ជន​ពាក់ព័ន្ធ ឬ​បាន​ស្គាល់​ទីតាំង​ដែល​កំពុង​ចែកចាយ ឬ​លក់​ផលិតផល Molnupiravi និង​ឧបករណ៍​តេស្ត​រហ័ស​កូវីដ ១៩ គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល សហការ​ផ្តល់​ព័ត៌មាន​មក​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង​របស់​ក្រសួង​សុខាភិបាល៕​

រី សុចាន់