
ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យក្រុមហ៊ុនទទួលសិទ្ធិក្នុងការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ពន្លឿននូវការសាងសង់ និងបញ្ចប់ឱ្យបានទាន់ពេលវេលាទៅតាមកិច្ចសន្យា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យតាមដាន និងជំរុញការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ លោក កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោក ហ៊ាង វុត្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស បានជួបពិភាក្សាការងារជាមួយលោកស្រី Minnie Chey នាយិកានៃមូលនិធិសហប្រតិបត្តិការកូរ៉េសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រចាំកម្ពុជា (EDCF) និងមានការចូលរួមពីសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ដើម្បីជជែកពិភាក្សា និងពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនក្នុងគោលបំណងជំរុញការងារអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងឱ្យទទួលបានវឌ្ឍនភាពបន្ថែមទៀត។
លោក ហេង រត្នពិសិដ្ឋ បានថ្លែងថា តាមរយៈការស្តាប់របាយការណ៍ និងការជជែកពិភាក្សាដោយមានការចូលរួមមតិយោបល់ពីភាគីពាក់ព័ន្ធ អង្គប្រជុំអាចកំណត់បាននូវបញ្ហាពាក់ព័ន្ធ ដោយបានពិនិត្យសម្រេច និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តជំរុញការងារអនុវត្ត ៤ ចំណុច។
ការងារដែលត្រូវអនុវត្តទាំងនោះរួមមាន ១ ក្រុមហ៊ុនសាងសង់ ត្រូវអនុវត្តការងារជួសជុល និងថែទាំផ្លូវឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា ដើម្បីធានានូវសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ទៅមក ចៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗ ២ ក្រុមហ៊ុនសាងសង់ ត្រូវអនុវត្តការងារទាំងឡាយស្របតាមទំហំការងារ ដែលមានចែងក្នុងកិច្ចសន្យាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ៣ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសត្រូវធ្វើការពិនិត្យលើតម្លៃនៃទំហំការងារបន្ថែមពិតប្រាកដ និងដាក់ជូនមកអង្គភាពគ្រប់គ្រងគម្រោង (PMU) ឱ្យបានរួចរាល់ត្រឹមចុងសប្ដាហ៍នេះ និង៤ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ឱ្យបានរួចរាល់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ផងដែរ។
លោក ហេង រត្នពិសិដ្ឋ ក៏បានជំរុញឱ្យមានការរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ដើម្បីឱ្យគម្រោងអាចអនុវត្តបញ្ចប់ទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សូមជម្រាបថា គម្រោងកំណាត់ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ នេះ បានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ដែលគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ ២០២២ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលបញ្ចប់ការសាងសង់ ដោយសារជួបបញ្ហាមួយចំនួន៕