សៀមរាបៈ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​វ៉ារិន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​ ១៨ ខែសីហា បាន​ធ្វើការ​ប្រគល់​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ចំនួន​ ២ ​គ្រាប់​ទៅ​អាជ្ញាធរ​កម្ចាត់មីន​កម្ពុជា​។ នេះ​បើ​យោងតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នា​ថ្ងៃទី​ ១៩ ខែ​សីហា បាន​ដកស្រង់​សម្ដី​លោក រៀម រតនា នាយការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល​ថា សំណល់​ជាតិ​ផ្ទុះ​ដែល​ប្រគល់​ឱ្យ​នាពេល​នោះ​រួមមាន គ្រាប់​ត្បាល់ (Mortar) ទំហំ​ ៨២ ​មិលីលម៉ែត្រ​ ១​ គ្រាប់ និង​ប្រភេទ​គ្រាប់បែកដៃ (Grenade) ១ ​គ្រាប់​។

គេហទំព័រ​ដដែល​បញ្ជាក់​ថា សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ២ ​គ្រាប់​នេះ​ត្រូវបាន​ប្រគល់​ឱ្យ​អង្គការ​ដោះមីន​កម្ពុជា​យក​ទៅ​ធ្វើការ​កម្ទេច​ចោល​ដោយ​សុវត្ថិភាព នៅ​ចំណុច​ដីចម្ការ ស្ថិត​ក្នុង​ភូមិ​រំដួល ឃុំ​វ៉ារិន ស្រុក​វ៉ារិន​៕