សៀមរាបៈ ក្រុមការងារ​តម្រង់ទិស ប្រកាស​បើក​យុទ្ធនាការ​ចុះ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នក​កាន់កាប់​ក្បាលដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី ១៨ សីហា​តទៅ។​

​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី ១៧ ខែសីហា ក្រុម​ការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា សំណង់​ខុសច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការ​គ្រប់គ្រង របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​លោក ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន បាន​ប្រកាស​បើក​យុទ្ធនាការ​ចុះ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នក​កាន់កាប់​ក្បាលដី និង​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ដែល​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃទី ១៨ ខែ​សីហា ឆ្នាំ ២០២២ តទៅ។​

​បើតាម​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា យុទ្ធនា​ការ​ចុះ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ អ្នក​កាន់កាប់​ក្បាលដី និង​សំណង់​ខុសច្បាប់ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក ជា សុផារ៉ា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ដោយ​រដ្ឋបាល​ខេត្ត​សៀមរាប ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ក្រុម​ការងារ​បច្ចេកទេស​ទាំង ៣២ ក្រុម មក​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ប្រមាណ​ជិត ៧០០ នាក់។

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី ២០ ខែ​កក្កដា ឆ្នាំ ២០២២ កន្លង​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល បាន​សម្រេច​បង្កើត​សមាសភាព​ក្រុម​ការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុស​ច្បាប់ និង​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការ​គ្រប់គ្រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​សមាសភាព​មក​ពី​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​មាន ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ផែនការ អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​ផង ដើម្បី​អនុវត្ត​ដោះស្រាយ​បញ្ហា​សំណង់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ ឱ្យ​មាន​ប្រសិទ្ធភាព និង​ស្ថិរភាព៕​