ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មូលនិធិ​អភិវឌ្ឍន៍​មូលធន​នៃ​អង្គការ​សហ​ប្រជាជាតិ (UNCDF) កាលពី​ថ្ងៃទី ១៨ ខែ​សីហា បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រយៈពេល ៣ ឆ្នាំ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព គាំទ្រ​ដល់​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP) និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ។​

MoU នេះ​ក៏មាន​គោលបំណង​គាំទ្រ​ដល់​ការរៀបចំ​អភិវឌ្ឍ​គម្រោង PPP និង​គាំទ្រ​ដល់​ការ​រៀបចំ​បង្កើត​យន្តការ គាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង PPP។​

MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Preeti Sinha អគ្គលេខាធិការ UNCDF ដើម្បី​បំពេញ​បន្ថែម​នូវ​ក្របខ័ណ្ឌ និង​កិច្ចសហ​ប្រតិបត្តិការ​ដែល​ស្ថាប័ន​ទាំង ២ បាន​ឯកភាព​គ្នា តាមរយៈ MoU ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ ២០១៩។

​លោក ផាន់ ផល្លា ថ្លែង​ក្នុង​ពិធី​ចុះ MoU នេះ​ថា ក្រោម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​ជំងឺ​កូវីដ ១៩ តាម​គន្លង​ប្រក្រតី​ថ្មី​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣ រដ្ឋាភិបាល​បាន​ដាក់​ចេញ​មធ្យោបាយ​គាំទ្រ​ការ​អនុវត្ត​វិធានការ​គោល​នយោបាយ​សំខាន់ៗ​មួយចំនួន ដោយ​ក្នុងនោះ​រួមមាន​ការ​ប្រើប្រាស់​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន។​

​លោក​ថ្លែងថា បន្ទាប់ពី​ច្បាប់​ស្តីពី PPP ត្រូវបាន​ប្រកាស​ឱ្យប្រើ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២១ រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិ​ការរួម (SOP) សម្រាប់​ការរៀបចំ​អភិវឌ្ឍ និង​គ្រប់គ្រង​គម្រោង​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន​នាពេល​ឆាប់ៗ​នេះ។

​លោក ផាន់ ផល្លា​បន្តថា​៖ «​ផ្អែកលើ​មូលដ្ឋាន​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង UNCDF នឹង​បន្ត​កិច្ច​សហការ​លើ​ការគាំទ្រ​ក្នុងការ​រៀបចំ​បញ្ជី​សំណើ​គម្រោង​វិនិយោគ​សាធារណៈ តាម​យន្តការ PPP ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា»។

​លោក​ស្នើឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ចូលរួម និង​ផ្តល់​កិច្ច​សហការ​លើ​ការ​រៀបចំ​សំណើ​គម្រោង​វិនិយោគ​សាធារណៈ ដែល​មាន​សក្តានុពល​អនុវត្ត​តាម​យន្តការ PPP​។​

​លោក ផាន់ ផល្លា បាន​ថ្លែងអំណរគុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​របស់ UNCDF ក្នុង​បរិការណ៍​បច្ចុប្បន្ន​នេះ ដើម្បី​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​នៅ​កម្ពុជា និង​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​អភិវឌ្ឍ​គម្រោង​វិនិយោគ​សាធារណៈ តាម​យន្តការ PPP៕​