ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​ព្រឹត្តិការណ៍​ជិះកង់​នៅ​ថ្ងៃស្អែក​នេះ​ក្នុង​ឱកាស “​ទិវា​យុវជន​អន្តរជាតិ​ឆ្នាំ ​២០២២” ក្រោម​ប្រធានបទ " ​ជិះ​កង់​ដើម្បី​ការងារ​សមរម្យ និង​បរិយាបន្ន​ សម្រាប់​យុវជន​មាន​ពិការភាព​។

ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​សៅរ៍ ទី​ ២០​ ខែសីហា ឆ្នាំ​ ២០២២ ដោយ​ចាប់​ផ្តើមចេញពី​គោលដៅ​នៅ​សាល​មហា​ស្រព​កោះពេជ្រ​។

ព្រឹត្តិការណ៍​ជិះកង់​នេះ ចែកចេញ​ជា​បី​ប្រភេទ សម្រាប់​អ្នកជិះ​កង់​ចម្ងាយ​ ១ ​គីឡូម៉ែត្រ ចម្ងាយ ២០ គីឡូម៉ែត្រ និង​ចម្ងាយ ៣៥ គីឡូ​ម៉ែត្រ​។

យោង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹងថា អ្នកជិះ​កង់​ទាំងអស់​ត្រូវគោរព​តាម​បទបញ្ជា​ផ្ទៃក្នុង ដែល​បាន​កំណត់​ត្រូវ​មកដល់​សាល​មហោស្រព​កោះពេជ្រ នៅ​ម៉ោង ៥៖០០ នាទី​ព្រឹក ជា​កំហិត ហើយ​នៅវេលា​ម៉ោង ៥:៣០ នាទី​ព្រឹក​ចេញ​ដំណើរ​តាម​ទៅ​គោលដៅ​កម្មវិធី​បាន​កំណត់​។

ពេល​កំពុង​ធ្វើដំណើរ​ត្រូវ​ជិះ​ដោយ​ស្មារតី​ទទួល​ខុសត្រូវ និង​មាន​សណ្តាប់ធ្នាប់ ត្រូវ​ជិះ​ជា​ជួរ មិនត្រូវ​ជិះ​វ៉ា ឬ​ជែង​គ្នា​ក្នុង​ស្ថានភាព​មិន​អំណោយផល ត្រូវ​ជិះ​តាម​ស្លាក​សញ្ញា​ទិសដៅ ដែល​ក្រុម​ការងារ​បានដាក់​បង្ហាញ​ និង​ជិះ​តាម​អ្នក​នាំ​ក្បួន​ជាដាច់ខាត ត្រូវ​ប្រកាន់​ខាងស្តាំ​គំនូស​ទ្រូងផ្លូវ​ជានិច្ច និង​ត្រូវ​ថែរក្សា​សុខភាព សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។

សេចក្តី​ជូនដំណឹង​បន្តថា ករណី​មាន​បញ្ហា​សុខភាព ឬ​ជួប​ឧបទ្ទវហេតុ ឬ​ជួប​គ្រោះថ្នាក់​ណាមួយ ក្នុងពេល​កំពុង​ជិះ​ក្នុង​ក្បួន​ត្រូវ​ឈប់ និង​ទាក់ទង​មក​ក្រុមការងារ​សង្គ្រោះបន្ទាន់​ភ្លាមៗ ហើយ​ករណី​មិនអាច​បន្តដំណើរ​ទៅមុខ​បាន ត្រូវ​រាយការណ៍​បន្ទាន់ ដោយ​ក្រុម​ការងារ​សម្រប​សម្រួល​មាន​រថយន្ត​សម្រាប់​ដឹកជញ្ជូន​មក​គោលដៅ​ចុងក្រោយ​មុន​។

ដោយឡែក ចំពោះ​អ្នកជិះ​កង់​ចម្ងាយ​ផ្លូវ ១ ​គីឡូម៉ែត្រ​ត្រូវ​មក​ជួបជុំ​គ្នា​នៅ​ម៉ោង ៧៖៣០ ​នាទី​ព្រឹក​នៅ​ខាងមុខ​ទីតាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​កោះពេជ្រ​៕