ពោធិ៍សាត់ៈ មនុស្ស ២ នាក់ បាន​រងរបួស ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​តូប​លក់​អីវ៉ាន់​ចាប់​ហួយ ១ កន្លែង នៅ​ចំណុច​ភូមិ​ថ្នល់ជប៉ុន សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ កាល​ពី​វេលា​ម៉ោង​ជាង ៧ យប់ ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី ១៩ សីហា។

យោង​តាម​របាយការណ៍​របស់ លោក​វរសេនីយ៍ទោ សុខ មេសា អធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់​ភ្លើង​ឆេះ​តូប​លក់​អីវ៉ាន់​ខាង​លើ ដោយ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០២ គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន។

លោក​អធិការ​រង​បាន​បន្ត​ថា ករណី​នេះ បាន​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ចំនួន ០២ នាក់ ទី១ ឈ្មោះ សន ជី ភេទ​ស្រី អាយុ ៧៤ ឆ្នាំ រង​របួស​ស្រាល ទី២ ឈ្មោះ មាន រក្សា ភេទ​ស្រី អាយុ ២៣ ឆ្នាំ រង​របួស​ស្រាល អ្នក​ទាំង ២ រស់នៅ​ក្នុង​ភូមិ-សង្កាត់ កើត​ហេតុ​ខាង​លើ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត​សង្គ្រោះ​ដឹក​ជូន​ពួក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់។ សម្ភារ​ខូចខាត​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​រួម​មាន តូប​លក់​អីវ៉ាន់ ០១ ខ្នង ទំហំ ៤ ម៉ែត្រ × ៦ ម៉ែត្រ ធ្វើ​ពី​ឈើ ដំបូល​ប្រក់​ស័ង្កសី និង​សម្ភារ​ចាប់​ហួយ​មួយ​ចំនួន​ទៀត។

មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​នេះ គឺ​មក​ពី​ជន​រងគ្រោះ​បាន​ដាំបាយ​ចង្រ្កាន​ហ្គាស នៅ​ក្នុង​តូប​លក់​អីវ៉ាន់ ហើយ​ក៏​បាន​ឆាបឆេះ​ដប​សាំង​ដែល​នៅ​ក្បែរ​នោះ ទើប​បង្ក​ជា​អគ្គិភ័យ​ឆាប​ឆេះ​កើត​ឡើង៕