សៀមរាបៈ ក្រុម​ការងារ​បច្ចេកទេស​ទាំង​ ៣២ ​ក្រុម​មកពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ព្រមទាំង​រដ្ឋបាលខេត្ត​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​មូលដ្ឋាន កំពុង​ចុះ​ពិនិត្យ​យ៉ាងសកម្ម ដើម្បី​វាស់វែង​កំណត់​និយាមកា​ក្បាលដី អត្តសញ្ញាណ​ដីធ្លី​ក្នុង​រមណីយដ្ឋាន​អង្គរ នៅ​តាម​សង្កាត់ និង​ភូមិ​ជាច្រើន​ក្នុង​ក្រុង​សៀមរាប​នៅ​ថ្ងៃទី​ ១៩ សីហា ២០២២​។

បើ​យោងតាម​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា សកម្មភាព​របស់​ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​មួយចំនួន​ទៀត ដែល​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ​កំពុង​ចុះ​ពិនិត្យ​យ៉ាង​សកម្ម ដើម្បី​វាស់វែង​កំណត់​និយាមកា​ក្បាលដី អត្តសញ្ញាណ​ដីធ្លី ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ស្ថិត​ក្នុង​តំបន់ ​១ និង​តំបន់​ ២ ក្នុង​រមណីយដ្ឋាន​អង្គរ​នៅក្នុង​ភូមិសាស្ត្រ​ទាំង ​៥ ​សង្កាត់ មាន​សង្កាត់​នគរធំ សង្កាត់​គោកចក សង្កាត់​ស្លរក្រាម និង​សង្កាត់​ទឹកវិល ទូទាំង​ក្រុង​សៀមរាប​។

ការចុះវាស់វែង​ដីធ្លី​របស់​ក្រុម​ការងារ​ចម្រុះ​ទាំង​ ៣២ ​ក្រុម​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា សំណង់​ខុសច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត​ស្ថិតក្រោម ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​លោក ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​ប្រធាន​បាន​បើក​កិច្ចប្រជុំ និង​ប្រកាស​បើក​យុទ្ធនាការ​ចុះ​វាស់វែង កាលពី​ថ្ងៃ​ ១៧ ​សីហា​៕