​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ណែនាំ​ដល់​ក្រុមការងារ​អន្តរក្រសួង និង​ស្ថាប័ន​ដែលជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហៅ​កាត់ គ​.​ជ​.​ប​.​ជ ត្រូវ​តាមដាន​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​ដែល​អាចពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស​ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​។​

​ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង ស្ថាប័ន​ទាំង ​៦ និង​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ប្រចាំឆមាស​ទី​១ ឆ្នាំ​ ២០២២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​ ១៩ ខែសីហា​នេះ​។​

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​ប​.​ជ អគ្គស្នងការ​នគរបាល​ជាតិ និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ស ខេង បាន​គូសបញ្ជាក់​អំពី​ចំណុច​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ក្នុង​តំបន់ និង​អន្តរជាតិ​។ លោក ក៏បាន​លើកឡើង​អំពី​ទំនាក់ទំនង​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រវាង​ក​ម្ពុ​ជា និង​អាមេរិក និង​បាន​ណែ​នាំឱ្យ​តាមដាន​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​ដែល​អាចពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស​ដើម្បី​មាន​វិធាន​ការបង្ការ ទប់ស្កាត់ បង្ក្រាប និង​បំភ្លឺ​។​

​លោក​ថា​៖​​ «​បើទោះបីជា​លទ្ធផល​បានសម្រេច​កិច្ចការ​ជាច្រើន​ហើយក៏​ដោយ ក៏​នៅតែមាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្ត​រួមគ្នា​ដោះស្រាយ​»​។

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​ប​.​ជ បានឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ​នេះ ស្ថាប័ន​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ មន្ទីរ​ពាក់ព័ន្ធ បាន​សហការ​ជាមួយ​អង្គការ​ដៃគូ ផ្សព្វផ្សាយ​ស្ដីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព សរុប​ចំនួន ៥២ ៨០២ លើក មាន​អ្នកចូលរួម​ជាង ២​ លាន ៣០ ​ម៉ឺន​នាក់ បាន​កើនឡើង​ជាង ៣​ម៉ឺន​នាក់​ធៀប​នឹង​ឆ្នាំ​ ២០២១​។​

​លោកស្រីបានឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ​នេះ សមត្ថកិច្ច​បាន​តាមដាន​ស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ចំនួន ៧៤ ករណី ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​សាលាដំបូង​ចំនួន​៨៣​នាក់ អនីតិជន​៧​នាក់ ក្នុងនោះ​ជនសង្ស័យ​ជា​ជនបរទេស​មាន ​១២ ​នាក់ ស្មើ​ ៤​ សញ្ជាតិ​។

​លោកស្រី​បន្តថា ជាមួយគ្នា​នោះ សមត្ថកិច្ច ក៏បាន​សង្គ្រោះ​ជនរងគ្រោះ​ ១៥៦ ​នាក់ ក្នុងនោះ​ស្រី​ ១០៥​ នាក់ អាយុ​ក្រោម ​១៥ ​ឆ្នាំ​ ៦០ ​នាក់​៕​