ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បញ្ជាក់​ថា ក្រសួង​វប្បធម៌​នឹង​រៀបចំ​មហោស្រព​ល្ខោនបាសាក់​ទូទាំង​ប្រទេស​ឆ្នាំ​ ២០២២ ចំនួន​ ២​ ថ្ងៃ​គឺ នៅ​ថ្ងៃទី​ ៣-៤ ខែតុលា នៅ​សាល​មហោស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព រាជធានី​ភ្នំពេញ​ ដើម្បី​លើក​ទឹកចិត្ត​ដល់​សិល្បករ​ល្ខោនបាសាក់​ឱ្យ​មាន​សកម្មភាព​ផុសផុល​ឡើងវិញ​។

លោកស្រី​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ១៥ ខែសីហា ថា ព្រឹត្តិការណ៍​វប្បធម៌​នេះ​មាន​គោលបំណង​ ដើម្បី​ចូលរួម​ថែរក្សា លើកស្ទួយ និង​អភិរក្ស​តម្លៃ​សិល្បៈ​វប្បធម៌​ប្រពៃណី​ជាតិ និង​អត្តសញ្ញាណ​ជាតិ​សំដៅ​រួមចំណែក​អភិវឌ្ឍ​សង្គម និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​។

រដ្ឋមន្ត្រី​រូបនេះ​បាន​ជំរុញ​ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី ខេត្ត អង្គការ សមាគម​សិល្បៈ​មហាជន​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​គ្រប់​មជ្ឈដ្ឋាន​មហាជន​ ដើម្បី​ឱ្យ​សិល្បករ​ដែលមាន​ជំនាញ និង​ទេពកោសល្យ​លើ​ទម្រង់​ល្ខោនបាសាក់ ចូលរួម​ប្រឡង​ក្នុង​មហោស្រព​នេះ​ ដើម្បី​ថែរក្សា ការពារ​លើកស្ទួយ និង​ផ្សព្វផ្សាយ​នូវ​ទម្រង់​ល្ខោនបាសាក់​។

ក្រសួង​ក៏​នឹង​ដំណើរ​ការប្រឡង​ជ្រើសរើស​ក្រុម​ល្ខោនបាសាក់​ចូលរួម​ប្រកួត​នៅក្នុង​មហោស្រព​ល្ខោនបាសាក់​ទូទាំង​ប្រទេស​ឆ្នាំ​ ២០២២ នេះ​ផងដែរ ដោយ​ជយលាភី​លេខ​ ១ ​នឹង​ទទួល​បាន​ពានមាស ​១ អមដោយ​ទឹកប្រាក់ ជយលាភី​លេខ​ ២ ​នឹង​ទទួល​បាន​ពានប្រាក់​ ១ អមដោយ​ទឹកប្រាក់ និង​ជយលាភី​លេខ ​៣ ​នឹង​ទទួល​បាន​ពានសំរិទ្ធ ​១ អមដោយ​ទឹកប្រាក់​៕