ខេត្តកំពង់ធំ​: លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​ ១៩ ​សីហា​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​តាម​ដង​ស្ទឹងសែន ដែល​កំពុង​ហក់​ឡើង​ខ្លាំង ស្ថិតនៅក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ដើម្បី​ត្រៀមលក្ខណៈ​ជួយ​ប្រជាពលរដ្ឋ​នៅពេល​ជួប​ហានិភ័យ ឱ្យបាន​ទាន់ពេលវេលា​។

​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តកំពង់ធំ បាន​ចុះផ្សាយ​ថា នៅក្នុង​ឱកាស​នោះដែរ លោក ងួន រតនៈ ថ្លែងថា ថ្មីៗ​នេះ​ទឹក​នៅតាម​ដងស្ទឹង​សែន គឺមាន​ការ​ហក់​ឡើង​ខ្ពស់ រហូតដល់​មានការ​ប្រកាសអាសន្ន ដែល​បានធ្វើឱ្យ​ប៉ះពាល់​ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះសម្បែង​មួយចំនួន​របស់​ប្រជាពលរដ្ឋ​។

​ទន្ទឹមនឹងនោះ លោក​អភិបាលខេត្តក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ហក់​ឡើង​នៃ​ទឹកជំនន់​នៅពេលនេះ ជាពិសេសត្រូវ​មើលថែ​ក្មេងៗ​ឱ្យបាន​ល្អ ដើម្បី​ចៀស​ផុតពី​ការ​លង់ទឹក និង​ឆ្លង​ចរន្តអគ្គិសនី ក៏ដូចជា​ការការពារ​ពី​សត្វ​អាសិរពិស​នានា​ខាំ​ ឬ​ទិច​។​

​ជាមួយគ្នានេះ លោក​ក៏បាន​ជំ​រុញឱ្យ​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្ត​តាមដាន​នូវ​ស្ថានភាព​ទឹកជំនន់​បន្តទៀត ដើម្បី​ងាយស្រួល​ក្នុងការ​ត្រៀមខ្លួន​ចុះជួយ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​៕​