ភ្នំពេញៈ លោក ស ខេង ស្នើ​ចក្រភព​អង់គ្លេស​គាំទ្រ​បន្ថែមទៀត​លើ​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ខណៈ​ធនធានមនុស្សរ​បស់​កងកម្លាំង​នគរបាល​កម្ពុជា​លើ​វិស័យនេះ​នៅមានកម្រិត​នៅឡើយ​។​

​លោក​ស្នើ​ដូច្នេះ​ក្នុងជំនួប​កាលពី​ថ្ងៃទី​ ១៨ ខែសីហា ជាមួយ​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ក្នុងឱកាស​លោកស្រី​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​កម្ពុជា​។​

​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា លោកស្រី​ថ្លែងអំណរគុណ​លោក ស ខេង និង​អង្គភាព​ពាក់ព័ន្ធ​ចំណុះឱ្យ​ក្រសួងមហាផ្ទៃ ដែល​តែង​ផ្ដល់នូវ​កិច្ចសហការ​គាំទ្រ​ដល់​ពលរដ្ឋ​អង់គ្លេស​ដែល​ជួបប្រទះ​ការលំបាក​ផ្សេងៗ​នៅ​កម្ពុជា ជាពិសេស​ជួយ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​បញ្ហា​នឹង​ការងារ​អន្តោប្រវេសន៍ និង​ការជួយ​សម្រួល​ឱ្យ​ផ្នែក​កុងស៊ុល​របស់​ស្ថានទូត​អង់គ្លេស បាន​ជួប​ប្រាស្រ័យ​ជាមួយ​ជនជាតិ​អង់គ្លេស​ដែល​ជាប់ឃុំ​នៅតាម​បណ្ដា​ពន្ធនាគារ​របស់​កម្ពុជា​។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ដដែល លោកស្រី Tina Redshaw ក៏បាន​ប្រា​ប់លោក ស ខេង ផងដែរ​អំពី​វេទិកា​អន្តរ​ភាគី​នានា ក៏ដូចជា​កម្មវិធី​មួយចំនួនទៀត​ដែល​បានផ្តល់​នូវ​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​ផងដែរ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការលើកកម្ពស់​ធនធាន​មនុស្ស​ក្នុង​វិស័យ​នគរបាលជាតិ​ដែល​កម្មវិធី ក៏ដូចជា​វេទិកា​ទាំងនោះ មានការ​គាំទ្រ​ពី​ចក្រភព​អង់គ្លេស​។

​លោក ស ខេង បាន​ថ្លែងអំណរគុណ​លោកស្រី​ចំពោះ​ការគាំទ្រ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នា​នា​លើ​វិស័យ​ពាក់ព័ន្ធ​ជាមួយនឹង​ក្រសួងមហាផ្ទៃ​កម្ពុជា ជាពិសេស​លើ​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​កងកម្លាំង​នគរបាលជាតិ​។

​លោក​បាន​ចាត់ទុកថា នេះ​ជា​កិច្ចការ​មួយ​ដ៏​មាន​សារៈសំខាន់ ខណៈ​ក្រសួងមហាផ្ទៃ​កំពុងតែ​ខិតខំ​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នគរបាលជាតិ​ជា​មន្ត្រី​បម្រើសេវា​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា​៖ «​សម្តេច​ពិតជា​គាំទ្រ និង​បន្ត​លើកទឹកចិត្ត​ឱ្យមាន​ការគាំទ្រ​បន្ថែមទៀត​ពី​ចក្រភព​អង់គ្លេស ជាពិសេស​លើ​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​ក៏​ជា​កិច្ចការ​មាន​សារៈសំខាន់ ខណៈ​ធនធានមនុស្ស​លើ​វិស័យនេះ​របស់​កងកម្លាំង​នគរបាល​កម្ពុជា​នៅមានកម្រិត​នៅឡើយ​»​។

​លោក ស ខេង ថ្លែងថា ការលើកកម្ពស់​គុណភាព​ធនធានមនុស្ស​ក្នុង​វិស័យ​នគរបាលជាតិ ក៏​ជាការ​រួមចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការចូលរួម​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​។ កិច្ចការ​នេះ​ក៏​ជា​កិច្ចការ​សំខាន់ និង​មិនអាច​ប្រទេស​ណាមួយ​ធ្វើ​តែម្នាក់ឯង​បាន​នោះទេ ដែល​ពិតជា​ទាមទារ​ឱ្យមាន​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​នានា​នៅក្នុង​តំបន់ និង​សកលលោក​។​

​លោក​ថ្លែងថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​ នៅតែ​បន្ត​យ៉ាង​ល្អប្រសើរ​ជាមួយគ្នា ហើយ​លោក​ប្តេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ ដើម្បី​រួមចំណែក​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ប្រទេស​ទាំង ​២ ហើយនឹង​បន្ត​ធ្វើការ​បន្ថែមទៀត​ជាមួយ​ឯកអគ្គរាជទូត​អង់គ្លេស​ថ្មី​ប្រចាំ​កម្ពុជា ​ដែល​ត្រូវ​បន្ត​អាណត្តិ​ការទូត​ពី​លោកស្រី​៕​