អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន នៅ​ថ្ងៃទី​ ១៩ ខែសីហា​នេះ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ផ្សព្វផ្សាយ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ​ណា​ដែល​ស្ថិតនៅក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ជូន​កម្មករ​កម្មការិនី​រោងចក្រ Hing Lee (Cambodia) Co,Ltd ប្រមាណ ៣០០ ​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិតត្រាំង ស្ថិត​នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​។

លោក គួច ចំរើន បាន​ថ្លែង​ថា ការផ្សព្វផ្សាយ​នាពេល​នេះ ក្នុង​គោលបំណង​ឱ្យ​បងប្អូន​កម្មករ កម្មការិនី​មាន​ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​អត្ថប្រយោជន៍ និង​ការទាមទារ​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម ស្រប​ពេល​ដែល​កម្ពុជា​ទទួល​បាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ដែល​ជា​សកម្មភាព​របស់​បងប្អូន​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ផុលផុស​។

លោក​ថា​៖ «​ការទទួល​បាន​អត្ថប្រយោជន៍​ពី​រាជរដ្ឋាភិបាល​បាននិង​កំពុង​តែ​គិតគូរ​ជូន​ដល់​កម្មករ កម្មការិនី​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស​នៅ​ទូទាំង​ប្រទេស ហើយ​កន្លងមក​ក៏មាន​កម្មករ កម្មការិនី​របស់​យើង​បាន​ទទួល​នូវ​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម​ផ្នែក​គ្រោះថ្នាក់​ការងារ និង​ថែទាំង​សុខភាព​ផងដែរ​»​។

ជាមួយ​គ្នា​នេះដែរ​លោក​អំពាវនាវ​ឱ្យ​បងប្អូន​កម្មករ​កម្មការិនី​ត្រូវ​សិក្សា​ឈ្វេងយល់​ពី​របប​សន្តិសុខ​សង្គម ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

លោក​បន្តថា អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពី​របប​សន្តិសុខ​សង្គម​មាន​ចំនួន​ ៣ ទី​ ១ របប​សន្តិសុខ​សង្គម ផ្នែក​គ្រោះថ្នាក់​ការងារ​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០០៨ ទី​ ២ របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០១៦ និង​ទី​ ៣ របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែ ​កក្កដា ឆ្នាំ​ ២០២២ ​ថ្មីៗ​នេះ​។

លោក យ៉ូវ ខេមរ៉ា ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជា្ជជីវ:​ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ពី​សកម្មភាព​ការងារ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិតត្រាំង ស្រុក​ព្រៃនប់ ដែល​មាន​រោងចក្រ សហគ្រាស​បាន​ចុះបញ្ជី​ចំនួន​ ២១២ ដែលមាន​កម្មករ​សរុប​ចំនួន ២៥០៤៦ ​នាក់ ស្រី ១៣ ៤៤៨ ​នាក់​៕