ស្វាយរៀងៈ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី​ ១៩ ខែសីហា​នេះ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន ៩ ​នាក់ ដែល​ជាប់​ទាក់ទិន​ក្នុង​ករណី​ជួញដូរ​ផ្តល់​ទីតាំង​ជួយ​សម្រួល​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ រួមជាមួយ​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត​ស្វាយរៀង​ ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ កឹង ឃន ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ ត្រី កែវ សុថា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ឯក កាន កេន នាយការិយាល័យ លោក​វរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការ​នគរបាល​ក្រុង​បាវិត ដោយ​មាន​ការដឹកនាំ​សម្រប​សម្រួល​ផ្ទាល់​ពី​លោក ស៊ន មុន្នី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កាលពី​វេលា​ម៉ោង​ ៣ ទៀបភ្លី ថ្ងៃទី ​១៥ ខែសីហា ឆ្នាំ​ ២០២២ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​បាន​បើក​ប្រតិបត្តិការ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ផ្តល់​និង​ជួយ​សម្រួល ការប្រើប្រាស់​គ្រឿងញៀន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជ្រក​ក្រោម​ស្លាក​យីហោ ម៉ាស្សា​ (MASSAGE THEN THAI) មាន​ទីតាំង​នៅក្នុង​បុរី​សមសួន​ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង ​៩ ​នាក់​នេះ​។

ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង​រួមមាន​ម្ស៉ៅ​ក្រាម​សថ្លា​ (​មេតំហ្វេតា​មីន ០២ ​កញ្ចប់​) ម្ស៉ៅ​ K ១​ កញ្ចប់ ថ្នាំ​គ្រាប់​ពណ៌​កាហ្វេ ០៤ ​គ្រាប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន ០១ ​គ្រឿង ចាន​សម្រាប់​ដាក់​ជក់​ និង​ហិត​គ្រឿងញៀន ០៣ ទូរសព្ទ​ដៃ ២១ ​គ្រឿង ព្រមទាំង​សម្ភារ​ឧបករណ៍​ជក់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​៕