អភិបាលរង​ខេត្ត​ព្រះសីហនុ​លោក ឡុង ឌីម៉ង់ អំពាវនាវ​ជាថ្មី​ដល់​អ្នក​ជក់បារី ឬ​បារី​អេឡិចត្រូនិក និង​អាជីវករ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ចូលរួម​កាត់បន្ថយ ឬ​បញ្ឈប់​ការប្រើប្រាស់ ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់ ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ និង​គ្រួសារ ខណៈ​បារី​ប្រភេទ​នេះ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។

ការអំពាវនាវ​នេះ​ធ្វើឡើង​ ខណៈ​លោក ឡុង ឌីម៉ង់ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ស្តីពី "​ការគ្រប់គ្រង​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​" ក្រោម​អធិបតីភាព​លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ក្រុង-​ស្រុក​ទាំង​ ៥ មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​ស្ថាប័ន​ឯកជន​សរុប​ចំនួន ២១ ​រូប​នៅ​សាលប្រជុំ​គណៈ​អភិបាលខេត្ត​កាលពី​ថ្ងៃទី​ ១៨ ខែសីហា​នេះ​។

លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​មាន​ប្រសាសន៍​ថា ទីក្រុង​គ្មាន​ផ្សែង​បារី​មិនមែន​ជា​ទីក្រុង​ដែល​មិនមាន​វត្តមាន​ផ្សែង​បារី​សោះ​នោះទេ ប៉ុន្តែ​គឺជា​ទីក្រុង​ដែល​មាន​ការអនុវត្ត​តាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ទាក់ទង​នឹង​ការត្រួតពិនិត្យ គ្រប់គ្រង និង​ហាមឃាត់​បាន​ល្អ​។

ជាមួយ​គ្នា​នេះ លោក​ ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​ដល់​អ្នក​ជក់​បារី ឬ​បារី​អេឡិចត្រូនិក និង​អាជីវករ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ សូម​កាត់បន្ថយ ឬ​បញ្ឈប់​ការប្រើប្រាស់ ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់ ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ និង​គ្រួសារ ក៏ដូចជា​កាត់បន្ថយ​ចំណាយ​មិនចាំបាច់​ក្នុង​គ្រួសារ​។

លោក​ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ ក្រុង​ស្រុក សង្កាត់ មន្ទីរជំនាញ​ពាក់ព័ន្ធ និង​កងកម្លាំង​មាន​សមត្ថកិច្ច ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​ការអនុវត្ត​ផ្សព្វផ្សាយ ណែនាំ ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់ និង​ហាមឃាត់​ការជក់បារី​នៅ​តាម​ទីសាធារណៈ ដើម្បី​ការពារ​សុខុមាលភាព​សាធារណៈ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។

កន្លងទៅ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​ការទប់ស្កាត់ ការប្រើប្រាស់​បារី​អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេចន៍ ធី ភី (HTPs) ដោយ​ចាត់ទុក​ថា​បារី​អេឡិចត្រូនិក​ទាំងនេះ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ដូចជា បង្ក​ជំងឺមហារីក បង្កើន​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​សួត​ធ្វើឱ្យ​ខួរក្បាល​មាន​ដំណើរការ​មិន​ប្រក្រតី​ក្នុង​អំឡុងពេល​ប្រើប្រាស់ និង​ប៉ះពាល់​យូរអង្វែង​ដល់​ការលូតលាស់​ខួរក្បាល​របស់​កុមារ​ និង​យុវវ័យ​ជាដើម​៕