ភ្នំពេញៈ លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោក Vahram Kazhoyan ឯកអគ្គរដ្ឋទូត​អាមេនី​ថ្មី​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ប្តេជ្ញា​ពង្រីក​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​សម្រាប់​ផលប្រយោជន៍​ទៅវិញ​ទៅមក​របស់​ប្រជាជន និង​ប្រទេស​ទាំង​ ២​។

ក្នុង​ជំនួប​ជាមួយ​លោក Vahram Kazhoyan នា​ថ្ងៃទី​ ១៩ ខែ​សីហា លោក សាយ ឈុំ មាន​ជំនឿ​ជឿជាក់​ថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោក Vahram Kazhoyan លោក​នឹង​ខិតខំ​លើកកម្ពស់​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ ២ ​ទាំង​ពេល​បច្ចុប្បន្ន និង​ពេលអនាគត​។

ហ្វេសប៊ុក​ព្រឹទ្ធសភា​បាន​ដកស្រង់​សម្ដី​លោក សាយ ឈុំ ថា​៖ «​ព្រឹទ្ធសភា​កម្ពុជា​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​សហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​ស្ថានទូត​អាមេនី ដើម្បី​រួមចំណែក​បន្ត​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​សម្រាប់​ផលប្រយោជន៍​ទៅវិញ​ទៅមក​របស់​ប្រជាជន និង​ប្រទេស​ទាំង​ ២»​។

បើតាម​ហ្វេសប៊ុក​ដដែល លោក Vahram Kazhoyan បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​ប្រទេស​ទាំង​ ២ ហើយ​តាមរយៈ​បេសកកម្ម​ការទូត​របស់​លោក លោក​នឹង​ខិតខំ​ពង្រីក​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​សភា រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២៕