ប្រទេស​កម្ពុជា​បាននិង​កំពុង​សិក្សា​លើ​គម្រោង​សំណើ​រៀបចំ​បង្កើត​ស្ថាប័ន​ហិរញ្ញប្បទាន​អាកាសធាតុ​កម្ពុជា ​ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ដែល​បញ្ចេញ​កាបូន​តិច និង​ឆ្លើយតប​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សំណើ​រៀបចំ​បង្កើត​ស្ថាប័ន​ហិរញ្ញប្បទាន​អាកាសធាតុ​កម្ពុជា (Cambodia Climate Finance Facility) នា​ទីស្តីការ​ក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ ​២០២២​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម តំណាង​ធនាគារជាតិ​កម្ពុជា និង​តំណាង​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

ក្រសួង​បរិស្ថាន​បាន​លើកឡើង​ថា​៖ «​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ ដើម្បី​ពិភាក្សា​ក្នុង​ការ​រៀបចំ​បង្កើត​ស្ថាប័ន​ហិរញ្ញប្បទាន​អាកាសធាតុ​កម្ពុជា និង​ពី​ដំណើរ​នីតិវិធី​ផ្តល់​ហិរញ្ញប្បទាន និង​កម្ចី​ទៅឱ្យ​វិស័យ​ឯកជន​ក្នុង​ការចូលរួម​អនុវត្ត​គម្រោង​បៃតង​នានា និង​គម្រោង​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែល​បញ្ចេញ​កាបូន​តិច ហើយ​ដែល​ធន់​នឹង​អាកាសធាតុ​លើ​វិស័យ​អាទិភាព​រួមមាន ព្រៃឈើ​ និង​ការប្រើប្រាស់​ដី កសិកម្ម ធនធានទឹក ថាមពល​កកើត​ឡើងវិញ ប្រសិទ្ធភាព​ថាមពល និង​ការដឹកជញ្ជូន​ព្រមទាំង​រួមចំណែក គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»​។

ក្នុង​កិច្ចពិភាក្សា​នោះ ក្រុមហ៊ុន Mekong Strategic Partner បានធ្វើ​បទបង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា​ស្តីពី​ការបង្កើត​ស្ថាប័ន​ហិរញ្ញប្បទាន​អាកាសធាតុ​កម្ពុជា និង​បាន​ប្រមូល​ធាតុ​ចូល​ពី​វិស័យ​ឯកជន ជាពិសេស​មតិយោបល់ និង​អនុសាសន៍​ដ៏មាន​សារៈប្រយោជន៍​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ARDB៕