ក្រចេះ: មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​ ១៨ ​សីហា​បាន​ប្រារព្ធ​ពិធី​លែង​កូន​ត្រី និង​ត្រី​មេ​ពូជ​ចំនួន​ ៤​ ម៉ឺន​ក្បាល ចូល​ទៅក្នុង​បឹង​ធម្មជាតិ​ឈ្មោះថា​បឹង​រំអិល ស្ថិតនៅ​ក្នុងភូមិ​កាំពី ឃុំ​សំបុក ស្រុក​ចិត្របុរី ដែលជា​ការអបអរសាទរ​ទិវា​មច្ឆជាតិ​ ១ ​កក្កដា បើទោះបី​ជា​ទិវា​នេះ​បាន​កន្លង​ផុត​ទៅ​ជាង​ ១ ​ខែ​ហើយ​ក្តី​។

បើតាម​ហ្វេសប៊ុក​រដ្ឋបាល​ខេត្តក្រចេះ​ចុះផ្សាយ​នៅ​ថ្ងៃទី ​១៩ ​សីហា​នេះ ពិធី​លែង​កូន​ត្រី​ ៤​ ម៉ឺន​ក្បាល​នេះ ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ប៉ែន លីណាត អភិបាលខេត្ត​ស្តីទី​។

លោក ទ្រី សុភក្តិ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យ​ដឹងថា ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​លោក វ៉ា ថន អភិបាលខេត្ត​ឱ្យ​រៀបចំ​ទិវា​មច្ឆជាតិ​ថ្នាក់​ខេត្ត នៅក្នុង​បឹង​រំអិល ឃុំ​សំបុក ស្រុក​ចិត្របុរី​នេះ ទើប​មាន​ការលែង​កូន​ត្រី​ក្នុង​ស្រុក សរុប​ចំនួន​ ៤ ​ម៉ឺន​ក្បាល និង​ត្រី​មេពូជ​ចំនួន​ ១៥ ​គីឡូក្រាម​។

ត្រី​ដែល​ត្រូវបាន​លែង​ទាំងនេះ រួមមាន ត្រីប្រា ត្រី​ឆ្ពិន ត្រី​កាហែ ត្រី​ក្អែក អន្ទង់ ត្រី​រ៉ស និង​ត្រី​ក្រាញ់ ចូលក្នុង​បឹង​រំអិល ដើម្បី​បង្កើន​ផល​ស្តុក​នៅក្នុង​ធម្មជាតិ​ឱ្យ​កាន់តែ​សម្បូរ​ឡើង​ថែមទៀត សម្រាប់​ប្រើប្រាស់​ក្នុង​សហគមន៍​មូលដ្ឋាន​។

បឹង​រំអិល​នេះ មាន​ទំហំ​ប្រមាណ ​៣២​ ហិកតា និង​មាន​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​ចំនួន ២,៥ ​ហិកតា ដោយមាន​ទឹក​ទាំង​រដូវប្រាំង និង​រដូវវស្សា​។

សហគមន៍​នេសាទ​ក្នុង​តំបន់​នេះ​ត្រូវបាន​រៀបចំ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៩ មាន​សមាជិក​សហគមន៍​សរុប​ចំនួន ២០៧ ​នាក់ ស្មើនឹង​ ១៥៤​ គ្រួសារ និង​បាន​ចុះបញ្ជី​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ប្រកាស​លេខ ៦២៨ ប្រក.កសក នៅ​ឆ្នាំ​ ២០១១ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក ប៉ែន លីណាត មាន​ប្រសាសន៍​ថា៖ «​កំណើន​ប្រជាពលរដ្ឋ​ក៏ដូចជា​កំណើន​ប្រជានេសាទ ដែល​រស់នៅ​ជុំវិញ​បឹង​រំអិល​នេះ​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​បាន​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់​បន្ថែមទៀត ធ្វើឱ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ធនធាន​ជលផល និង​ធនធាន​ធម្មជាតិ​ផ្សេងៗ​ទៀត ដែល​នេះ​នៅតែ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ធ្វើឱ្យ​បានសម្រេច​តាម​ផែនការ​ប្រើប្រាស់​អភិវឌ្ឍ​ធនធាន​ជលផល និង​ធនធាន​ធម្មជាតិ​ដទៃទៀត ប្រកប​ដោយ​ចីរភាព​»​។

លោក​បញ្ជាក់ថា ដោយហេតុ​នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​បាន​រៀបចំ​កម្មវិធី​កំណត់​ទម្រង់ គោលនយោបាយ​វិស័យ​ជលផល​ដ៏ស៊ីជម្រៅ​មួយ​ជា​ប្រវត្តិសាស្ត្រ ដោយ​បាន​លុប​ឡូត៍​នេសាទ​ទាំងអស់ ហើយ​បាន​ប្រគល់​សិទ្ធិអំណាច​ទៅ​ឱ្យ​សហគមន៍​គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ដោយ​ផ្ទាល់ ដែល​បាន​ធ្វើឱ្យ​ប្រជាកសិករ​អាច​មាន​លទ្ធភាព​ចូលរួម​យ៉ាងសកម្ម នៅក្នុង​ការសម្រេច​ចិត្ត និង​រៀបចំ​ផែនការ​កម្មវិធី​អភិវឌ្ឍន៍​នានា​របស់​មូលដ្ឋាន​រៀងៗ​ខ្លួន ហើយ​រួមចំណែក​ទទួល​ខុសត្រូវ និង​ធ្វើជា​ម្ចាស់​លើ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយ​ខ្លួនឯង​។

លោក​អភិបាលខេត្ត​ស្តីទី​បញ្ចាក់​ថា​៖ «​ដូច្នេះ​សូម​បងប្អូន​ប្រជាសហគមន៍ សូម​ចូលរួម​ថែរក្សា​បឹង​នេះ​ឱ្យ​បាន​ល្អ កុំ​ប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ក្នុង​ការធ្វើ​នេសាទ ជាពិសេស​គឺ​ឧបករណ៍​ឆក់ ស្បៃមុង​ជាដើម និង​ខិតខំ​ដាំ​ដើមឈើ​បន្ថែម​»៕