ភ្នំពេញៈ រដ្ឋបាល​ខេត្ត​កំពង់ធំ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ស្ទឹងសែន ខេត្ត​កំពង់ធំ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បីចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ខណៈ​កម្ពស់​ទឹក​ស្ទឹងសែន​ឡើង​ខ្ពស់​ជាង​កម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន។

រដ្ឋបាល​ខេត្តកំពង់ធំ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នា​ថ្ងៃទី​១៩ ខែ​សីហា​ថា កម្ពស់​ទឹក​ស្ទឹងសែន​បាន​ឡើង​ដល់​ចំណុច​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ជាក់ស្តែង នា​ថ្ងៃ​ទី១៨ ខែសីហា កម្ពស់​ទឹក​ស្ទឹងសែន នៅ​ស្ថាន័យ​កំពង់ធំ​មាន​កម្ពស់ ១៣,៥៨ម៉ែត្រ ខ្ពស់​ជាង​កម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន ០,០៨ម៉ែត្រ ដែល​កម្ពស់​ប្រុង​ប្រយ័ត្ន ១៣,៥០ម៉ែត្រ។

រដ្ឋបាល​ខេត្ត​កំពង់ធំ​បន្ត​ថា តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង ធនធានទឹក អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​រហូត​ដល់​ថ្ងៃទី​១៩ ខែ​សីហា បន្តទៀត។

រដ្ឋបាល​ខេត្ត​កំពង់ធំ​បញ្ជាក់​ថា៖ «ក្នុង​ន័យនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹងសែន ក្នុង​ស្រុក​សណ្តាន់ ស្រុក​ប្រាសាទសំបូរ ស្រុក​កំពង់ស្វាយ ក្រុង​ស្ទឹងសែន បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​នឹង​អាច​កើតមាន​ឡើង​ជាយថាហេតុ»។

រដ្ឋបាល​ខេត្ត​កំពង់ធំ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ត្រូវ​យក​ចិត្ត​ទុកដាក់​ត្រៀម​អន្តរាគមន៍ និង​រៀបចំ​ទីទួល​សុវត្ថិភាព​សមរម្យ ហើយ​ក្នុង​ករណី​មាន​ការ​លិចលង់​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ៕