ភ្នំពេញៈ លោក អាប់ឌូឡា សាហ៊ីដ (Abdulla Shahid) ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ (​អ.ស.ប​) លើក​ទី​ ៧៦ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ម៉ាល់ឌីវ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ២១-២២ ខែសីហា​។

ក្រសួង​ការបរទេស​កម្ពុ​ជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ១៩ ខែ​សីហា ថា ក្នុង​អំឡុងពេល​ទស្សនកិច្ច​នេះ លោក អាប់ឌូឡា សាហ៊ីដ នឹង​ជួប​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​ក៏​នឹងមាន​ជំនួប​ជាមួយ​លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ នឹង​សង្កត់ធ្ងន់​អំពី​តួនាទី​ប្រកប​ដោយ​ការស្ថាបនា​របស់​កម្ពុជា​នៅក្នុង អ.ស.ប ជាពិសេស​ក្នុងឋានៈ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ក៏ដូចជា​តួនាទី​របស់​អាស៊ាន និង​ អ.ស.ប ក្នុងការ​ពង្រឹង​ពហុភាគី​និយម ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​សកល​នានា រួមមាន ការប្រែប្រួល​អាកាសធាតុ ការស្តារ​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ជាដើម​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ការធ្វើឱ្យ​តួនាទី​របស់​ អ.ស.ប កាន់តែ​រស់​រវើក និង​ការពង្រឹង​តួនាទី​ភាពជា​ដៃគូ​រវាង​អាស៊ាន អ.ស.ប ក៏​ស្ថិត​ក្នុងចំណោម​ប្រធានបទ​សម្រាប់​កិច្ចពិភាក្សា​ផងដែរ​៕