រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បកស្រាយ​បំភ្លឺ​ជុំវិញ​ការដាក់​បញ្ចូល ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម​នៅ​កម្ពុជា និង​បាន​លើកឡើង​ថា​ការបណ្តុះបណ្តាល​នេះ​មិនមែន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​រដ្ឋ​នោះទេ គឺ​សម្រាប់​បណ្តុះបណ្តាល​ដល់​និស្សិត​កម្ពុជា​ដែល​ទទួលបាន​អាហារូបករណ៍​ត្រៀម​ទៅ​រៀន​នៅ​វៀតណាម និង​អ្នកសិក្សា​ផ្នែក​ឯកទេស​ប៉ុណ្ណោះ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្កើត វិទ្យាសា្ថន​សិក្សា​អន្តរជាតិ និង​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៩ ខែសីហា​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន លើកឡើង​ថា ប្រទេស​វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ទី​ ១ ជាមួយ​កម្ពុជា ដែល​ចំនួន​ការនាំចេញ​នាំចូល​សរុប​ជាង ៥ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ក្នុង​បរិបទ​កូវីដ​ ១៩ ចំនួន​នេះ​ក៏បាន​កើនឡើង​យ៉ាងខ្លាំង​។

លោក​បន្តថា ដូច្នេះ​ការបង្កើត​ដេប៉ាតឺម៉ង​សិក្សា​ភាសា​វៀតណាម ដើម្បី​បណ្តុះបណ្តាល​លើ​មុខ​ជំនាញ​ទាំងនេះ​នឹង​ជួយ​ដល់​ការបង្កើត​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​រស់នៅ​ជាប់​ខេត្ត​ព្រំដែន​តាមរយៈ​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម និង​អ្នក​វិនិយោគិន​វៀតណាម​មក​ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថា​៖ «​ម្យ៉ាងវិញទៀត ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម​នឹង​ជួយ​បណ្តុះបណ្តាល​ភាសា​វៀតណាម​ចំនួន​មួយឆ្នាំ​ដល់​និស្សិត​កម្ពុជា ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ក្នុង​មួយឆ្នាំ​យើង​បញ្ជូន​និស្សិត​ចំនួន ១២០ រូប​ទៅ​រៀន​ពី​ថ្នាក់​បរិញ្ញាបត្រ​រហូត​ដល់​ថ្នាក់បណ្ឌិត​ក្នុង​មួយឆ្នាំ​ហើយ​ភាគច្រើន​អ្នករៀន​ខាង​ផ្នែក​វេជ្ជសាស្ត្រ ក៏ដូចជា​មាន​ការបណ្តុះ​បណ្តាល​កីឡាករ​ផងដែរ​»​។

លោក​បន្តទៀតថា ដោយសារ​កន្លងទៅ និស្សិត​កម្ពុជា​មាន​ការលំបាក​ក្នុង​ការសិក្សា​ជាមួយ​និស្សិត​វៀតណាម ដោយសារ​ពួកគេ​មិនបាន​រៀន​ភាសា​វៀតណាម​ជាមុន ហើយ​រៀន​តែ​ក្នុង​រយៈពេល​តែ​ពីរ​ ឬ​បី​ខែ​រួច​ទៅ​ចូលរៀន​ជាមួយ​នឹង​និស្សិត​វៀតណាម​ ដែល​បង្កើត​ឱ្យ​មាន​ការលំបាក ដូច្នេះ​ការបង្រៀន​ភាសា​វៀតណាម​នៅ​កម្ពុជា​រយៈពេល​មួយឆ្នាំ​នេះ​នឹង​ជួយ​ដល់​ពួកគេ​ផងដែរ​។

ពាក់ព័ន្ធ​ការបារម្ភ​របស់​ប្រជាពលរដ្ឋ​វិញ​លោក​គូសបញ្ជាក់​ថា​៖ «​ចំពោះ​ការបារម្ភ ស្ថានភាព​បច្ចុប្បន្ន និង​ស្ថានភាព​សតវត្សរ៍​ទី​ ១៨ និង ១៩ ខុសគ្នា យើង​ដឹង​ហើយ​ថា​នៅ​សតវត្សរ៍​ទី ១៨ និង ១៩ គឺ ទំនាក់​ទំនង​រវាង​ប្រទេស​ និង​ប្រទេស មិន​ប្រើ​ច្បាប់​អន្តរជាតិ​ទេ គឺ​ប្រើ​កម្លាំង​ជាធំ ប្រទេស​ណា​ខ្លាំង​ដាក់​អាណានិគម​បាន ដូច្នេះ​ក្រោយ​សង្គ្រាម​លោក​លើកទី​ ២ យើង​មានច្បាប់​អន្តរជាតិ​មួយ​ដែល​រឹងមាំ គឺ​អង្គការ​សហប្រជាជាតិ គ្មាន​ប្រទេស​ណាមួយ​អាចដាក់​អាណានិគមនិយម​ទៅលើ​ប្រទេស​ណា​បានទេ ចឹង​ស្ថានភាព​បច្ចុប្បន្ន​ខុសពី​ស្ថានភាព ១០០ ឬ​ ២០០ ឆ្នាំមុន​»​។

លោក ហង់ជួន ណារ៉ុន បន្ត​ទៀត​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ ដូច្នេះ​យើង​បង្កើត​អ្វីមួយ គឺ​មិនមែន​ទៅតាម​សំណើ ឬ​សំណូមពរ​របស់​នរណា​ម្នាក់​ទេ គឺ​ទៅតាម​តម្រូវការ​របស់​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​របស់​យើង ដូច្នេះ​ភាគី​វៀតណាម​មិន​អាច​បង្គាប់បញ្ជា​មកលើ​យើង​ក្នុង​ការធ្វើ​អ្វីមួយ​ទេ ដូច្នេះ​ការបង្កើត​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​គោលនយោបាយ​សាធារណៈ​គឺ​ចង់​លើកកម្ពស់​ការសិក្សា​អន្តរជាតិ គឺ​ការសិក្សា​ពី​អាស៊ាន​ផងដែរ​»​។

លោក​ថា​៖ «​ការសិក្សា​ប្រទេស​អាស៊ាន រួមទាំង​ការសិក្សា​ពី​ប្រទេស​ជិតខាង​ដូចជា​ប្រទេស​ថៃ វៀតណាម និង​ឡាវ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការលើក​កម្ពស់​ពាណិជ្ជកម្ម ការវិនិយោគទុន​ទេសចរណ៍ និង​ការអភិវឌ្ឍ​នៅ​តំបន់​ជាយដែន ដូចជា​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ការអភិវឌ្ឍ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ថៃ និង​ឡាវ​។

លោក​បាន​បន្ថែមថា កម្ពុជា​ក៏​បង្កើត​មជ្ឈមណ្ឌល​ ២ ស្តីពី​ការសិក្សា​អាស៊ាន​ដែរ មួយ​មាន​ទីតាំងនៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​ផ្តោត​ទៅលើ​ការសិក្សា​ផ្នែក​សេដ្ឋកិច្ច​អាស៊ាន និង​មួយទៀត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​សិក្សា​ទូទៅ​។

លោក​បន្តថា ការបង្កើត​ឱ្យ​មាន​ដេប៉ាតឺម៉ង​សិក្សា​ភាសា​វៀតណាម​នេះ​ក៏​នឹង​បណ្តុះបណ្តាល​ផងដែរ​ដល់​អ្នកឯកទេស ដែល​ជា​អ្នកការទូត​ក៏ដូចជា អ្នក​ដែល​ត្រូវ​ទៅ​ធ្វើការ​ផ្នែក​ពាណិជ្ជកម្ម​នៅ​វៀតណាម​ក៏ដូចជា​អ្នក​ធ្វើការ​នៅតាម​ក្រុមហ៊ុន​ឯកជន​ដែល​ប្រើប្រាស់​ភាសា​វៀតណាម​។

លោក​ថា៖ « ពោល​ការបណ្តុះបណ្តាល​ភាសា​វៀតណាម​នេះ​មិនមែន​សម្រាប់​និស្សិត​ ឬ​សិស្ស​ទូទៅ​ទេ គឺ​សម្រាប់​ផ្តោត​ទៅលើ​អ្នកឯកទេស អ្នកការទូត ក៏ដូចជា​និស្សិត​ដែល​ត្រូវ​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម​»​។

លោក​ឱ្យដឹងថា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាននិង​កំពុង​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ខាង​ផ្នែក​ភាសា​អង់គ្លេស បារាំង ជប៉ុន ចិន ថៃ និង​ភាសា​កូរ៉េ​ផងដែរ​។

លោក​បន្តថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់​លម្អិត​ថា ការរៀន​ស្អី​ក៏ដោយ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ត្រូវ​បង់លុយ ដូច្នេះ​ការបណ្តុះបណ្តាល​នេះ ហើយ​កម្ពុជា​នៅក្នុង​កម្មវិធីសិក្សា​របស់​យើង​មានតែ​ ២ ​ទេ​គឺ​អង់គ្លេស និង​បារាំង​»​។

លោក​បន្តទៀតថា បើសិន​ជា​យើង​ចង់ដឹង​ពី​អាស៊ាន​គឺ​ត្រូវ​ដឹង​ពី​សមាជិក​អាស៊ាន​នីមួយៗ​ដែរ ហើយ​ចំណេះដឹង​ទូទៅ​នេះ​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ពិភពលោក​បច្ចុប្បន្ន​ជាជាង​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា​។

លោក​ថា​៖ «​ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​នេះ​មាន​សារៈសំខាន់ ព្រោះ​ប្រវត្តិសាស្ត្រ​ពី​ដើម ចង់តែ​ធ្វើសង្គ្រាម យើង​ដឹង​ហើយ​ថា​នៅក្នុង​របប​លន់នល់​ក្តី ខ្មែរក្រហម​ក្តី សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​មិនមាន​ផលប្រយោជន៍​ទេ ដូច្នេះ​ហើយ​បាន​ជា​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​បាន​ដាក់ចេញ​ជាគោលការណ៍​ច្បាស់លាស់​គឺ​ការ​ប្រែក្លាយ​ព្រំប្រទល់​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​ឱ្យ​ក្លាយ​ទៅជា​ព្រំប្រទល់ សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​នាំមក​នូវ​ការអភិវឌ្ឍ​សម្រាប់​ទាំង​សង​ខាង​»៕