ភ្នំពេញៈ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​កូតគាម «​ភ្នំ​តាម៉ៅ​» នៅ​ថ្ងៃទី​ ១៩ ខែសីហា​នេះ ដើម្បី​ធានា​និរន្តរភាព​នៃ​ការថែរក្សា អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារ​លទ្ធភាព​សត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សា​ស្រាវជ្រាវ និង​សេវា​ទេសចរណ៍​។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ១៩ ខែសីហា​បានឱ្យ​ដឹងថា ការបង្កើត​តំបន់​ថែរក្សា អភិរក្ស​នេះ​មាន​គោលបំណង​៖ ​អភិវឌ្ឍន៍​សួន​ភូតគាម​សាស្ត្រ​ដែលមាន​ពូជឈើ​ប្រណីត និង​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ អភិវឌ្ឍន៍​ជា​តំបន់​គោលដៅ​ទេសចរណ៍​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​។ ផ្តល់​ការថែរក្សា​សង្គ្រោះ​សត្វព្រៃ ព្យាបាល និង​ស្តារ​លទ្ធភាព​សត្វព្រៃ​។

ការធ្វើ​វិបុលកម្ម​សត្វព្រៃ ប្រភេទ​សត្វ និង​រុក្ខជាតិ​កម្រ ជិត​ផុត​ពូជ​ជា​មូលដ្ឋាន​សម្រាប់​ការសិក្សា​ស្រាវជ្រាវ អប់រំ​ផ្សព្វផ្សាយ​អន្តរ​អំពើ​រវាង​មនុស្ស​សត្វព្រៃ និង​ព្រៃឈើ​។ បង្កើត​គម្រប​បៃតង និង​បង្កើន​សោភ័ណភាព​ក្នុង​តំបន់​។ លើកកម្ពស់​ការថែរក្សា​ធនធាន​សេនេទិច​រុក្ខជាតិ សត្វព្រៃ​ និង​ការអភិវឌ្ឍ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​។

មាត្រា​ ៣ នៃ​ព្រះរាជក្រឹត្យ​ចែងថា ឧទ្យាន​សួនសត្វ​ព្រៃ​ការពារ​ និង​សួន​ភូតគាម «​ភ្នំ​តាម៉ៅ​» មាន​ផ្ទៃដី​ទំហំ​សរុប ២០២៥ (​ពីរពាន់​ម្ភៃ​ប្រាំ​) ​ហិកតា ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ស្រុក​បាទី ខេត្ត​តាកែវ​។ ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម “​ភ្នំ​តាម៉ៅ ត្រូវ​បាន​បែងចែក​ជា ៣ ​តំបន់​ដូចខាងក្រោម​៖

១-​ តំបន់​ព្រៃ​ការពារ​សម្រាប់​ស្តារ​លទ្ធភាព​សត្វព្រៃ​ជា​តំបន់​សម្រាប់​ធានា​ការធ្វើ​វិបុលកម្ម​សត្វព្រៃ ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព ដែល​មាន​ផ្ទៃដី​ទំហំ ១ ០២១ (​មួយ​ពាន់ ម្ភៃ​មួយ​) ហិកតា​។

២-​ តំបន់​សួន​ភូតគាម​ឈើ​ប្រណីត​ភ្នំ​តាម៉ៅ​ជា​តំបន់​សម្រាប់​ធានា​ថែរក្សា​កូនឈើ និង​អភិវឌ្ឍ​ជា​សួន ភូតគាម មាន​ពូជឈើ​ប្រណីត និង​សោភ័ណភាព ដែលមាន​ផ្ទៃដី​ទំហំ ៥៣០ (​ប្រាំ​រយ​សាមសិប​) ហិកតា​។

៣-​ តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​ជា​តំបន់​សម្រាប់​ថែរក្សា​សត្វព្រៃ ព្យាបាល សង្គ្រោះ​សត្វព្រៃ អប់រំ​ផ្សព្វផ្សាយ និង​បម្រើ​សេវា​ទេសចរណ៍ ដែល​មាន​ផ្ទៃដី​ទំហំ ៤៧៤ (​បួន​រយ​ចិតសិប​បួន​) ហិកតា​។

ក្នុង​ព្រះរាជក្រឹត្យ​បាន​ឱ្យដឹង​ទៀតថា ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម “​ភ្នំ​តាម៉ៅ​» ត្រូវ​កំណត់ ដោយ​អនុក្រឹត្យ​។

ព្រះរាជក្រឹត្យ​បញ្ជាក់ថា​៖ «​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ភារកិច្ច​គ្រប់គ្រង​តំបន់​ឧទ្យាន​សួនសត្វ​ព្រៃ​ការពារ និង​សួន​ភូតគាម “​ភ្នំ​តាម៉ៅ និង​ត្រូវ​រៀបចំ​ផែនការ​គ្រប់គ្រង​ឧទ្យាន​សួនសត្វ​ព្រៃ​ការពារ និង​សួន​ភូតគាម ភ្នំ​តាម៉ៅ និង​អភិវឌ្ឍន៍​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព​»៕