ខេត្តព្រះសីហនុៈ អាជ្ញាធរខេត្ត​ព្រះសីហនុ​គ្រប់​ជាន់ថ្នាក់​មិន​ដែល​គេចវេះ​ពី​តួនាទី​របស់​ខ្លួន​នោះឡើយ ពោលគឺ​តែង​សហការ​គ្នា​អនុវត្ត​ច្បាប់ និង​បង្ក្រាប​រាល់​បទល្មើស​ដោយ​គ្មាន​ការ​បន្ធូរដៃ​ឡើយ ហើយ​រដ្ឋបាលខេត្ត​សូម​ស្វាគមន៍​គ្រប់ភាគី​ពាក់ព័ន្ធ និង​បណ្តា​ស្ថានទូត​ប្រទេស​នានា​ជា​មិត្ត ក្នុង​ការសហការ​ស្វែងរក​ ឬ​សគល់​នៃ​បទល្មើស ដើម្បី​ឈាន​ទៅ​ដល់​ការបង្ក្រាប​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

នេះ​ជា​ការលើកឡើង​របស់​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ក្នុង​ពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក វិទិត មុតតាបន អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​ ១៩ ខែសីហា​នេះ​។

លោក​ គួច ចំរើន ​ថ្លែងថា​៖ «​អាជ្ញាធរខេត្ត​ព្រះសីហនុ​គ្រប់​ជាន់ថ្នាក់​មិនដែល​គេចវេះ​ពី​តួនាទី​របស់ខ្លួន​នោះឡើយ ពោលគឺ​យើង​សហការ​គ្នា​អនុវត្ត​ច្បាប់ និង​បង្ក្រាប​រាល់​បទល្មើស​ដោយ​គ្មាន​ការបន្ធូរដៃ​ឡើយ​។​ ជាមួយ​គ្នានេះ​រដ្ឋបាលខេត្ត សូម​ស្វាគមន៍ គ្រប់ភាគី​ពាក់ព័ន្ធ និង​បណ្តា​ស្ថានទូត​ប្រទេស​នានា​ជា​មិត្ត ក្នុង​ការសហការ​ស្វែងរក​ ឬ​សគល់​នៃ​បទល្មើស ដើម្បី​ឈាន​ទៅ​ដល់​ការបង្ក្រាប​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

លោក​បាន​ជម្រាប​ជូន​ថា កន្លងមក​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​មាន​លំហូរ​ពលករ​ខុសច្បាប់​ទៅវិញ​ទៅមក ហើយ​មាន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ប្រទេស​ថៃ និង​ក៏មាន​ពលករ​ថៃ​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​តាមរយៈ​ការអូសទាញ​ដោយ​ខុសច្បាប់​។ លោក​ថ្លែងថា​៖ «២០ ​ឆ្នាំមុន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​រង​ការ​ធ្វើទុក្ខបុកម្នេញ ឬ​ជួញដូរ នៅ​ថៃ ម៉ាឡេស៊ី តៃវ៉ាន់ ចិន យើង​ជា​ខ្មែរ​មាន​ការឈឺចាប់​។ ដូច្នេះ​សម្រាប់​នៅ​កម្ពុជា យើង​មិនឱ្យ​ការឈឺចាប់​នេះ​កើតមាន​ទៀត​នោះឡើយ​»​។

បើតាម​លោក​ គួច ចំរើន កន្លងមក​មាន​ការលើក​ឡើង​ថា មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​នៅ​តាម​ទីតាំង​អាជីវកម្ម​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ តែ​ពេល​សមត្ថកិច្ច​ចុះទៅ​ដល់ គឺ​អ្នក​ដែល​តាំងខ្លួន​ជា​ជនរងគ្រោះ​ទាំងនោះ​កំពុង​ធ្វើការ​ជាធម្មតា និង​អ្នក​ខ្លះទៀត​កំពុង​សម្រាក​លេង​ទូរស័ព្ទ​ជាដើម​។ បន្ទាប់ពី​សមត្ថកិច្ច​សួរនាំ គឺ​ពួកគេ​ចង់​ប្តូរ​កន្លែងធ្វើការ ទើប​ប្តឹង​សមត្ថកិច្ច​ថា​មាន​ករណី​ចាប់​បង្ខាំង​។ ហើយ​ករណី​ខ្លះទៀត គឺ​ដើមបណ្តឹង​ជា​អ្នកផ្សេង ដោយសា​ម៉ី​ខ្លួន មិនបាន​ប្តឹង​ឡើយ ហើយក៏​មិនមាន​ករណី​ចាប់​បង្ខាំង​ឡើយ គឺ​ពួកគេ​ស្ម័គ្រចិត្ត​ធ្វើ​ការងារ​ជាធម្មតា​។

ទន្ទឹម​នោះ​ក៏មាន​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ដែល​អាជ្ញាធរ​ខេត្ត​ធ្វើការ​បង្ក្រាបបាន​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ចំនួន ៨៧១ ​គីឡូក្រាម បង្កឡើង​ដោយ​ជនបរទេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ក្រោយ​ស្តាប់​ការពន្យល់​បកស្រាយ​អស់​ជាច្រើន​ម៉ោង​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​បាន​រីករាយ​ស្វាគមន៍​ចំពោះ​ការឆ្លើយតប​នឹង​សំណួរ​របស់​លោក​។ ក្នុងជំនួប​នោះ លោក វិទិត មុតតាបន បាន​លើកឡើង​ថា កិច្ចពិភាក្សា​នេះ​គឺ​បាន​ធ្វើឡើង​ដោយ​ភាពកក់ក្តៅ និង​យោគយល់​គ្នា​ទៅវិញ​ទៅមក​ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស ការជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការបោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​ជាដើម​។ លោក​បន្តថា ដំណើរ​ទស្សនកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ គឺ​ចង់​សិក្សា​ស្វែងយល់​បន្ថែម​ពី​បញ្ហា​ទាំងនេះ ដើម្បី​រៀបចំ​ដាក់​ក្នុង​របាយការណ៍​ការងារ​របស់​លោក​នៅ​ចុងឆ្នាំ​។

លោក វិទិត មុតតាបន សម្តែង​ការគាំទ្រ​ចំពោះ​ដំណើរការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ចង់ដឹង​អំពី​ស្ថានភាព​ទូទៅ​ក្នុង​ខេត្ត​ព្រះសីហនុ ទាក់ទង​នឹង​សិទ្ធិ​មនុស្ស ការជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការបោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​ជាដើម ដើម្បី​រក​វិធី​ដោះស្រាយ​បាន​ទាន់​ពេលវេលា​។

ជាមួយ​គ្នានេះ លោក​ គួច ចំរើន បាន​លើកឡើង​ថា ស្ថានភាព​ជាក់ស្តែង​នៅ​ខេត្ត​ព្រះសីហនុ គឺ​ខុស​ពី​អ្វីដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ផ្សព្វផ្សាយ ដូច្នេះ​លោក​សំណូមពរ​ដល់​ប្រតិភូ​សូម​កត់ត្រា​អ្វី​ដែល​ជា​ការពិត និង​សូម​ជូនពរ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​ជោគជ័យ និង​ភាព​រីករាយ​។

លោក វិទិត មុតតាបន អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្តីពី សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​អំណរគុណ ឯឧត្តម​អភិបាលខេត្ត ដែល​បាន​ឱ្យ​ប្រតិភូ​របស់​លោក​សិក្សា​ឈ្វេងយល់​អំពី​កង្វល់ និង​បញ្ហា​ប្រឈម​នានា ដើម្បី​រក​វិធី​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា ក្នុងនោះ​មាន​ដូចជា​ស្ថានភាព​សិទ្ធិមនុស្ស​, ការបង្ខិតបង្ខំ​ឱ្យ​ប្រព្រឹត្ត​បទល្មើស​, ការជួញដូរ​មនុស្ស​, ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​, ការបោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ និង​ស្ថានភាព​ជនរងគ្រោះ​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ជាដើម​។

លោក គួច ចំរើន បាន​ជម្រាប​ជូន លោក វិទិត មុតតាបន ថា កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាច្រើន​ទាក់ទង​នឹង​សិទ្ធិមនុស្ស ការជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការបោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​ជាដើម ហើយ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង ចំពោះ​បញ្ហា​នេះ​ផងដែរ​។ រាជរដ្ឋាភិបាល​កម្ពុជា មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ប្រឆាំង​អំពើ​ទាំងឡាយ​ណា​ដែល​ល្មើស​នឹង​ច្បាប់​កម្ពុជា និង​បទដ្ឋាន​គតិយុត្ត​នានា​របស់​អន្តរជាតិ​៕