កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​បាន​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ១៥ ឆ្នាំ នៅក្នុង​ភូមិ​តាសែន ឃុំ​សូទិព្វ ស្រុក​ជើងព្រៃ ដោយ​ជោគជ័យ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ កាលពី​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ ២០២២ ​នេះ ក្រោយពី​ប្រជុំ​រក​ដំណោះស្រាយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជាង​ ៣ ​ម៉ោង​។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​ក្រុម​ការងារ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​ទំនាស់​ដីធ្លី និង​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​ទំនាស់ ករណី​ស្នើសុំ​បើកផ្លូវ​ធ្លា ស្ថិត​ក្នុង​ភូមិ​តាសែន ឃុំ​សូទិព្វ ស្រុក​ជើងព្រៃ ដែល​មាន​ភាគី​ដើមបណ្តឹង​ចំនួន ៨ ​គ្រួសារ និង​ភាគី​ចុង​បណ្តឹង ចំនួន ១ ​គ្រួសារ​។

ក្រោម​កិច្ចសម្រុះ​សម្រួល និង​ដោះស្រាយ​ដោយ​ភាពប៉ិនប្រសព្វ​របស់​លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​តាម​នយោបាយ​ឈ្នះ ឈ្នះ របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើឱ្យ​ទំនាស់​រុំារ៉ៃ​ជាង​ ១៥​ ឆ្នាំ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ ដោយ​ភាគី​ចុង​បណ្តឹង និង​ភាគី​ដើមបណ្តឹង ឯកភាព​គ្នា​ក្នុង​ការបើកផ្លូវ​ធ្លា​ចាប់ពី​ដើមផ្លូវ​រហូត​ទៅដល់​ចុង​ផ្លូវ មាន​ប្រវែង ១៤១,៤៨ ​ម៉ែត្រ និង​បាន​ព្រមព្រៀងគ្នា​ដោយ​បរិច្ចាគ​ជា​ថវិកា និង​បរិច្ចាគ​ដីធ្លី​ សម្រាប់​បើកផ្លូវ​ធ្លា​ខាងលើ​ជា​ប្រយោជន៍​សាធារណៈ​ផងដែរ​៕