
កណ្តាលៈ មន្ត្រីជំនាញនៃមន្ទីរដែនដីខេត្តកណ្តាល អំពាវនាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតក្នុងភូមិព្រែកក្រាញ់ និងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង មកពិនិត្យទិន្នន័យក្បាលដីដែលបានបិទផ្សាយឱ្យបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើតទំហំដី ឬប្រភេទដីជាដើម។
ក្បាលដីចំនួន ២៦៩៤ក្បាលដី ស្ថិតក្នុងភូមិព្រែកក្រាញ់ និងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២ ដែលមានទីតាំងនៅវត្តពាមប្រជុំ។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើសូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីឱ្យបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើតទំហំដី ឬប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងភូមិខាងលើមកពិនិត្យទិន្នន័យក្បាលដីឱ្យបានគ្រប់ៗគ្នា។
លោកបន្តថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នាពេលនេះគឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២២ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។
លោកថ្លែងថា៖ «ក្នុងពេល ១៥ថ្ងៃនេះ ជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដីរបស់បងប្អូន ពិតជាត្រឹមត្រូវដែរឬទេ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល ១៥ថ្ងៃនេះ»។
លោកបន្តថា ក្រោយពីការបិទផ្សាយនេះ ចប់ជាស្ថាពរ អ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធទាំងអស់មិនអាចតវ៉ាបានទៀតឡើយ។ ហេតុនេះក្រោយពេល១៥ ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅទីនោះសូមធ្វើការសហការជាមួយអាជ្ញាធរដែនដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីឱ្យបានគ្រប់ៗគ្នា។
លោក ខួត ផល្លា អភិបាលរងស្រុកស្អាង បានមានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើឱ្យដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។
លោកអភិបាលរងស្រុក បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការឱ្យបានរលូនជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីឱ្យការអនុវត្តតាមនីតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីឱ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងស្រុកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីបង្ការការឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង និងត្រូវធ្វើអនាម័យជុំវិញលំនៅឋានឱ្យបានស្អាតជាប្រចាំដើម្បីចៀសឱ្យឆ្ងាយពីជំងឺផ្សេងៗពិសេសត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕