ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​ទទួល​ជួប​លោកស្រី Preeti Sinha លេខាធិការ​ប្រតិបត្តិ​នៃ មូលនិធិ​អភិវឌ្ឍន៍​មូលធន​អង្គការ​សហប្រជាជាតិ (United Nations Capital Development Fund - UNCDF) និង​សហការី​នាព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០២២ ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​បៃតង និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព។

នៅក្នុង​ជំនួប​នេះ លោក​រដ្ឋមន្ត្រី​បរិស្ថាន បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ហិរញ្ញប្បទាន​បៃតង ហិរញ្ញប្បទាន​ប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង សម្រាប់​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត នៅ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

ជាការឆ្លើយតប លោកស្រី Preeti Sinha បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ជាពិសេស ក្រសួង​បរិស្ថាន ក្នុង​កិច្ច​ដំណើរការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ហើយ UNCDF ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​ពង្រឹង​កិច្ច​សហការ​ជាមួយ​ក្រសួង​បរិស្ថាន វិស័យ​ឯកជន​និង​ធនាគារ នៅ​ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ចម្រុះ (Blended Finance) ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា នា​ពេល​អនាគត៕