
ស្ថានភាពទឹកជំនន់នៅស្ទឹងសែន ខេត្តកំពង់ធំ។ រូបថត រដ្ឋបាលខេត្តកំពង់ធំ
ភ្នំពេញៈ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចន្លោះពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែសីហានេះ ដោយសារ តំបន់ផ្ទៃរងទឹកភ្លៀង ទីទំនាបជាប់ផ្លូវទឹកនៅតាមបណ្តាខេត្តក្នុងភូមិសាស្រ្តទាំងនោះ ទទួលបាននូវបរិមាណទឹកភ្លៀងច្រើនកន្លងរួចមកហើយ។ នេះបើតាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹក។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ចេញថ្ងៃទី១៩ ខែសីហា បានឱ្យដឹងថា ជ្រលងសម្ពាធទាបឥណ្ឌា និងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលកើតសាជាថ្មីអូសបន្លាយនៅលើភាគខាងជើងកម្ពុជា ស្ថិតក្នុងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្មមួយស្ថិតនៅក្នុងសមុទ្រតុងកឹង គួបផ្សំនឹងការបង្កើនល្បឿនបក់នៃរបបខ្យល់មូសុងនិរតីផងនោះ នឹងធ្វើឱ្យខេត្តចំនួន ៥ នៅកម្ពុជា អាចប្រឈមជំនន់ទឹកភ្លៀង។
ក្រសួងធនធានទឹកបញ្ជាក់ថា៖ «ស្ថានភាពនោះអាចបង្កឱ្យតំបន់ផ្ទៃរងទឹកភ្លៀង ទីទំនាបជាប់ផ្លូវទឹកនៅតាមបណ្តាខេត្តក្នុងភូមិសាស្រ្តទាំងនោះ ដែលទទួលបាននូវបរិមាណទឹកភ្លៀងច្រើនកន្លងរួចមកហើយ មានជាអាទិ៍ ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង»។
ចំណែកបណ្តាខេត្តនៅក្នុងភូមិសាស្រ្តជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតកើនឡើងពីមធ្យមទៅច្រើន ខណៈបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយនៅតាមតំបន់ខ្លះ។ ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេ មានការហក់ឡើងសាជាថ្មី៕