
ព្រះសីហនុៈ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុស្រាវជ្រាវរកឃើញថា មិនមានករណីបង្ខាំងទុកមនុស្ស វាយធ្វើទារុណកម្ម ដូចការប្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារលោក ស ខេង ថាមានមនុស្ស ៣នាក់ត្រូវបានបង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនោះទេ។
រដ្ឋបាលខេត្តព្រះសីហនុបានសរសេរលើហ្វេសប៊ុកនៅថ្ងៃនេះថា ក្រោយមានការប្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារលោក ស ខេង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ថាមានមនុស្ស ៣នាក់ ត្រូវបានបង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះដល់ទីតាំងក្រុមហ៊ុន ដើម្បីធ្វើការស្រាវជ្រាវស្វែងរកមនុស្សទាំង ៣នាក់ ដែលមានបុរសជនជាតិអាមេរិក ១នាក់ បុរសជនជាតិខ្មែរ មានសញ្ជាតិ អាមេរិក ១នាក់ និងស្រ្តីជនជាតិ ឥណ្ឌូនេស៊ី ១នាក់ ដោយមានការចូលរួមសហការណ៍ពីម្ចាស់ទីតាំង បានស្វែងរកឃើញមនុស្សទាំង ៣នាក់នោះ។
រដ្ឋបាលខេត្តនេះបានឱ្យដឹងទៀតថា បន្ទាប់ពីក្រុមការងារចុះទៅដល់កន្លែងស្នាក់នៅ បានរកឃើញថា ជនទាំង ៣នាក់នោះ មិនមានការចាក់សោរឃុំឃាំងពីខាងក្រៅ ឬមានអ្នកណាយាមនៅមុខបន្ទប់ទេ ហើយស្លាកស្នាមនៅលើដងខ្លួន ក៏មិនមានស្នាមរបួសអ្វីដែរ។
ក្រោយមកកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានសម្រេចចិត្តនាំខ្លួនជនទាំង ៣នាក់នោះមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ យោងតាមសេចក្តីសន្និដ្ឋានដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងតាមកំណត់ហេតុស្តាប់ការបំភ្លឺរបស់ជនរងគ្រោះទាំង ៣នាក់មិនមានការចាប់បង្ខាំង វាយធ្វើទារុណកម្មទេ។
បើតាមការស្រាវជ្រាវ ជនទាំង ៣នាក់ មានបុរស ០២នាក់ បានធ្វើការ និងទទួលបានប្រាក់ខែគ្រប់ចំនួន ចន្លោះពី ៨០០ដុល្លារ ទៅ ១០០០ដុល្លារ និងនៅមានប្រាក់រង្វាន់បន្ថែមចន្លោះពី ១០០០០ ដុល្លារ ទៅ ៥០០០០ដុល្លារ នៅពេលដែលពួកគាត់ធ្វើការងារបានល្អ។ បច្ចុប្បន្នពួកគាត់ទាំង ៣នាក់ បានស្នើសុំត្រឡប់ទៅរាជធានីភ្នំពេញវិញ៕