
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកវគ្គបណ្តុះបណ្តាលស្ដីពីចំណេះដឹងដែលអ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីសិក្ខាកាមប្រមាណ ១០០នាក់ ថ្ងៃទី១៩ ខែសីហានេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន។
លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានទទួលការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងបានរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ក្រុមអ្នកដឹកជញ្ជូនដែលផ្តល់សេវាដឹកជញ្ជូនចំណីអាហារតាមរយៈម៉ូតូក្នុងគោលដៅលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងពេលបើកបរ។
លោកអគ្គនាយកដឹកជញ្ជូន បានលើកឡើងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែកើតមានគិតជាមធ្យមចំនួនមនុស្ស ៥ នាក់បានស្លាប់ក្នុងមួយថ្ងៃៗ បង្កការខាតបង់យ៉ាងធំដល់សង្គមជាតិយើង និងបានក្រើនរំឭកដល់អ្នកបើកបរឱ្យចងចាំថាយឺតដើម្បីលឿន តែលឿនដើម្បីយឺត។
លោកពន្យល់ថា៖«បើអ្នកបើកបរយឺតយើងអាចទៅដល់គោលដៅដោយមិនមានគ្រោះថ្នាក់ និងទាន់ពេលវេលា តែបើយើងបើកបរលឿនអាចជួបគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលធ្វើឱ្យយើងខាតបង់ពេលវេលា និងយឺតយ៉ាវដល់ការងាររបស់យើងទៀត»។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Wownow ដែលបានយកចិត្តទុកដាក់ដល់អ្នកដឹកជញ្ជូនចំណីអាហាររបស់ក្រុមហ៊ុន ដោយបានទិញប័ណ្ណធានារ៉ាប់រងសម្រាប់អ្នកដឹកជញ្ជូន ដែលនេះជាការឆ្លុះបញ្ចាំងនូវការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន។
លោកបន្ថែមថា ក្រុមហ៊ុននេះបានចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការជំរុញទៅកាន់ដៃគូ ដែលធ្វើប្រតិបត្តិការដឹកជញ្ជូនឱ្យមានសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ បង្កើនការយកចិត្តទុកដាក់លើការបើកបររបស់ខ្លួនឱ្យមានការយោគយល់អធ្យាស្រ័យខ្ពស់ ធ្វើឱ្យផ្លាស់ប្តូរឥរិយាបថនៅពេលបើកបរមានសណ្តាប់ធ្នាប់ និងប្រកបដោយសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបជូនថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានស្វែងយល់អំពី៖ ១) មាត្រាសំខាន់ៗនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២)សញ្ញាចរាចរណ៍ផ្លូវគោក ៣) សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ៤)ការត្រួតពិនិត្យយានជំនិះ និងការផ្ទុកទំនិញ និង ៥) បច្ចេកទេស និងសុវត្ថិភាពក្នុងការបើកបរ៕