
ព្រះសង្ឃ មន្ត្រីក្រសួងបរិស្ថាន និងតំណាងសាកលវិទ្យាល័យមេគង្គ រួមគ្នាដាំកូនឈើនៅសហគមន៍ចំបក់ នៅថ្ងៃទី ២១ សីហា។ រូបថត ក្រសួងបរិស្ថាន
កំពង់ស្ពឺៈ ក្រសួងបរិស្ថាន និងសាកលវិទ្យាល័យមេគង្គ សហការគ្នា ដាំកូនឈើប្រណីត ចំនួន ៧០០ ដើម ក្នុងសហគមន៍ការពារធម្មជាតិចំបក់ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ដើម្បីចូលរួមបណ្តុះស្មារតីពលរដ្ឋឱ្យគោរពស្រឡាញ់បរិស្ថាន ធនធានធម្មជាតិព្រៃឈើ កាន់តែខ្លាំងឡើងថែមទៀត។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងនៅក្នុងពិធីដាំកូនឈើនេះ នៅថ្ងៃទី២១ សីហាថា ដើមឈើចំនួន៧០០ដើម ដែលត្រូវដាំនៅពេលនេះរួមមានកូនឈើប្រណីតប្រភេទបេង នាងនួន ធ្នង់ គគីរ និងដើមផ្កាក្ងោក ហើយការដាំនៅពេលនេះ ក៏ជាការចូលរួមបំផុសស្មារតីស្រឡាញ់ និងទទួលស្គាល់កាន់តែខ្លាំងពីគុណតម្លៃដ៏មហាសាលនៃធនធានធម្មជាតិ ចំពោះជីវិតមនុស្ស សត្វ និងបានចូលរួមការពារបរិស្ថាន និងជំរុញសេដ្ឋកិច្ចជាតិផងដែរ។
លោកបន្តថា ការចូលរួមដាំដើមឈើនៅពេលនេះ មិនមែនត្រឹមតែជាអនុស្សារវីយ៍ដ៏អស្ចារ្យសម្រាប់ជីវិតយើងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគុណតម្លៃ នៃសាមគ្គីភាព កិច្ចសហការ ក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ លោកបញ្ជាក់ថា៖ «ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និងជាការដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដ៏ល្អសម្រាប់យើងទាំងអស់គ្នារស់នៅ»។
លោក ភក្ត្រា បញ្ជាក់ទៀតថា ការចូលរួមដាំដើមឈើនៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ នៅពេលនេះ ជាការចូលរួមការពារធនធានធម្មជាតិ ជីវចម្រុះ រក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី និងការថែរក្សាធនធានធានធម្មជាតិ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផង និងចូលរួមលើកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍មូលដ្ឋានផងតាមរយៈ«ទេសចរណ៍ផ្សារភ្ជាប់ទឹកដី»។
សហគមន៍តំបន់ការពារធម្មជាតិចំបក់ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច មានផ្ទៃដីសរុប ៣ ៤៥១ហិកតា ហើយសហគមន៍នេះមានប្រជាពលរដ្ឋជាង ៦០០គ្រួសារជាសមាជិក។
សហគមន៍តំបន់ការពារធម្មជាតិចំបក់ គឺជាសហគមន៍ទេសចរណ៍ធម្មជាតិមួយដែលលេចធ្លោជាងគេ ហើយប្រជាជនបច្ចុប្បន្នបានផ្តល់សេវាទេសចរណ៍ធម្មជាតិដូចជាការផ្តល់សេវាផ្ទះស្នាក់នៅ ការចម្អិនម្ហូបអាហារ សេវាដើរកម្សាន្ត មគ្គុទ្ទេសក៏ទេសចរណ៍ជាដើម។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានទៅទស្សនាតំបន់នេះ និងបានផ្តល់ចំណូលជាច្រើនដល់សហគមន៍។
ទាក់ទងនឹងចំណុចនេះ លោក នេត្រ ភក្ត្រា បញ្ជាក់ថា ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន គឺជាគ្រឹះដ៏សំខាន់នៃវិធានការការពារនិងអភិរក្សធនធានធម្មជាតិ។
ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិរក្សធនធានធម្មជាតិ វិធានការច្បាប់ និងវិធានការសេដ្ឋកិច្ចចាំបាច់ត្រូវដើរទន្ទឹមគ្នា ហើយសហគមន៍តំបន់ការពារធម្មជាតិចំបក់ គឺជាគំរូជោគជ័យ ដែលបង្ហាញពីការបង្កើតសេដ្ឋកិច្ចមូលដ្ឋានដើម្បីពង្រឹងការអភិរក្ស៕