ត្បូងឃ្មុំៈ ក្រសួង​ការពារជាតិ​សាងសង់​មហា​ចេតិយ សម្រាប់​តម្កល់​អដ្ឋិធាតុ និង​ជា​ស្តូប​រំឭក​គុណ​យុទ្ធជន កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ចំនួន ៤៩ ​រូប នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X-16 ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​លោក ទៀ បាញ់ ថ្លែង​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​មហា​ចេតិយ​នេះ កាលពី​ថ្ងៃទី​ ២០ ខែសីហា ថា ​ការសាងសង់​ចេតិយ សម្រាប់​តម្កល់​អដ្ឋិធាតុ​កងកម្លាំងប្រដាប់អាវុធ​សង្គ្រោះ​ជាតិ​កម្ពុជា ក្នុង​ស្មារតី​ចងចាំ​ជានិច្ច ដើម្បី​រំឭក​ដល់​គុណបំណាច់​ដ៏​ធំធេង​ចំពោះ​យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត​យ៉ាង​អង់អាច​ក្លាហាន ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​។​

លោក​រដ្ឋមន្ត្រី​ការពារជាតិ ​បន្តថា ​ការសង់​ចេតិយ​ និង​ស្តូប​រំឭក​គុណ ​រួមទាំង​ការរៀបចំ​ធ្វើ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​កងកម្លាំង​ប្រដាប់​អាវុធ ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​នឹងធ្វើ​ឱ្យបាន​រួចរាល់​ មុន​ថ្ងៃទី​ ១២ ​ខែ ឧសភា ឆ្នាំ​ ២០២៣​។​

បើតាម ​លោក​ ទៀ ​បាញ់​ នៅ​ថ្ងៃទី ១២ ​ខែ ឧសភា ​ឆ្នាំ​ ២០២៣ ជា​ខួប​លើក​ទី​៤៥​ឆ្នាំ ​នៃ​ការបង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​(អង្គភាព​១២៥ ​បង្កើតឡើង​ថ្ងៃទី១២​ ខែឧសភា ​ឆ្នាំ​១៩៧៨) ​ដើម្បី​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ ​បន្ទាប់ពី​ដំណើរ​ផ្សងព្រេង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ទៅកាន់​ប្រទេស​វៀតណាម ​ដែលជា​ការយក​អាយុជីវិត​ធ្វើជា​ដើមទុន ​ដើម្បី​រំដោះ​ជាតិ។​

លោក​ថ្លែងថា​៖«យ៉ាងណា​ក៏ដោយ​ចាំបាច់​ត្រូវតែ​ធ្វើឱ្យបាន​ចប់ ​ហើយ​ស្រេចបាច់ ​មុន​ថ្ងៃទី​១២ ​ខែធ្នូ ​ឆ្នាំ​២០២៣​។ ខែឧសភា ​ឆ្នាំ​២០២៣​ គឺជា​ការគោរព​វិញ្ញាណក្ខន្ធ​ដំបូង​បន្ទាប់ពី​អដ្ឋិធាតុ ​បានមក​ដល់​។ ដូច្នេះ​ពេលវេលា​នេះ ទម្រាំ​ដល់ពេល​នោះ គឺ​យើង​ត្រូវធ្វើ​អ្វីៗ​ទាំងអស់​ រួមទាំង​ ធ្វើ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​នោះ​ផងដែរ ឱ្យ​ចប់សព្វគ្រប់​នៅមុន​ថ្ងៃទី​១២ ​ខែឧសភា ​ឆ្នាំ​២០២៣»។​

លោក​បន្ថែមថា ​ឆ្នាំ​២០២៣ ​កម្ពុជា​នឹងធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីនេះ ​និង​រំឭក​ខួប​នៃ​ការបង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​គម្រប់​៤៥​ឆ្នាំ​។ ដូច្នេះ​សំណង់​នេះ ​គឺ​ត្រូវតែ​ហើយ​មុន​ទាំងអស់ ​អដ្ឋិធាតុ​ក៏ត្រូវ​តែ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​មុន​ដែរ។​

ប្រមុខ​ការពារជាតិ​រូបនេះ ​បាន​រំឭកថា ​នៅក្រោយ​ការបង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នោះ​ គឺ​មាន​ការតស៊ូ​ដ៏​សកម្ម ហើយ​ការតស៊ូ​នេះ​ បានធ្វើឱ្យ​កងកម្លាំង​មួយចំនួន​ពលី​ជីវិត ​ដែល​ពេលនោះ​មាន​ការប្រមូល​សាកសព​បាន​ចំនួន​៤៩​រូប ទៅ​ផ្ញើ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

លោក​ទៀ បាញ់ ​បន្តថា​ ដោយឡែក​ពេលនេះ ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ រីកចម្រើន ​ដោយសារ​លទ្ធភាព​ធ្វើ​អ្វីៗ​បាន​គ្រប់​បែបយ៉ាង​ទាំងអស់ ​ដោយ​ស្មារតី​មនុស្សធម៌​ខ្ពង់ខ្ពស់​បំផុត ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​បាន​ផ្តើម​គំនិត ​និង​បញ្ជា​ឱ្យ​រៀបចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​របស់​កងកម្លាំង​ប្រដាប់អាវុធ​ដែល​បាន​ផ្ញើ​នៅ​ប្រទេស​វៀតណាម​នោះ ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក្នុងឱកាស​អញ្ជើញ​ប្រារព្ធ​ខួប​៤៥​ឆ្នាំ ​នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅរក​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត ​(២០ ​មិថុនា ​១៩៧៧-២០ ​មិថុនា ​២០២២) ​កាលពី​ថ្ងៃទី​២០ ​ខែមិថុនា ​ឆ្នាំ​២០២២ ​បាន​ណែនាំ​ឱ្យ​រៀបចំ​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​កងកម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ចំនួន​៤៩​រូប​ ដែល​បាន​បញ្ចុះ​នៅ​ប្រទេស​វៀតណាម ​និង​បានឱ្យ​រៀបចំ​កន្លែង​តម្កល់​អដ្ឋិធាតុ​យុទ្ធជន​ស្នេហា​ជាតិ​របស់​កម្ពុជា​នោះ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X-16​ខាង​លើក​នេះ​។

បើ​តាម ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កម្ពុជា​មាន​សុខសន្តិភាព ​មាន​លទ្ធភាព ​ដែល​គួរ​ដល់ពេល​នាំ​អដ្ឋិធាតុ​យុទ្ធជន​រំដោះ​ជាតិ​គ្មាន​សាច់ញាតិ​ទាំងនោះ ​ត្រឡប់​មកកាន់​ទឹកដី​កំណើត​វិញ​ផងដែរ ​និង​តម្កល់ ​នៅ​ឆ្នាំ​២០២៣៕