
ពិធីបុណ្យសពជនរងគ្រោះស្លាប់ដោយសារការបង្ក្រាបល្បែងជល់មាន់ និងល្បែងឡូតូ ពីសំណាក់កងអាវុធហត្ថ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី ៧ សីហា។ រូបថត ហ្វេសប៊ុក
កំពង់ធំៈ ក្រុមគ្រួសារសពលោក សួង ឌ័ន ដែលបានស្លាប់ពាក់ព័ន្ធការបង្ក្រាបល្បែងជល់មាន់ និងល្បែងឡូតូតាមអនឡាញ បានរៀបចំដាក់ពាក្យបណ្តឹងមន្ត្រីកងរាជអាវុធហត្ថចំនួន ៣ នាក់ ទៅសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី ២២ សីហា ដោយទារសំណងជំងឺចិត្ត៧ម៉ឺនដុល្លារខណៈជនទាំង ៣ នាក់នោះ កំពុងស្ថិតក្នុងការឃុំខ្លួនរបស់តុលាការខេត្តតាំងពីថ្ងៃទី ១៨ សីហា។
កញ្ញា ឌិន នារតី ជាកូនស្រីបង្កើតរបស់សពលោក សួង ឌ័ន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ សីហាថា ក្រុមគ្រួសាររបស់នាងបានរៀបចំដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែសីហា ប្តឹងមន្ត្រីកងរាជអាវុធហត្ថទាំង៣នាក់នោះ ដើម្បីទាមទារសំណងរដ្ឋប្បវេណីចំពោះការស្លាប់ឪពុករបស់នាង។ ក្នុងបណ្តឹង ក្រុមគ្រួសារនាងបានប្តឹងទាមទារប្រាក់សំណងជំងឺចិត្តចំនួន៧ម៉ឺនដុល្លារអាមេរិក ពីជនត្រូវចោទទាំង៣នាក់។ ចំពោះការណ៍ដែលជនទាំង៣នាក់ត្រូវបានតុលាការឃុំខ្លួន គឺជាការផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសាររបស់នាង ប៉ុន្តែសម្រាប់ក្រុមគ្រួសារនាង ក៏នៅមិនទាន់អាចទទួលយកបាននៅឡើយដែរ នៅពេលដែលមិនទាន់ទទួលបានសំណងជំងឺចិត្ត។
ឌិន នារតី និយាយថា៖«រឿងនេះ ក្រុមគ្រួសារខ្ញុំ នៅមិនទាន់ទទួលបានយុត្តិធម៌ពេញលេញនៅឡើយទេ ព្រោះនៅទាមទារសំណង។ ប៉ុន្តែនៅថ្ងៃស្អែកនេះ[ថ្ងៃទី២២ សីហា] ខ្ញុំយកពាក្យបណ្តឹងទៅដាក់នៅសាលាដំបូងខេត្តកំពង់ធំហើយ។ ពីមុនខ្ញុំទាមទារសំណង១០ម៉ឺនដុល្លារតែខ្ញុំកែមក៧ម៉ឺនដុល្លារវិញ»។
លោកសូ សុវណ្ណារ៉េត អ្នកនាំពាក្យតុលាការខេត្តកំពង់ធំប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២១ សីហា ថា ជនត្រូវចោទ៣នាក់ ឈ្មោះ សុខ ម៉េងហុង ឈ្មោះលុយ តាំងឈួយ និងឈ្មោះសៅ សេរីវុឌ្ឍ ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំហើយ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។
លោកថ្លែងថា៖«ចំពោះខាងកងកម្លាំងអាវុធហត្ថទាំង៣រូប ដែលត្រូវបានតំណាងអយ្យការចោទប្រកាន់ហ្នឹង ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអស់ហើយ។ ការឃុំខ្លួននេះដោយដាក់ស្ថិតនៅក្រោមបទចោទមនុស្សឃាតដោយអចេតនា តាមបញ្ញត្តិមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ»។
យោងបទចោទមាត្រា២០៧នេះ ប្រសិនបើតុលាការរកឃើញថា ជនត្រូវចោទទាំង៣នាក់ ពិតជាបានប្រព្រឹត្តមែននោះ នឹងត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ដល់៣ឆ្នាំ និងពិន័យប្រាក់ពី១លាន ដល់៦លានរៀល។
គួររំឭកថា កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថចំនួន១៣នាក់ បានចុះបង្ក្រាបល្បែងជល់មាន់ និងល្បែងឡូតូតាមអនឡាញ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់បានមនុស្សប្រុស៤នាក់ ប៉ុន្តែបុរសឈ្មោះសួង ឌ័ន ក្នុងចំណោម៤នាក់នោះបានស្លាប់នៅកណ្តាលផ្លូវ ពេលកំពុងត្រូវបាននាំខ្លួន។ បន្ទាប់មកលោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញបញ្ជាឱ្យធ្វើការស៊ើបអង្កេត រហូតរកឃើញមន្ត្រី៣នាក់ ទី១-ឈ្មោះ សុខ ម៉េងហុង ជានាយការិយាល័យព្រហ្មទណ្ឌទី២-ឈ្មោះលុយ តាំងឈួយ ជាប្រធានអង្គភាពយុត្តិធម៌ និងឈ្មោះសៅ សេរីវុឌ្ឍ ជាជំនួយការក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ធំ៕