
លោក កែ គឹមយ៉ាន ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ។ រូបថត NACD
ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រៀមបញ្ជូនសេចក្តីព្រាងគោលនយោបាយជាតិថ្មីមួយ ស្តីពីការរៀបចំបង្កើតភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ទៅប្រមុខរដ្ឋាភិបាលដើម្បីពិនិត្យនិងសម្រេច ដែលសេចក្តីព្រាងនេះជាផ្នែកមួយទប់ស្កាត់ការចរាចរគ្រឿងញៀនទៅលើយន្តការដែលមានស្រាប់។
ការត្រៀមបញ្ជូននេះ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកកែវ គឹមយ៉ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសារសេចក្តីព្រាងគោលនយោបាយជាតិ និងគោលការណ៍ណែនាំស្តីពីការរៀបចំបង្កើតភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២២។
ក្នុងកិច្ចប្រជុំនោះលោកបានថ្លែងថា ៖«ការរៀបចំ ភូមិ ឃុំ/សង្កាត់ គ្មានគ្រឿងញៀន ពិសេសនៅតាមតំបន់ព្រំដែន គឺមានគោលបំណង និងទិសដៅដើម្បីពង្រឹងការទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន និងរួមចំណែកលើកកម្ពស់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ព្រំដែន លើកស្ទួយសុខុមាលភាព ជីវភាព និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ ពិសេសនៅតាមតំបន់ព្រំដែន ដោយកសាងតំបន់ព្រំដែនជាតំបន់ សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ»។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក មាស វីរិទ្ធ ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២១ ខែសីហានេះថា កន្លងមកប្រមុខរដ្ឋាភិបាលចំនួន ៤ប្រទេសរួមមាន កម្ពុជា ថៃ កម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាក្នងការបង្កើតឱ្យមាន ភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាល ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជា ដើម្បីចូលរួមក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន។
លោកបន្តថា ដូចនេះដើម្បីឱ្យយន្តការមានប្រសិទ្ធភាព កម្ពុជាត្រូវមានការតាក់តែងគោលនយោបាយជាតិ ក្នុងការសម្រេចចិត្ត និងចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល ព្រោះជាបញ្ហាមួយជាប់ទាក់ទងប្រទេសជាប់ព្រំដែន។ លោកថា៖« ឧទាហរណ៍ កម្ពុជា-ថៃ យើងយកភូមិ ឃុំណាមួយ សហការគ្នា ផ្លាស់ប្តូរ ដកបទពិសោធគ្នាទៅវិញទៅមកធ្វើយ៉ាងណាឱ្យបណ្តាភូមិ ឃុំ សង្កាត់នៅបន្ទាត់ព្រំដែនគ្មានគ្រឿងញៀន បើគ្មានគ្រឿងញៀននៅព្រំដែន ខាងក្នុងនឹងអត់មានដែរ។កន្លងមកជាមួយប្រទេសជិតខាងនៅតាមព្រំដែន យើងដកពិសោធមកឃើញថាល្អ អ៊ីចឹងយើង នឹងពង្រីកវាឱ្យទៅជាក្របខ័ណ្ឌទូទាំងប្រទេស អាស្រ័យទៅលើយើងខិតខំតាក់តែងគោលនយោបាយ»។
លោកបន្តថា កិច្ចការតាក់តែងសេចក្តីព្រាងនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំយូរហើយ និងត្រៀមបញ្ជូនទៅប្រមុខរាជរដ្ឋាភិបាលដើម្បីសុំចុះហត្ថលេខា នៅពេលខាងមុខនេះ។
លោក មាស វីរិទ្ធ គូសបញ្ជាក់ថា ថាតាមរយៈសេចក្តីព្រាងនេះ នឹងរួមចំណែកដល់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព។
លោកថា៖«ជារួមយើងប្រឹងប្រែងប្រើប្រាស់គ្រប់មធ្យោបាយផ្សេងដើម្បីធានាថា បញ្ហាគ្រឿងញៀនត្រូវបានទប់ស្កាត់ ការបន្ថយនិងឈានទៅដល់លុបបំបាត់ដែលកម្ពុជាកំពុងប្រឈមមុខការគំរាមកំហែងដោយគ្រឿងញឿន យើងធ្វើនេះដោយសហការគ្នា៤ប្រទេស ហើយកម្ពុជានៅកណ្តាល ព្រោះប្រទេសជិតខាងក៏សុទ្ធតែរងគ្រោះដោយសារគ្រឿងញៀនដូចគ្នា អ៊ីចឹងត្រូវសហការគ្នាដើម្បីទប់ស្កាត់»។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត បានថ្លែងថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាមួយដែលគួរឱ្យព្រួយបារម្ភនៅឡើយ និងកំពុងរីករាលដាលក្នុងស្រុក បើទោះបីជាកម្ពុជាមានច្បាប់ និងមានយន្តការច្រើនក៏ដោយ។
លោកថា៖«យើងដឹងហើយថា ពីមុនមកយើងមានគោលនយោបាយរបស់រដ្ឋាភិបាលគឺភូមិ ឃុំ មានសុវត្ថិភាព ប៉ុន្តែយើងមើលករណី ភូមិ ឃុំ មានសុវត្ថិភាព ក៏មិនទាន់អាចទប់ស្កាត់ ឬក៏បង្ក្រាបនៃការជួញដូរចរាចរណ៍គ្រឿងញៀនបានដែរ ព្រោះអីបញ្ហាគ្រឿងញៀននេះវាមិនមែនកើនមានតែនៅក្នុងក្រុងភ្នំពេញទេ វាវាយលុកចូលគ្រប់ច្រកល្ហកទៅហើយ អ៊ីចឹងវាជាការល្អដែលយើងមានគោលនយោបាយថ្មី »។
ប៉ុន្តែលោកថា ទន្ទឹមនឹងមានគោលនយោបាយនេះ សមត្ថកិច្ចក៏ត្រូវពង្រឹងការអនុវត្តច្បាប់ផងដែរ ទើបការបង្ក្រាបគ្រឿងញៀនទទួលបានលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាព។
លោកថា៖«ប្រសិទ្ធភាពគឺការអនុវត្តគោលនយោបាយ និងពង្រឹងការអនុវត្តច្បាប់ ជាពិសេសមន្ត្រីទាំងអស់ រួមទាំងមន្ត្រីនគរបាលធ្វើម៉េចនៅឱ្យឆ្ងាយពីគ្រឿងញៀន និងបង្កើនវិធានការអប់រំធ្វើម៉េចឱ្យពលរដ្ឋនៅឆ្ងាយពីគ្រឿងញៀនដែរ»។
គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២២ នេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១ ៦៩៤ ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ ៧១០ នាក់។
ចំនួននេះមានការថយចុះប្រមាណជាង ២០ ភាគរយ បើធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២១។
ប៉ុន្តែចំនួនគ្រឿងញៀនដែលចាប់បានមានការកើនឡើងជាង ៣ ៤០៥ គ.ក្រ ឬកើនលើស ១៩ ដង បើធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២១៕