ព្រះសីហនុៈ ក្រោយពី​មានការ​ណែនាំ​ពី​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ​ឱ្យ​មេខ្លោង​ដែល​បន្លំ​ធ្វើជា​ជនរងគ្រោះ​ក្នុងករណី​វិ​វា​ទដី​ធ្លី​ហើយ​ប្រមូលផ្ដុំ​ពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​ដី​រដ្ឋ កាលពី​ថ្ងៃទី​ ១៧ ខែសីហា ចេញ​សារភាព មាន​មេខ្លោង​ចំនួន​៣​នាក់ បាន​ចេញមុខ​ទទួលកំហុស​ និង​សារភាព ចំពោះ​ទង្វើ​បំផុសបំផុល​ពលរដ្ឋ ឱ្យ​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ របស់​រដ្ឋ ក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង នៅ​ភូមិ​ចាំស្រី ​ឃុំ​កំពង់សីលា ​ស្រុក​កំពង់សីលា ​ខេត្ត​ព្រះសីហនុ​។​

ការចូល​ខ្លួន​សារភាព​កំហុស​ជា​បន្តបន្ទាប់​របស់​ក្រុម​មេខ្លោង​នេះ ​ធ្វើឡើង​ក្រោយពី​ លោក ហ៊ុន សែន ​បាន​ណែនាំ​ឱ្យ​មេខ្លោង​ដែល​បន្លំ​ធ្វើជា​ជនរងគ្រោះ​ក្នុង​រឿង​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ ចូលខ្លួន​សារភាព​កំហុស ខណៈ​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ កាលពី​ថ្ងៃទី​១៧​ ខែសីហា​ ឆ្នាំ​២០២២។​

ជន​ជា​មេខ្លោង​ម្នាក់ ​ឈ្មោះ​ផុន ផេ​ន ភេទ​ប្រុស ជា​អ្នកដឹកនាំ និង​បំផុសបំផុល​ប្រជាពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ បាន​សារភាពថា ​លោក និង​គ្នីគ្នា​ឈ្មោះ ​កែម ហាន ​ឈ្មោះ​នាង វឹង​ រួម​នឹង​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត បាន​នាំ​ពលរដ្ឋ ​ទៅធ្វើ​សកម្មភាព​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ ដោយ​ខុសច្បាប់​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ​នៅ​ភូមិសាស្ត្រ​ចំណុច​គីឡូម៉ែត្រ​លេខ​១៥ ភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា​ ស្រុក​កំពង់សីលា​។

មេខ្លោង​រូបនេះ​សារភាពថា​៖«ខ្ញុំបាទ​បាន​ចូលទៅ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ បើ​បាន​ក៏បាន​ទៅ បើ​មិនបាន​ក៏​ហី​ទៅ»។

លោក​បន្តថា​ ពេលដែល​លោក​ទៅដល់​ទីតាំង​ដី​ដែល​ត្រូវ​ទន្ទ្រាន ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​១០​នាក់ ពេលនោះ​លោក​បាន​ត្រឡប់មក​ផ្ទះ​វិញ​ដោយ​ភិតភ័យ​។ ប៉ុន្ដែ​ក្រោយមក ​ក៏បាន​ហៅ​សារព័ត៌​មានមក​ធ្វើការ​ផ្សព្វផ្សាយ​បន្លំ​ធ្វើជា​ជនរងគ្រោះ​ ដើម្បីឱ្យ​ព័ត៌មាន​បាន​ដឹងឮ​ដល់​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​។

​មេខ្លោង​រូបនេះ​បន្តថា​៖«ដោយ​ខ្ញុំ​បាន​ផ្សាយ​ព័ត៌មាន ខ្ញុំ​ធ្វើ​ខុស​សោះ តែ​ខ្ញុំ​ចោទ​អាជ្ញាធរ​ធ្វើ​ខុស​វិញ​។ ឃើញ​អាជ្ញាធរ​ចាប់​ប្រជាពលរដ្ឋ ខ្ញុំ​ចង់ឱ្យ​សម្ដេច​បាន​ជួយ​អន្តរាគមន៍​។ ដូច្នេះហើយ​ទើបបាន​ខ្ញុំ​ចេះតែ​ស្រែក តា​ពីស​តា​ពាស [​ពាសវាល​ពាសកាល​]​ដោយសារតែ​កម្រិតវប្បធម៌​ខ្ញុំ​ទាប ​ហើយ​ខ្ញុំ​ក៏​អត់​យល់ដឹង​ដែរ ​ខ្ញុំ​ចង់ឱ្យ​សម្ដេច​ជួយ​ពេក​។ អ៊ីចឹង​ទើប​ខ្ញុំ​បាន​ស្រែកថា ​អយុត្តិធម៌​ណាស់ៗ»។​

លោក​សារភាពថា​៖«​ខ្ញុំ​បានធ្វើ​ខុសច្បាប់ បែរជា​ខ្ញុំ​មិន​គិតថា ខ្ញុំ​ខុសច្បាប់​។ អាជ្ញាធរ​ទៅដល់​ទីនោះ​អាជ្ញាធរ​បាន​ឃាត់​ពួក​ខ្ញុំ​មិនឱ្យ​ធ្វើ​សកម្មភាព ប៉ុន្ដែ​ពេល​ពួក​ខ្ញុំ​ឃើញ​អាជ្ញាធរ​ចាប់​ពួក​ខ្ញុំ [​ពួក​ខ្ញុំ​]​បាន​ចោទប្រកាន់​អាជ្ញាធរ​ថា ចាប់​ខ្ញុំ​ខុសច្បាប់ បែរជា​អត់​ដឹង​កំហុស​ខ្លួនឯង​ដែល​ទៅ​បំផ្លាញ​ដី​រដ្ឋ​»​។

លោក​ផុន ផេន ​បាន​គោរព​អរគុណ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ​ដែល​បាន​អនុ​ញ្ញាត​ឱ្យ​ពួកគេ​មាន​ឱកាស​ចេញមក​សារភាព​ទទួលកំហុស ​និង​អំពាវនាវ​ដល់​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បែបនេះ​បន្តទៀត​។

នៅ​ថ្ងៃទី​២១ ខែសីហា​នេះ មេខ្លោង​១​រូប​ទៀត ឈ្មោះ កែម ហាន ភេទ​ប្រុស មាន​លំនៅ ក្នុងភូមិ​សែន​ជ័យ នៅ​ស្រុក ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ ​បាន​សារភាពថា ​ដោយសារ​ខ្លួន និង​បក្ខពួក​មានគំនិត​ចង់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ទើប​នាំគ្នា​ឡើងមក​ទន្ទ្រាន​ដី​រដ្ឋ​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៥ ភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា​។

លោក​ថា​៖«ចាប់ពី​ថ្ងៃនេះ​ទៅ ខ្ញុំ​ឈប់​ទៅ​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដី​រដ្ឋ​នេះ​ទៀតហើយ​។ សូម​បងប្អូន​ទាំងអស់គ្នា ​ប្រជាពលរដ្ឋ​ កុំ​ធ្វើ​តម្រាប់​តាម​ខ្ញុំ​តទៅទៀត នេះ​ជា​អំពើ​ខុសឆ្គង​។ សូម​បងប្អូន​២៩០​នាក់​ហ្នឹង ពីថ្ងៃ​ហ្នឹង​ទៅ ឈប់​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ទៀត»។​

មេខ្លោង​ម្នាក់ទៀត ឈ្មោះ​នាង វឹង ភេទ​ប្រុស មាន​លំនៅ ក្នុងភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា បាន​សារភាពថា មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ឈ្មោះ​កែម ហាន និង​ឈ្មោះ​ផុន ផេ​ន ក្នុង​ការចូលទៅ​ទន្ទ្រាន​កាន់កាប់​យក​ដី​រដ្ឋ​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៥ ភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា​។

លោក​បន្តថា​៖«ពួក​ខ្ញុំ​បាននាំគ្នា​ឡើងទៅ ​ប៉ុនប៉ង ​និង​ចាប់យក​ដី​របស់​រដ្ឋ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៥ ​ភូមិ​ចាំស្រី ​ឃុំ​កំពង់សីលា​។ ពេល​មុននឹង​ឡើងទៅ បាន​ប្រជុំ​ពិភាក្សាគ្នា​ចំនួន ៣​ដង ក្នុងនោះ ២​ដង​ពិភាក្សា​នៅផ្ទះ​បង​ផុន ផេ​ន និង​លើក​ទី​៣ ប្រជុំ​នៅ​ថ្ងៃកើតហេតុ កាលពី​ថ្ងៃទី​១៣ ខែមីនា​»​។​

មេខ្លោង​រូបនេះ​ថា ​ក្រោយពី​កើតហេតុ ​ហើយ​ដឹងថា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​មួយចំនួន​ ដូច្នេះ​ក៏រ​ត់ទៅ​រស់នៅ​ជិត​ព្រំដែន​ថៃ​។ ពេលទៅដល់​ព្រំដែន​ថៃ រស់នៅ​អស់​រយៈពេល​ច្រើន​ថ្ងៃ ទើប​ទទួលបាន​ដំណឹង​ថា លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​ឱ្យចូល​ខ្លួន​មក​សារភាព ទើប​ចូលខ្លួន​មក​សារភាព​តាមច្បាប់​។

លោក​ហ៊ុន សែន​ ថ្លែង​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ ​កាលពី​ថ្ងៃទី​១៧ ខែសីហា​ ឆ្នាំ​២០២២ ​ដោយបាន​ណែនាំ​ឱ្យ​មេខ្លោង​ដែល​ប្រមូល​ពលរដ្ឋ​ទៅ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ​និង​ដីឯកជន ចូលទៅ​សារភាព​ជាមួយ​អាជ្ញាធរ ​មុនពេល​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​។

លោក​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖«មេខ្លោង​ម្នាក់នេះ ត្រូវ​ទៅ​បង្ហាញខ្លួន​យ៉ាង​ឆាប់​នៅឯ​ខេត្ត​ រួច​ហើយ​ចាំ​និយាយ​គ្នា​ក្រោយ​។ ត្រូវ​ទៅ​ទទួល​ខុសត្រូវ ​អ្នកឯង​ប្រមូល​ប្រជាជន​ទៅ​កាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ»៕