
ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី។ រូបថត Royal du Cambodge
តាកែវៈ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៩ ខែសីហា បានចេញព្រះរាជក្រឹត្យបង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ដើម្បីធានានិរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។
ព្រះរាជក្រឹត្យចុះថ្ងៃទី ១៩ ខែសីហា បានឱ្យដឹងថា ការបង្កើតតំបន់ថែរក្សា អភិរក្សនេះមានគោលបំណងអភិវឌ្ឍសួនភូតគាមសាស្ត្រដែលមានពូជឈើប្រណីត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ អភិវឌ្ឍជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ។ ផ្តល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ។
ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើរវាងមនុស្ស សត្វព្រៃ និងព្រៃឈើ។ បង្កើតគម្របបៃតង និងបង្កើនសោភណភាពក្នុងតំបន់។ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ សត្វព្រៃ និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ មាត្រា ៣ នៃព្រះរាជក្រឹត្យចែងថា ឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មានផ្ទៃដីទំហំសរុប ២ ០២៥ (ពីរពាន់ម្ភៃប្រាំ) ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ។ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ ត្រូវបានបែងចែកជា ៣ តំបន់ដូចជា តំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃជាតំបន់ សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១ ០២១ (មួយពាន់ ម្ភៃមួយ) ហិកតា។
តំបន់សួនភូតគាមឈើប្រណីតភ្នំតាម៉ៅជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណីត និងសោភណភាព ដែលមានផ្ទៃដីទំហំ ៥៣០ (ប្រាំរយសាមសិប) ហិកតា។
តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ (បួនរយចិតសិបបួន) ហិកតា។ ក្នុងព្រះរាជក្រឹត្យបានឱ្យដឹងទៀតថា ការរៀបចំ និងការប្រព្រឹត្តទៅនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ត្រូវកំណត់ដោយអនុក្រឹត្យ។ ព្រះរាជក្រឹត្យបញ្ជាក់ថា៖ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចគ្រប់គ្រងតំបន់ឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ និងត្រូវរៀបចំផែនការគ្រប់គ្រងឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ និងអភិវឌ្ឍឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព»។
លោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ ខែសីហាថា កម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើកំពុងបន្តធ្វើការសម្អាតដី និងដាំដុះឱ្យត្រូវទៅតាមស្តង់ដាសួនភូតគាម។ លោកថា វឌ្ឍនភាពនៃការដាំកូនឈើមិនទាន់អាចបញ្ជាក់ច្បាស់បានទេដោយសារផែនការមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ក្នុងនោះមានដើមឈើខ្លះដែលដាំហើយ ត្រូវដកចេញវិញ រៀបចំដាក់ដាំសាជាថ្មី ធ្វើយ៉ាងណាឱ្យមានរបៀបរៀបរយល្អ មានគុណភាព ហើយពេលដើមឈើដុះលូតលាស់ធំមានសោភណភាពស្អាតនៅទីនោះ។
លោកថ្លែងថា៖ «ឥឡូវយើងដាំដុះបណ្តើរ សម្អាតបណ្តើរ ធ្វើយ៉ាងណាដាំឱ្យត្រូវស្តង់ដា មានរបៀបរៀបរយ ជាពិសេសមានគុណភាព ដើម្បីឈើដុះឡើងមានសោភណភាពស្អាតទាក់ទាញមួយផ្នែក កម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើកំពុងធ្វើការនៅទីនោះ មានទាំងកម្លាំងអង្គរក្ស និងគ្រឿងចក្រជាច្រើនគ្រឿង»។
លោក ម៉ុង ឫទ្ធី អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានឱ្យដឹងនៅថ្ងៃទី ២១ ខែសីហា ថា ចាប់តាំងពីថ្ងៃចន្ទ ទី ៨ ខែសីហា រហូតមកដល់ថ្ងៃអាទិត្យ ទី ២១ ខែសីហា នេះ លោកបានដឹកជញ្ជូនកូនឈើប្រណីតប្រភេទបេង និងធ្នង់ សម្រាប់យកមកដាំនៅក្នុងតំបន់ភ្នំតាម៉ៅបានចំនួន ៣៣ ១៣០ ដើមហើយ។
លោកបន្តថា កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវលើការផ្តល់កូនឈើជាង ៧០ ០០០ ដើម ក្រុមហ៊ុនប៉ោយប៉ែត ស៊ែថឺឡាយន៍ស៊ីធី ២០ ០០០ ដើម។
ចំណែកនៅថ្ងៃពុធទី ១៧ ខែសីហានេះ កញ្ញា សុវណ្ណា អង្គការ សម្ព័ន្ធសត្វព្រៃ បានជួយជាង ១០ ០០០ ដើមបន្ថែមទៀត សរុប ១០០ ០០០ ដើមបូករួមទាំងកូនឈើដែលជាអំណោយរបស់លោកបន្ថែមទៀតស្មើនឹង ១៣៣ ១៣០ ដើម។
លោកថ្លែងថា៖ «ចំនួននេះអាចលើសពីតម្រូវការបន្តិចទៅហើយ បើកូនឈើនៅសេសសល់គុណភាពអាចទទួលយកបានទាំងប៉ុន្មាន យើងអាចរក្សាទុកសម្រាប់ជួសនៅពេលដែលវាមានការខូចខាត»។
លោកបានគូសបញ្ជាក់ថា សរុបការដាំដុះកូនឈើរហូតមកដល់ល្ងាចថ្ងៃសៅរ៍ ទី ២០ ខែសីហា សម្រេចបានចំនួន ២៧ ៧.៥០ ហិកតារួចហើយ។ លោកថា ក្រោយពេលបានដាំលើកទី ១ រហូតមកដល់ល្ងាចថ្ងៃសៅរ៍នេះសំណាងល្អណាស់ដែលមានភ្លៀងធ្លាក់មក ៥ មេធ្វើឱ្យកូនឈើទាំងអស់លូតលាស់បានល្អគួរសម។ លោកថា៖ «សប្តាហ៍ក្រោយនេះ ខ្ញុំនឹងដឹកកូនឈើធ្នង់ចំនួន ២ ឡានដែលមានចំនួនប្រមាណជា ១៥ ៦០០ ដើមបន្ថែមមកទៀត តាមសំណូមពររបស់ឯកឧត្តមប្អូននាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សដឹកនាំអនុវត្តសម្អាតទីតាំងដី និងដាំដុះកូនឈើដោយផ្ទាល់យ៉ាងល្អឥតខ្ចោះ»។
លោកនាយករដ្ឋមន្ត្រីសម្រេចឱ្យមានការថែរក្សារហូតដល់រៀបចំឱ្យមានទាំងព្រះរាជក្រឹត្យផងដែរ។ សកម្មជនបរិស្ថាន លោក សាន់ ម៉ាឡា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែសីហាថា លោកគាំទ្រការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរក្សាទុកតំបន់ភ្នំតាម៉ៅជាតំបន់អភិរក្ស ដោយគ្មានការកែប្រែ ហើយការសម្រេចនេះបានស្រាយចម្ងល់របស់សាធារណជនទូទៅដែលបានបារម្ភថា តំបន់ភ្នំតាម៉ៅអាចក្លាយជាដីឯកជន តាមរយៈសកម្មភាពដែលបានបង្ហាញឱ្យឃើញតាមរយៈបណ្តាញសង្គមដែលមានក្រុមមនុស្សចូលទៅជីកដីគាស់ដី។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាថ្លែងនៅពេលចុះទៅតំបន់ប្រតិបត្តិការសឹកនៅខេត្តស្ទឹងត្រែងនៅថ្ងៃទី ១៨ ខែសីហាថា មានជនបរទេសម្នាក់បានតាំងខ្លួនជាអ្នកស្រឡាញ់បរិស្ថាន ប៉ុន្តែធ្វើសកម្មភាពបែប នយោបាយដើម្បីកេងចំណេញ តាមរយៈប្រឌិតរឿងនៅតំបន់ភ្នំតាម៉ៅដែលមិនអាចទទួលយកបាន គឺចោទប្រកាន់រូបលោកថាជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយតំបន់ភ្នំតាម៉ៅ ខណៈដែលលោកគ្មានការពាក់ព័ន្ធទាល់តែសោះ។ លោកថា៖ «ការរិះគន់ដើម្បីស្ថាបនាគឺខុសពីការប្រឌិតបញ្ហា ដើម្បីចោទប្រកាន់ មួលបង្កាច់។ ខ្ញុំស្វាគមន៍ចំពោះការរិះគន់ ដើម្បីស្ថាបនាប្រកបដោយចេតនាសុចរិត ប៉ុន្តែមិនអាចទទួលបាននូវការប្រឌិតបញ្ហាក្នុងចេតនាទុច្ចរិតនោះទេ»៕