ភ្នំពេញៈ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យ​ដឹងថា មកដល់​ពេលនេះ មាន​កម្មករ​រោងចក្រ​ឃែនធើរេន អែភែរឹល ជាង​ ១៤០ ​នាក់​ហើយ បានមក​ទទួល​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន ​៣ ​ចំណុច ដែល​ក្រសួង​បាន​ចំណាយ​ថវិកា​បុរេប្រទាន​ជាង​ ៦០ ​ម៉ឺន​ដុល្លារ សម្រាប់​បើក​ផ្តល់ជូន​កម្មករ​។

ការប្រកាស​បើក​ផ្តល់ និង​ចំណាយ​ថវិកា​បុរេប្រទាន​របស់​រដ្ឋ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ​១៧ សីហា បាន​បញ្ជា​ឱ្យ​ក្រសួង​ការងារ​ចេញ​កញ្ចប់​ថវិការដ្ឋ ដើម្បី​ដោះស្រាយ​ផ្តល់​សំណង​ដល់​កម្មករ កម្មការិនី​នៅ​រោងចក្រ ឃែនធើរេន អែភែរឹល​ (​ខេមបូឌា​) ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ថ្លឹង​ ៣ សង្កាត់​ចោមចៅ​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ ដែល​ត្រូវបាន​ថៅកែ​បិទទ្វារ​រត់ចោល​អស់​ជាច្រើន​ខែ ហើយ​ពួកគេ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២១ សីហា ថា​មកដល់​ពេលនេះ​មាន​កម្មករ​ចំនួន ១៤៤ ​នាក់ ក្នុងចំណោម​កម្មករ​សរុប ៤២០​ នាក់​បានទទួល​ថវិកា​រួចរាល់​ហើយ​។ លោក​ថា ការបើក​ផ្តល់ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន​ ៣ ចំណុច​ដល់​កម្មករ​ក្នុង​រោងចក្រ​នេះ គឺ​ចំណាយ​ថវិកា​ជាង​ ៦០​ ម៉ឺន​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​មកដល់​ពេលនេះ គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាន​បើក​ផ្តល់​ដល់​កម្មករ​នៅក្នុង​រោងចក្រ ឃែធើរេន បាន​ចំនួន​ ១៤៤ ក្នុងចំណោម​ ៤២០ ដោយសារ​ចុង​សប្តាហ៍​។ ការប្រើប្រាស់​ថវិកា​បើក​ផ្តល់​ជូន​កម្មករ​រោងចក្រ​នេះ គឺ​មាន​ថវិកា​បុរេប្រទាន​ជាង​ ៦០ ​ម៉ឺន​ដុល្លារ​»​។

កាលពី​ថ្ងៃទី​ ១៨ សីហា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានប្រកាស​ឱ្យ​កម្មករ​មក​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ចាប់ពី​ថ្ងៃទី​ ១៩ សីហា តទៅ ដោយ​ប្រាក់​ទាំងនោះ គឺ​ផ្តោតលើ​ ៣​ ចំណុច ដោយ​ទី​ ១ ប្រាក់​ឈ្នួល​ខែ​ចុងក្រោយ ដែល​មិនទាន់បាន​បើក ទី​ ២ ប្រាក់​បំណាច់​ជួស​ការសម្រាក​ប្រចាំឆ្នាំ ដែល​នៅសល់ និង​ទី​ ៣ ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ និង​ប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែល​មាន​មុន​ឆ្នាំ​ ២០១៩​។

លោក​ ទេស រុក្ខាផល អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ សម្រាប់​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅតាម​គ្រប់​មុខសញ្ញា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃទី​ ២១ សីហា ថា កម្មករ​នៅតែ​មក​ទទួល​ប្រាក់​ទាំងនេះ​ជា​បន្តបន្ទាប់ ហើយ​អាចមក​ទទួល​ប្រាក់​ទាំងនេះ​បាន​ចាប់​ពីថ្ងៃ​ចន្ទ​បន្តទៀត រៀងរាល់​ម៉ោង​ធ្វើការ ដោយ​ភ្ជាប់​ជាមួយ​លិខិត​សម្គាល់​ខ្លួន​។

លោក​ឱ្យដឹង​ថា​៖ «​ជាមួយ​នឹង​ការ​មក​ទទួល​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន ៣ ​ចំណុច កម្មករ​នៅតែ​អាច​មក​បើក​ថវិកា​ពី​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា ក្នុង​ពេល​ម៉ោង​ធ្វើការ​។ កម្មករ គាត់​មាន​អតីតភាព​ការងារ ខុសៗ​គ្នា ដូច្នេះ​ប្រាក់​ដែល​ពួកគាត់​ទទួលបាន​ក៏​ខុសគ្នា​ទៅ​តាម​ហ្នឹង​ដែរ ដែល​ខ្ញុំ​មិនអាច​បញ្ជាក់​បាន​ថា ពួកគាត់​បាន​ប៉ុន្មាន​ក្នុង​ម្នាក់​ទេ​»​។

អ្នកស្រី សាន់ សុផា តំណាង​សហជីព​រោងចក្រ ឃែធើរេន បាន​លើកឡើង​ថា ការផ្តល់​ថវិកា​ពី​រដ្ឋាភិបាល​ក្នុង​ពេលនេះ គឺ​បាន​ជួយ​ដល់​ជីវភាព​កម្មករ ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត នៅពេល​រោងចក្រ​បាន​បិទទ្វារ​។

ប៉ុន្តែ​ទោះ​យ៉ាងណា អ្នកស្រី​ថា ប្រាក់​ទាំងនេះ​មិនទាន់​ទូទាត់​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ​ទេ ព្រោះ​កម្មករ​ត្រូវបាន​ថែម​ចំនួន ២ ​ចំណុច​ទៀត ពីលើ​ ៣​ ចំណុច ដែល​រដ្ឋ​បាន​ផ្តល់ជូន​។

អ្នកស្រី​អះអាង​ថា កម្មករ​ទាំងអស់​នៅ​បន្ត​នីតិវិធី​ក្នុងការ​ប្តឹង​ថៅកែ​រោងចក្រ​ទៅ​តុលាការ​បន្តទៀត ដើម្បី​ឱ្យ​មាន​ការផ្តល់​ប្រាក់​ចំនួន​ ២ ​ចំណុច​មកកាន់​កម្មករ​។

អ្នកស្រី​ សុផា ​បញ្ជាក់ថា​៖ «​សម្រាប់​ពួកខ្ញុំ ពិតជា​ល្អ​មែនទែន ព្រោះ​យើង​ក៏​កំពុង​ខ្វះខាត គ្រាន់តែ​វា​មិនសូវ​ជា​សប្បាយចិត្ត ដោយសារ​តែ​ទូទាត់​ ៣ ​ចំណុច​នេះ គឺ​មិនទាន់​គ្រប់​ទេ​។ ការផ្តល់ជូន​ ៣ ​ចំណុច​នេះ គឺ​ខាត​ប្រយោជន៍​កម្មករ​ជាច្រើន ព្រោះ​កម្មករ​យើង អ្នកខ្លះ​មាន​អតីតភាព ១០ ទៅ​ ២០ ​ឆ្នាំ ហើយ​រោងចក្រ​នេះ មិនមែន​មាន​តែ ​១ ​ទេ គឺ​មាន​ផ្សេងទៀត​កំពុង​ដំណើរការ​»​។

អ្នកស្រី​ សាន់ សុផា បញ្ជាក់​ថា​៖ «​អ្វីដែល​យើង​បាន​មិនទាន់​គ្រប់ គឺ​កម្មករ​នៅតែ​ប្តឹង​ទាមទារ​បន្តទៀត ព្រោះ​ការទូទាត់​នេះ​មិនទាន់​ស្រប​តាម​ច្បាប់​ទេ​។ លុយ​ដែល​សម្តេច​ផ្តល់ឱ្យ​នេះ យើង​ក៏​ទទួល តែ​យើង​ត្រូវ​មាន​លក្ខខណ្ឌ​ជាមួយ​ក្រសួង ដើម្បី​ប្តឹងទៅ​ថៅកែ ដើម្បី​ឱ្យ​សង​ពី​ ២ ​ចំណុច គឺ​ប្រាក់​ជូនដំណឹង និង​ប្រាក់​សងជំងឺចិត្ត​»៕

វីដេអូ៖