កំពង់ធំៈ មន្ត្រី​ធនធាន​ទឹក​ខេត្តកំពង់ធំ​បាន​និយាយថា កម្ពស់​ទឹកស្ទឹង​សែន​នាពេលនេះ​បាន​ចាប់ផ្ដើម​ស្រក​ចុះ​ជា​បណ្ដើរៗ​ឡើងវិញ​ហើយ បន្ទាប់ពី​បាន​ជន់​ឡើង​ខ្លាំង​ហួស​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន កាលពីដើម​សប្ដាហ៍​មុន ប៉ុន្តែ​ស្ថានភាព​អាកាសធាតុ​នៅតែ​បន្ត​អួអាប់ និង​មាន​ភ្លៀង​ធ្លាក់​ដោយ​កន្លែង​នៅឡើយ​។

លោក ហេ គឿន ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី​ ២១ ខែសីហា​ថា កម្ពស់​ទឹក​ស្ទឹងសែន​បាន​ស្រក​ចុះមក​នៅត្រឹម​ ១៣,៥២​ ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃទី​ ១៨ ខែសីហា​កន្លង​មកនេះ ទឹកបាន​ស្រក​ចុះ​អស់​ ៦ ​សង់ទីម៉ែត្រ​។ ប៉ុន្តែ​កម្ពស់​ទឹក​នៅតែ​ខ្ពស់ជាង​កម្រិត​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ២​ សង់ទីម៉ែត្រ​ទៀត​នៅឡើយ​។

លោក​បាន​ថ្លែងថា​៖ «​យោងតាម​ស្ថានភាព​អាកាសធាតុ និង​និន្នាការ​នៃ​ចរន្ត​ទឹកស្ទឹងសែន​នាពេលនេះ កម្ពស់​ទឹកនឹង​បន្ត​ស្រក​ចុះ​ជា​-បន្តបន្ទាប់​ថែមទៀត នៅក្នុង​សប្ដាហ៍​នេះ​»​។

លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​គ្រោះ​ទឹកជំនន់ និង​បាន​បញ្ជា​ឱ្យ​កងកម្លាំង​បញ្ជាការ​ឯកភាព​ខេត្ត​សហការ​ជាមួយ​កម្លាំង​បញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង និង​ត្រៀម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ក្នុងករណី​មាន​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​កើតឡើង​។

លោក​បាន​បញ្ជាក់ថា​៖ «​ថ្វីបើ​ទឹកបាន​ស្រក​ចុះ​បន្តិច​ក្ដី ប៉ុន្តែ​នៅ​មិនទាន់​ស្រក​ផុតពី​កម្រិត​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​នោះទេ ដូច្នេះ​យើង​មិនត្រូវ​មើលស្រាល​នោះឡើយ​។ យើង​ត្រូវ​បង្កើន​ការប្រុង​ប្រយ័ត្ន​គ្រប់​ពេលវេលា នឹង​ត្រៀម​គ្រប់​មធ្យោបាយ និង​កងកម្លាំង ដើម្បី​អន្តរាគមន៍​ជួយ​​សង្គ្រោះ និង​ស្ដារ​ឡើងវិញ​ពី​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នេះ​»​។

កាលពីដើម​ខែសីហា ជំនន់​ទឹកភ្លៀង និង​ទឹក​ទន្លេ​ស្រែពក​បាន​បង្ក​ជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង​ ៤០០ ​គ្រួសារ នៅក្នុង​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ប្រជាពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ខណៈ​ជំនន់​ទឹកភ្លៀង និង​ទឹកអូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ភូមិសាស្ត្រ ខេត្ត​បន្ទាយមានជ័យ បាន​បង្ក​ជន់លិច​លំនៅឋាន​ប្រជាពលរដ្ឋ​មួយចំនួន ក្នុង​តំបន់​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត និង​ស្រុក​ម៉ាឡៃ​។ ទោះជា​បែប​ណា​ក្ដី ក្រុម​អន្តរាគមន៍​សង្គ្រោះ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ទាំង​ ១៦ ​អង្គភាព បាន​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខេត្ត​នីមួយៗ បាន​ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ពី​តំបន់​រងគ្រោះ និង​ស្ដារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវលំ និង​ស្ពាន ដែល​ខូចខាត​ដោយ​គ្រោះទឹកជំនន់​៕