កណ្តាលៈ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​លើ​ករណី​បុគ្គលិក​ជនជាតិ​វៀតណាម​ជាង​ ៤០​ នាក់ បាន​បុក​ទម្លុះ​ទ្វារ​រត់​ចេញពី​អគារ​កាស៊ីណូ​មួយ​នៅ​ឃុំ​ជ្រៃធំ ស្រុក​កោះធំ ជាប់​ព្រំប្រទល់​វៀតណាម​កាលពី​ថ្ងៃទី ​១៨ សីហា ខណៈ​សមត្ថកិច្ច​បាន​ឃាត់​មេការ​កាស៊ីណូ​ និង​អ្នកពាក់ព័ន្ធ​សាកសួរ​។

ចំណាត់ការ​នេះ​ធ្វើឡើង​ បន្ទាប់ពី​មាន​បុគ្គលិក​ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ជាង ៤០ ​នាក់​បាន​ទម្លុះ​ទ្វារ​ចេញពី​កាស៊ីណូ​ឈ្មោះ Golden Phonix Entertainment ស្ថិតក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​វៀតណាម​កាលពី​ថ្ងៃទី​ ១៨ ខែសីហា​។

អភិបាល​ខេត្តកណ្តាល​លោក គង់ សោភ័ណ្ឌ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២១ សីហា​ថា បាតុភាព​បណ្តាល​ឱ្យ​បុគ្គលិក​សម្រុក​រត់ចេញ​នោះ ដោយសារ​មាន​វិវាទ​ការងារ​កើតឡើង​រវាង​ថៅកែ និង​បុគ្គលិក​និយាយ​មិនត្រូវ​គ្នា​។ យ៉ាងនេះ​ក្តី លោក​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែមទៀត​ពាក់ព័ន្ធ​ច្បាប់​ការងារ ក៏ដូចជា​លិខិត​ឆ្លងដែន​ចំពោះ​អ្នក​រត់គេច​នោះ ថា តើ​ជនអន្តោប្រវេសន៍​ទាំងនោះ​មក​ធ្វើការ​ដោយ​ស្របច្បាប់​ឬ​យ៉ាងណា​? លោក​ថា​៖ «​យើង​ជំនាញ​ខាង​ខេត្ត ក្រសួង​មហាផ្ទៃ ក៏ដូចជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កំពុង​ស្រាវជ្រាវ​បន្តទៀត តែ​លទ្ធផល​បែបណា​នោះ​មិនទាន់​បាន​លើកឡើង​ទេ ដោយសារ​រឿងនេះ​ត្រូវ​មើល​ឱ្យ​សព្វគ្រប់​ជ្រុងជ្រោយ ថា​តើ​វិវាទ​កើតចេញ​មកពី​អ្វី យើង​ត្រូវ​មើល​ច្បាប់​ការងារ លិខិត​ឆ្លងដែន ថា​គាត់​ជន​អន្តោប្រវេសន៍​ស្របច្បាប់​ដែរ​អត់​?»​។

លោក​ថា ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេការ​ និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​ផងដែរ​ បន្ទាប់ពី​បុគ្គលិក​ទាំងនោះ​មួយ​ចំនួន​បាន​ហែល​ទឹក​ឆ្លងដែន​ចូល​ដី​វៀតណាម​ដែល​ជាប់​ព្រំប្រទល់​កម្ពុជា​។

លោក​ថា​៖ «​ព្រោះ​មាន​មនុស្ស​ហែល​ទឹក​ចូលទៅ​ប្រទេស​វៀតណាម​តាម​ស្ទឹង​ជ្រៃធំ ស្ទឹង​នេះ​មាន​ទទឹង​ប្រហែល​ជាង ​៤០ ​ម៉ែត្រ អ៊ីចឹង​ហែល​បន្តិច​ទៅ​ចូលដល់​ដី​វៀតណាម​។ អ៊ីចឹង​យើង​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​ឃាត់​ពួកគាត់​សួរនាំ​ពី​ដំណើរ​ដើមទង ប៉ុន្តែ​វា​អត់​មាន​ជា​បទល្មើស​ធំធេង គ្រាន់តែ​ជា​វិវាទ​មួយ​ដែល​ត្រូវការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​​ជនរងគ្រោះ​»​។

លោក គង់ សោភ័ណ្ឌ ឱ្យដឹង​ដែរ​ថា ក្នុង​ហេតុការណ៍​នោះ​ក៏បង្ក​ឱ្យ​សន្តិសុខ​ក្រុមហ៊ុន ​២ ​នាក់​របួសស្នាម​ដែរ បន្ទាប់ពី​ពួកគេ​ព្យាយាម​ឃាត់​បុគ្គលិក​ដែល​សម្រុក​រត់ចេញ ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​នោះ​យក​កាំបិត​ និង​ដែក​វាយ​ទៅលើ​សន្តិសុខ​បង្កឱ្យមាន​រយះ​ជើង​។

ពាក់ព័ន្ធ​ករណីនេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោក ស ខេង បាន​ថ្លែងថា ក្នុង​ហេតុការណ៍​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​មេការ​ និង​ជនរងគ្រោះ​មួយចំនួន​ ដើម្បី​សួរនាំ​បន្ត​នីតិវិធី​។ លោក​បន្តថា​៖ ​​«​ខ្ញុំ​មិនទាន់​មាន​ព័ត៌មាន​ជាក់លាក់​ទេ ប៉ុន្តែ​ព័ត៌មាន​ជាបឋម​មក​ថា បុគ្គលិក​ទាំងនោះ​ប្រហែល​មក​ធ្វើការ​ខុសច្បាប់ ហើយ​មាន​ការសន្យា​ផ្តល់​ប្រាក់ខែ ប៉ុន្តែ​ការងារ​នោះ​មិន​ដូច​ទៅតាម​អ្វីដែល​គេ​បាន​សន្យា​»​។ លោក ស ខេង បាន​ថ្លែង​បែបនេះ​ប្រាប់​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ស្ថាប័ន​ចំនួន​ ៦ និង​ក្រសួង ស្ថាប័ន​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ប្រចាំ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ កាល​ព្រឹក​ថ្ងៃទី​ ១៩ សីហា​។ ​លោក​ថ្លែងថា​៖ «​តាម​ខ្ញុំ​ដឹង​ជនជាតិ​វៀតណាម​នៅ​ជិត​ព្រំដែន អ៊ីចឹង​គាត់​រត់ចេញ​ឆ្លងទៅ​វៀតណាម​ហើយ​នៅមាន​សេសសល់​ជនរងគ្រោះ​ខ្លះ​ ដែល​ទៅ​វៀតណាម​អត់​ទាន់​រួច​។ បុគ្គលិក​ទាំងនោះ​មាន​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ប៉ុន្តែ​មួយ​ចំនួន​ធំ​ចូលមក​ស្របច្បាប់ ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យ​ទៀតថា​មាន​បណ្ណ​ការងារ​ឬ​អត់​»​។

សារព័ត៌មាន​វៀតណាម e.-vnexpress.net បាន​ចុះផ្សាយ​ថា ប៉ូលិស​វៀតណាម​នៃ​ខេត្ត An Giang បាន​រកឃើញ​សាកសព​យុវជន​ម្នាក់ អាយុ​ ១៦ ឆ្នាំ​ដែល​រត់​ចេញពី​កាស៊ីណូ​នៅ​ឃុំ​ជ្រៃធំ​នៃ​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​កំពុង​ធ្វើ​កោសល្យវិច័យ​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ពី​ភាគី​កម្ពុជា​ ប៉ុន្តែ​លោក​ ស៊ីម ឃាង អធិការ​ស្រុក​កោះធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឱ្យ​សួរ​ទៅ​ថ្នាក់លើ ខណៈ​លោក​ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​ទូរស័ព្ទ​ចូល​តែ​ពុំមាន​អ្នកទទួល​។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​លោក អំ សំអាត បាន​សម្តែង​ការព្រួយបារម្ភ​ ចំពោះ​ហេតុការណ៍​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដែល​ត្រូវបាន​លេច​ឡើង​ជា​បន្តបន្ទាប់​។ លោក​ថា​៖ «​ថ្មីៗ​នេះ​យើង​ឃើញ​ស្ថាប័ន​ព័ត៌មាន​ជាតិ និង​ស្ថាប័ន​អន្តរជាតិ​បាន​ចុះផ្សាយ​ និង​ចេញ​របាយការណ៍​ទាក់ទង​បញ្ហា​ការជួញដូរ​មនុស្ស ជាពិសេស​ការជួញដូរ​កម្លាំង​ពលកម្ម ដែល​ប្រព្រឹត្ត​ទៅតាម​អនឡាញ​»​។ ជាមួយ​គ្នា​នេះដែរ​លោក ជំរុញ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព បើ​ពុំ​នោះទេ​កម្ពុជា​នឹងរង​ផលប៉ះពាល់​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ប៉ះពាល់​ដល់​ការវិនិយោគ​ជាដើម​។ លោក​ថា​៖ «​យើង​គាំទ្រ​ការបង្ក្រាប​ និង​ការទប់ស្កាត់​រាល់​ករណី​នៃ​ការជួញដូរ​មនុស្ស ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ត្រូវ​ពង្រឹង​បន្ថែមទៀត​នូវ​យន្តការ​ ដើម្បី​ទប់ស្កាត់​ និង​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ ទោះបី​អ្នកពាក់ព័ន្ធ​នោះ​មាន​ឋានន្តរស័ក្ដិ​ប៉ុនណា​ក៏ដោយ​»​។

យ៉ាងណា​មិញ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​ថា ក្រសួង​កំពុង​រៀបចំ​ផែនការ​ប្រតិបត្តិការ​ ដើម្បី​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ជាក់ស្តែង​មួយទៀត​ និង​ត្រៀម​ សម្រាប់​ការប្រជុំ​ជាមួយ​នឹង​ដៃគូ​អន្តរជាតិ​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា ដោយ​មាន​បេសកកម្ម​ទី​ ១ ​គឺ​ជួយ​ជនរងគ្រោះ និង​ទី​ ២ ចាប់​មេខ្លោង​ពាក់ព័ន្ធ​ ដើម្បី​យកមក​​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕