ភ្នំពេញៈក្រុម​ប្រតិបត្តិ​ករ​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទា​ន់​ផ្ទុះ​ក្រោម​ទឹក ​និង​ស្រង់​នាវា​លិច​ក្នុង​បាត​ទន្លេ មកពី​ស្ថា​ប័ន​ចម្រុះ​រួម​ទាំង​វិស័យ​ឯកជន​ បាន​និង​កំពុង​សហ​ការ​គ្នា​ព​ន្លឿ​នបូម​ខ្សាច់​ចេញ​ពី​នាវា​ និង​ស្រង់​យក​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ចេញ​ពី​បាត​ទន្លេ​មេគង្គ​ដែល​លិច​នៅ​ក្នុង​សម័យ​សង្គ្រាម​ចន្លោះ​ឆ្នាំ​ ១៩៧០-​១៩៧៥ ​ស្ថិត​នៅ​ភូមិ​កោះ​ពាម​រាំង​ ឃុំ​កោះ​ចេក​ ស្រុក​ពាម​ជរ​ ខេត្ត​ព្រៃ​វែង​ ។​

​លោក​ ហេង​ រតនា អគ្គនាយក​ស៊ីម៉ាក់ ​(CMAC) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២២ ​ខែសីហា​ថា ក្រោយ​កិច្ច​ប្រជុំ​ជា​មួយនឹង​លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ រួម​ជា​មួយ​នឹង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត កាល​ពីដើម​ខែសីហា ឆ្នាំ ​២០២២ ក្រុម​ការងារ​បាន​និង​កំពុង​សហ​ការ និង​ឯក​ភាព​គ្នា​ជំរុញ​ល្បឿននៃ​ការ​បូម​ខ្សាច់ ​ដើម្បី​គាំទ្រ​នៃ​ការ​ស្រង់​គ្រាប់និង​នាវាចេញ​ពី​ទន្លេ​មេ​គង្គឱ្យ​បាន​លឿន ​។​

​លោក​បន្ត​ថា មិន​មែន​ត្រឹម​តែ​មាន​កិច្ច​សហ​ការ​គ្នាលើកិច្ច​ប្រតិ​បត្តិការ​នេះ​ទេ ក្រុម​ការ​ងារ​បាន​ឈរ​នៅលើ​មូល​ដ្ឋាន​សំខាន់​ចំនួន ៣ ទី ១- ក្រុម​ប្រតិ​បត្តិ​ករ​នៅ​ទីតាំង​ការ​ដ្ឋានត្រូវ​មាន​ការ​ពិភាក្សា​ពី​បច្ចេក​ទេស​ក្នុងការ​បូម​ខ្សាច់ ​ដើម្បី​កុំឱ្យ​ប៉ះ​ពាល់ និង​ធានា​សុវត្ថិ​ភាព ទី ២- ក្រុម​ប្រតិ​បត្តិ​ករ មាន​ការ​ហ្វឹក​ហ្វឺន​មួយ​ប្រកប​ដោយ​ស្តង់​ដា​ជា​មួយ​ដៃគូ​ពាក់​ព័ន្ធ​ឱ្យ​យល់​ច្បាស់​ពី​នីតិ​វិធី​ និង​ទី៣ គឺ​ការ​បង្រួមស​មាហ​រណ​កម្ម​កម្លាំង​ឱ្យ​ទៅ​ជា​ធ្លុង​មួយ ដើម្បី​ប្រតិ​បត្តិ​ការ​នៅ​តាម​ទីតាំង​ការដ្ឋាន​ជាក់ស្តែង ។​

​លោក​ថ្លែង​ថា​​៖ «ក្នុង​កិច្ច​ប្រតិ​បត្តិ​ការយក​គ្រាប់​នេះក្នុង​ ១ ថ្ងៃៗយើង​យក​បាន​ ១០ គ្រាប់ ហើយ​ថ្ងៃ​ខ្លះ​ក៏​តិ​ចជាង​នេះ ប៉ុ​ន្តែយើងបាន​យក​គ្រាប់​ចេញ​ជា​បន្ត​បន្ទាប់​ ហើយ​ការ​បូម​ខ្សាច់​នៅ​ពេល​នេះ​នឹងធ្វើ​ឱ្យមាន​ការ​ពង្រីក​ប្រតិបត្តិ​ការ​យក​គ្រាប់​បាន​កាន់តែ​លឿន​ និង​ច្រើន​ថែម​ទៀត​» ។

​បើ​តាម លោក ហេង ​រតនា ផែ​នការ​ប្រតិ​បត្តិ​ការ​បោស​សម្អាត​យុទ្ធ​ភណ្ឌ​មិន​ទាន់​​ផ្ទុះ និង​ស្រង់​នាវានៅ​ភូមិ​កោះ​ពាម​រាំង ​ឃុំ​កោះ​ចេក ​ស្រុក​ពាម​ជរ ខេត្ត​ព្រៃ​វែងមាន​ទំហំ​ចំនួន ​២៦៨ ​ហិក​តា ដោយ​ក្នុង​នោះតំបន់​ហានិ​ភ័យ​ខ្ពស់​មាន​ចំនួន​ ១៩៧​ ហិក​តានិង​តំបន់​ដែល​ហានិ​ភ័យ​មធ្យម​ចំនួន​ ៧១​ ហិក​តា​។​

លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​វឌ្ឍន​ភាព​នៃកិច្ច​ប្រតិ​បត្តិការ​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាត​ទន្លេ​កាល​ពីថ្ងៃទី​ ១០ ​ខែ​សីហា ឆ្នាំ ​២០២២ បាន​ជំរុញឱ្យ​ក្រុម​ការងារ​អន្ដរ​ក្រសួង ត្រូ​វតែ​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំ​ងនេះ​ចេញ​ឱ្យ​អស់​ពី​ក្នុង​ទន្លេ​មេគង្គ​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ និង​ការដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​អាច​ធ្វើ​ដំណើរ​ប្រកបដោ​យ​សុវត្ថិ​ភាព​។​

​លោក​ថ្លែង​ថា​៖ «​រាជរដ្ឋា​ភិបាល​បាន​ដាក់​គោល​ដៅ​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ​ក្រោម​ទឹក​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម​ឱ្យអស់​ដើម្បី​សុវត្ថិ​ភាព​ប្រជា​ពលរដ្ឋ និង​សម្រួល​ដល់​ដំណើរ​នាវា​ចរណ៍ រួមទាំង​ការងារ​ផ្សេងៗ​ទៀត​ពាក់​ព័ន្ធ​នឹង​ទន្លេ​»៕