
អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន ក្នុងរបបសាធារណរដ្ឋខ្មែរ លោក ឆាំង សុង។ រូបថត FB
ភ្នំពេញៈ អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន ក្នុងរបបសាធារណរដ្ឋខ្មែរ លោក ឆាំង សុង បានទទួលមរណៈភាពនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី ២១ ខែសីហា ដោយរោគាពាធ។ នេះបើតាមសេចក្ដីបញ្ជាក់របស់លោកស្រី ស៊ុម សារុន ដែលជាភរិយារបស់គាត់។
លោកស្រី ថ្លែងថា តាមរយៈរោគវិនិច្ឆ័យរបស់គ្រូពេទ្យជំនាញនៃទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័នីញា សហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក ឆាំង សុង មានជំងឺរលាកតម្រងនោមធ្ងន់ធ្ងរ រួមទាំងជំងឺបេះដូង និងជំងឺដាច់សរសៃខួរក្បាល។
លោកស្រី សារុន បានបញ្ជាក់ថា៖ «ដោយសារជំងឺរបស់គាត់ មានសភាពដុនដាបខ្លាំងពេក ក្រុមគ្រូពេទ្យជំនាញ មិនអាចជួយព្យាបាលឱ្យជាសះស្បើយបាន ហើយគាត់ក៏បានស្លាប់ នៅក្នុងមន្ទីរពេទ្យនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៣ ឆ្នាំ»។
ដំណឹងនៃមរណភាពរបស់លោក ឆាំង សុង បានធ្វើឱ្យសាច់ញាតិ និង មិត្តភក្តិស្និទ្ធស្នាលរបស់គាត់ជាច្រើននាក់ រួមទាំងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាពេលបច្ចុប្បន្ននេះផងដែរ បានសរសេរសារបង្ហាញនូវការសោកស្ដាយជាពន់ពេក។
លោក ម៉ែន សាម៉ន ដែលជាសាច់ញាតិរបស់លោក ឆាំង សុង បាននិយាយរំឭកពីសម្ដីលោកសុង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «កាលពី ១០ ថ្ងៃមុនគាត់បានប្រាប់ខ្ញុំថា គាត់ចង់មកស្រុកខ្មែរយើងវិញ ហើយថាគាត់ចង់ហូបនំអន្សម។ ប៉ុន្តែឥឡូវនេះគាត់បានស្លាប់បាត់ទៅហើយ ខ្ញុំពិតជាស្រណោះសម្ដីគាត់ខ្លាំងណាស់»។
ចំណែកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរ នៅលើគណនី Facebook របស់អ្នកស្រីស៊ុម សារុន ភរិយា លោក ឆាំង សុង ថា៖ « សូមបងទៅកាន់សុគតិភព ! យើងនៅតែចងចាំបង !»។
រីឯ អ្នកស្រី Elizabeth Becker អ្នកនិពន្ធសៀវភៅ «កម្ពុជាក្រោយពេលចប់សង្គ្រាម និងបដិវត្តន៍ខ្មែរក្រហម» និងជាអ្នកបម្រើការងារឱ្យកាសែត The Washington Post បាននិយាយថា «អ្នកកាសែតពឹងផ្អែកលើគាត់ [ឆាំង សុង] ក្នុងអំឡុងពេលសង្គ្រាមហើយនៅតែជាមិត្តជាមួយគាត់អស់រយៈពេលជាច្រើនឆ្នាំ» ។ «គាត់ស្រឡាញ់ប្រទេសរបស់គាត់» ។ កើតនៅឆ្នាំ ១៩៣៩ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ឆាំង សុង បានទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកនៅដើមទសវត្សរ៍ឆ្នាំ ១៩៦០ ហើយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរដ្ឋ Louisiana ក្នុងឆ្នាំ ១៩៦៧។ ក្នុងអំឡុងសង្គ្រាមស៊ីវិលនៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ លោកបានបម្រើការជាអនុប្រធានអ្នកនាំពាក្យសារព័ត៌មានយោធា និងនៅឆ្នាំ ១៩៧៤ ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោកជាប្រភពព័ត៌មានសំខាន់មួយរបស់រដ្ឋាភិបាលកម្ពុជាអំពីជម្លោះសម្រាប់សារព័ត៌មានជាតិ និងអន្តរជាតិ។ មិនយូរប៉ុន្មានមុនពេលជ័យជម្នះរបស់ខ្មែរក្រហមនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ លោក ឆាំង សុង បានភៀសខ្លួនជាមួយលោកសេនាប្រមុខ លន់ នល់ ទៅកោះហាវ៉ៃ សហរដ្ឋអាមេរិក។ គាត់គឺជាមន្ត្រីកម្ពុជាតែម្នាក់គត់ដែលបានភៀសខ្លួន ទៅទីនោះទៅជាមួយ លោកសេនាប្រមុខលន់ នល់ នាពេលនោះ។ ក្នុងរយៈពេលជាង ៤០ ឆ្នាំនៃការរស់នៅក្នុងសហរដ្ឋអាមេរិក និងក្នុងពេលដែលលោកនៅមានសុខភាពរឹងមាំនៅឡើយនោះ លោកតែងត្រឡប់មកលេងប្រទេសកម្ពុជា ជាញឹកញាប់ផងដែរ៕