ភ្នំពេញៈ ​គ្រឹះស្ថាន​អប់រំ​មួយចំនួន ចាប់ផ្តើម​រឹតបន្តឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ​នៅក្នុង​សាលា​ឡើងវិញ ក្រោយពី​សិស្សានុសិស្ស​មួយចំនួន បាន​ប្រើប្រាស់​ទូរស័ព្ទដៃ​ក្នុង​រឿង​មិន​គប្បី ហើយ​ប្រាសចាក​ពី​វិន័យ​សាលា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការសិក្សា និង​សេចក្ដីថ្លៃថ្នូរ​ក្នុងសង្គម​។​

ការប្រកាស​ហាមប្រាម និង​រឹតបន្តឹង​នេះ បន្ទាប់ពី​ផ្ទុះ​ការចាប់អារម្មណ៍​ពាក់ព័ន្ធ នឹង​ករណី​សិស្ស​នៅ​វិទ្យាល័យ ​ពេជ្រ​ចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែល​ត្រូវបាន​គ្រូ​វិន័យ​ដក​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន និង​ហៅ​ទៅ​សួរនាំ​ម្ដងម្នាក់ៗ ដោយសារតែ​ពួកគេ បាន​វក់ នឹង​ការលេង​ហ្គេម​ក្នុង​ថ្នាក់ មើល​រឿង​អាសអាភាស​ក្នុង​ថ្នាក់ ប្រើប្រាស់​ទូរស័ព្ទ​ទាក់ទង​ស្នេហា និង​លេង TikTok​ ក្នុង​ថ្នាក់​ជាដើម​។​

លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២២ សីហា​ថា ការ​រឹតបន្តឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ គឺ​ធ្លាប់​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រសួង ដើម្បីឱ្យ​សាលា​ទាំងអស់ ដាក់ចេញ​នូវ​វិធានការ ក្នុងការ​ប្រើប្រាស់​ទូរ​ស័​ព្ទទដៃ​ឱ្យបាន​ត្រឹមត្រូវ​។

ដោយសារតែ ថ្មីៗ​នេះ ការប្រើប្រាស់​ទូរស័ព្ទដៃ ត្រូវបាន​បើកទូលាយ លោក សង្កត់ធ្ងន់ថា ការរៀបចំ​បទបញ្ជា​ផ្ទៃ​ក្នុងនៅតាម​សាលា​ឱ្យបាន​តឹងរឹង និង​ខុសៗ​គ្នា​បន្ថែមទៀត ទៅតាម​សាលារៀន​នីមួយៗ គឺ​ចាំបាច់ ដែល​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សិស្សានុសិស្ស​ចូលរួម​គោរព​តាម និង​ឱ្យ​ការប្រើប្រាស់​ទូរស័ព្ទដៃ​នេះ មាន​ភាពត្រឹមត្រូវ​។​

យ៉ាងណា ជាមួយនឹង​ការ​រឹតបន្តឹង​នេះ លោក ហែម ស៊ីណា​រ៉េត នៅតែ​ជំរុញ​ឱ្យ​តាម​សាលារៀន​នីមួយៗ ធ្វើការ​គ្រប់គ្រង​ការប្រើប្រាស់​ទូរ​ស័​ព្ទ​ដៃ ឬ​ឧ​បករណ៍​ទំនើប​នៅក្នុង​សាលារៀន​ឱ្យបាន​ត្រឹមត្រូវ ខណៈ​ការបើក​ទូលាយ​ឱ្យប្រើ​ប្រាស់​ទូរ​ស័​ព្ទ​ដៃ​ក្នុងការ​សិក្សា នៅតែ​ត្រូវបាន​លើកទឹកចិត្ត​ដដែល​។​

លោក ថ្លែងថា​៖ «​ការ​រឹតបន្តឹង​ទូរ​ស័​ព្ទ​ដៃ​នៅក្នុង​សាលា​នេះ មកដល់​ម៉ោង​នេះ មន្ទីរ និង​លោកគ្រូ អ្នកគ្រូ នាយក​សាលា គឺ​ជំរុញ​ឱ្យប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​រៀន​តាម​អន​ឡាញ​។ ប៉ុន្តែ​ត្រូវ​ចេះ​ប្រើ​ពេលវេលា​ណា​ដែល​ត្រូវ​ប្រើ ដោយ​ឈរលើ​ម៉ោង​បង្រៀន​។ បើសិន​ម៉ោង​បង្រៀន​ណា ដែល​មិនត្រូវ​ឱ្យប្រើ​ទូរ​ស័​ព្ទ​ដៃ​ទេ គឺ​មិនត្រូវ​ឱ្យប្រើ​ប្រាស់​នោះទេ សូម្បីតែ​សំឡេង ក៏ត្រូវ​បញ្ជា​ឱ្យ​បិទ​ដែរ​»​។​

ជាមួយនឹង​ការប្រកាស​ឱ្យ​មានការ​រឹតបន្តឹង​នេះ លោក ហែម ស៊ីណា​រ៉េត បាន​អះអាងថា មកដល់ពេលនេះ មិនទាន់​របាយការណ៍​ពី​តាម​បណ្តា​សាលា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ណាមួយ បាន​រាយការណ៍​អំពី​សកម្មភាព​នៃ​ការ​ប្រ​ព្រឹត្តកំហុស​ធ្ងន់ធ្ងរ​របស់​សិស្សានុសិស្ស អំពី​ការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងន័យ​ប្រាសចាក​អំពី​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រសួង​នោះទេ ខណៈដែល​លោក នឹង​បន្ត​តាមដាន​បន្តទៀត ដើម្បី​ធានាថា ការប្រើប្រាស់​ទូរស័ព្ទដៃ​របស់​សិស្ស គឺ​គោរព​ទៅតាម​វិន័យ​ដែល​សាលា​អនុញ្ញាត​។​

ចាប់តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើកទូលាយ​ឱ្យ​សិស្សានុសិស្ស អាច​ប្រើប្រាស់​ទូរ​ស័​ព្ទ​ដៃ​បាន​ដោយ​សេរី ដើម្បី​តាមដាន​ការសិក្សា​តាម​កម្មវិធី​អន​ឡាញ ដែល​រៀបចំឡើង​ដោយ​ក្រសួង ខណៈ​ការប្រើប្រាស់​ឧបករណ៍​ទំនើប​ទាំងនេះ ក្នុងន័យ​គាំទ្រ​ដល់​ការរៀនសូត្រ​របស់​សិស្ស និង​ការបង្រៀន​របស់​គ្រូ​ដែលជា​ជំនួយ​ដ៏​សំខាន់​ក្នុងការ​សិក្សា​ពី​ចម្ងាយ​របស់​សិស្ស​។​

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២២ សីហា​ថា ក្រសួង​មិន​ហាមប្រាម​ការប្រើប្រាស់​ទូរ​ស័ព្ទ​ដៃ ឬ​បច្ចេកវិទ្យា​ដែល​គាំទ្រ​ដល់​ការរៀន​របស់​សិស្ស និង​ការបង្រៀន​របស់​គ្រូ​ឡើយ ពីព្រោះ​ក្នុង​បរិបទ​វិបត្តិ​កូ​វីដ​ ១៩ ការប្រើប្រាស់​ឧបករណ៍​ទំនើប​ទាំងនេះ​គឺជា​ជំនួយ​ដ៏​សំខាន់​ក្នុងការ​សិក្សា​ពី​ចម្ងាយ​របស់​សិស្ស​។​

ប៉ុន្តែ​លោក អះអាងថា ប្រសិនបើ​សិស្សានុសិស្ស​ប្រើប្រាស់​ទូរស័ព្ទដៃ​ក្នុង​រឿង​មិន​គប្បី ប្រាសចាក​វិន័យ​ក្នុង​សាលា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការសិក្សា និង​សេចក្ដីថ្លៃថ្នូរ​ក្នុងសង្គម ដូចជា​ការលេង​ហ្គេម មើល​រឿង​អាសអាភាស ថត​វីដេអូ ឬ​រូប​ភាពមិន​គប្បី​នានា ឬ​ប្រើប្រាស់​បណ្ដាញ​សង្គម​ច្រើនពេក​រំខាន​ដល់​ការសិក្សា នោះ​ក្រុមប្រឹក្សាវិន័យ​តាម​សាលា​នីមួយៗ​អាចដាក់​ការពិន័យ​ទៅតាម​កម្រិត​នៃ​កំហុស ឬក៏​ផ្ដល់​ការអប់រំ​ឱ្យ​កែប្រែ​កំហុស​ឡើងវិញ​។​

លោក រស់ សុ​វាចា បាន​ថ្លែងថា​៖ «​ចំពោះ​សិស្ស​ដែល​ប្រព្រឹត្ត​ខុសពី​បទបញ្ជាផ្ទៃក្នុង​រប​ស់​គ្រឹះស្ថានសិក្សា ត្រូវ​ដាក់ឱ្យ​ក្រុមប្រឹក្សាវិន័យ​ពិនិត្យ និង​សម្រេច​ទៅតាម​កម្រិត​នៃ​កំហុស ក្រោមរូបភាព​ណែនាំ ស្ដីបន្ទោស ដោយ​ចុះ​ក្នុង​សៀវភៅ​សិក្ខាគារិក ព្រមាន​ជា​លាយលក្ខណ៍អក្សរ ផ្អាក​ការសិក្សា​បណ្ដោះអាសន្ន លុបឈ្មោះ​ចេញពី​បញ្ជី​សិក្សា ឬ​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​»​។​

កាលពី​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ ​២០០៩ ក្រសួង​អប់រំ បានចេញ​សេចក្ដីប្រកាស​ស្ដីពី​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ដែលមាន​គោលបំណង​រៀបចំ​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​ទាំងឡាយ​ឱ្យមាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ វិន័យ និង​សីលធម៌​ល្អ ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​អប់រំ​។​

ប្រកាស​នេះ​បានចែង​ដល់​ការគោរពវិន័យ និង​ការរក្សា​សីលធម៌ ដែល​តម្រូវឱ្យ​សិស្សានុសិស្ស​ទាំងអស់​រក្សា​វិន័យ សីលធម៌ និង​មិន​គប្បី​ធ្វើអំពើ​ដែល​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​គ្រឹះស្ថានសិក្សា និង​ប្រទេសជាតិ ដូចជា​ការប្រើប្រាស់​ទូរ​ស័ព្ទ​ដែល​ប្រាសចាក​ពី​ការរៀន និង​បង្រៀន ឬ​លេង​ហ្គេម​ក្នុង​ទូរស័ព្ទដៃ​ក្នុងពេល​កំពុង​រៀន​ជាដើម​។ ប្រកាស​ដដែល​នេះ​ក៏បាន​ចែង​ផងដែរ​ថា សិស្សានុសិស្ស​មិនត្រូវ​មើល​ភាពយន្ត សៀវភៅ​រឿង ទស្សនា​វ​ដ្តី រូបភាព​អាសអាភាស និង​ប្រព្រឹត្ត​អំពើ​អាសអាភាស អំពើ​ដែល​នាំឱ្យមាន​គ្រោះថ្នាក់ ឬ​អំពើ​ដែល​នាំ​បាត់បង់​សណ្ដាប់ធ្នាប់​នៅក្នុង​គ្រឹះស្ថានសិក្សា​នោះឡើយ​។ នេះ​បើតាម​ការអះអាង​របស់​លោក រស់ សុវាចា​៕