
លោក សម រង្ស៊ី និងមន្ត្រីមួយចំនួនដែលតុលាការកោះហៅឱ្យចូលសវនាការ ។ រូបថត Sam Rainsy page
ភ្នំពេញៈលោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាកោះហៅ លោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ៧ រូបផ្សេងទៀតឱ្យចូលបន្ទប់សវនាការនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៨ និង ៣០ នាទីជាកំហិត ដើម្បីឆ្លើយដោះសាពីការចោទប្រកាន់បទល្មើសរួមគំនិតក្បត់ក្នុងបន្ទប់សវនាការ។
យោងតាមដីកាកោះហៅដែលចេញដោយលោក សេង ហៀង ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២ និងត្រូវបានស្នងការរងនគរបាលរាជធានីភ្នំពេញយកទៅបិទនៅសាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ បានបញ្ជាក់ថា លោក សម រង្ស៊ី និងអ្នកទាំង ៧ រូបផ្សេងទៀត បានប្រព្រឹត្តបទល្មើសរួមគំនិតក្បត់កាលពីឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រុមព្រហ្មទណ្ឌ។
នៅក្នុងសំណុំរឿងក្រមព្រទណ្ឌនេះ រួមមាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មួរ សុខហួរ លោក នុត រំដួល លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក ហូរ វ៉ាន់។ ដោយឡែកសវនាការ ជំនុំជម្រះលើសំណុំរឿងនេះ មានសមាសភាព លោកស្រី អ៊ុក រ៉េគន្ធា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមប្រឹក្សា, លោកស្រី យី សុខវួច ជាចៅក្រមប្រឹក្សា និងលោក សេង ហៀង ជាតំណាងអយ្យការ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីឆ្នាំ ២០២១ ថា ក្រោមផែនការនៃការវិលត្រឡប់ចូលមកកម្ពុជាវិញកាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ អាចហៅថា “ព្រឹត្តិការណ៍ ៩/១១” ទណ្ឌិត សម រង្ស៊ី និងបក្ខពួកបានធ្វើសកម្មភាពជាច្រើន រួមមានទី១- បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការឱ្យបះបោរប្រឆាំងរាជរដ្ឋាភិបាលទី២- បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផងដល់ប្រជាពលរដ្ឋឱ្យងើបបះបោរប្រឆាំងនឹងរដ្ឋអំណាច និងទី៣- រៃអង្គាស និងប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ដើម្បីធ្វើសកម្មភាពខាងលើនេះ។
លោកបានបន្តថា សកម្មភាពធំៗទាំង៣ខាងលើនេះគឺរៀបចំឡើងក្នុងគោលដៅចំនួន ២ គឺទី១ ចូលមកក្នុងស្រុកដើម្បីចាប់នាយករដ្ឋមន្ត្រីក្នុងតំណែង និងទី២ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
ដូច្នេះធាតុពិតនៃផែនការនេះគឺជា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” តាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។ ដូច្នេះពាក្យថា “ផែនការវិលត្រឡប់” គឺជាលេសនិងជាកលល្បិចនយោបាយដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ឱ្យចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «អំពើនិងសកម្មភាពខាងលើទាំងនេះ មានភ័ស្តុតាងច្បាស់លាស់ និងរឹងមាំ ហើយភ័ស្តុតាងទាំងនេះមួយចំនួន អាចរកបានដោយងាយស្រួល ព្រោះទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានប្រើប្រាស់ហ្វេសប៊ុកនិងបណ្តាញសង្គមដទៃទៀតធ្វើជាមធ្យោបាយដើម្បីបង្ហោះសារញុះញង់ និងបម្រើឱ្យផែនការសកម្មភាពទុច្ចរិតរបស់ខ្លួនខាងលើ»។
យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមមាត្រា ៤៥១ ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះត្រូវផ្តន្ទាទោសពី “បទល្មើសរួមគំនិតក្បត់” តាមមាត្រា ៤៥៣៕