
កម្លាំងនគរបាលបង្ក្រាបទីតាំងធ្វើអាជីវកម្មបារីអេឡិចត្រូនិក ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២១ ខែសីហា។ រូបថត នគរបាល
ស្ទឹងត្រែងៈ យ៉ាងហោចណាស់មនុស្ស ៦០ នាក់នៅរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអាជីវកម្ម និងប្រើប្រាស់បារីអេឡិចត្រូនិក ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ២២ ខែសីហា។
លោក អ៊ិន សុង អ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែសីហាថា ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ នេះ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការបង្ក្រាបអាជីវកម្មបារីអេឡិចត្រូនិក ចំនួន ១០ លើក ក្នុងនោះ សមត្ថកិច្ចបានអញ្ជើញអ្នកធ្វើអាជីវកម្ម ១២ នាក់ ស្រី ៣ នាក់ និងអ្នកប្រើប្រាស់ ៨ នាក់ ស្រី ១ នាក់ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ឱ្យធ្វើអាជីវកម្ម និងការប្រើប្រាស់។
លោក សុង បានឱ្យដឹងថា តាមរយៈលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលបានធ្វើការរឹបអូសបានវត្ថុតាង មានបារីអេឡិចត្រូនិក វេប ១៩ ឈុត ឧបករណ៍ជក់អេឡិចត្រូនិក ២១៥ ឈុត ទឹកថ្នាំបារីអេឡិចត្រូនិកវេប ១ ៤១៧ ដប ទឹកថ្នាំបារីវេបចំនួន ៩៨៥ ដប និង ៩២២ ប្រអប់ផងដែរ។
លោកបានគូសបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិកមិនមែនជាការខុសច្បាប់ទេ ប៉ុន្តែជាការប្រព្រឹត្តផ្ទុយ នឹងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលហាមប្រាមមិនឱ្យប្រើប្រាស់ ធ្វើអាជីវកម្ម ឬនាំចូល ហេតុនេះការបង្ក្រាបករណីនេះបានគឺត្រូវធ្វើការអប់រំ និងរឹបអូសយកវត្ថុតាងទុកសម្រាប់កម្ទេចចោលនៅពេលវេលាសមស្របណាមួយ។
លោកថ្លែងថា៖ «នេះ គឺឧបករណ៍ដែលយើងបានរឹបអូស ហើយយើងរក្សាទុកដើម្បីស្នើសុំគោលការណ៍ និងបង្កើតគណៈកម្មការដុតបំផ្លាញចោលនៅពេលក្រោយ។ការរក្សាទុកនេះគឺមានការវេចខ្ចប់តាមបច្ចេកទេស និងមានគណៈកម្មការចូលរួមគ្រប់សមាសភាព»។
ដោយឡែក លោក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី ២២ ខែសីហាថា នៅយប់ថ្ងៃទី ២១ ខែសីហា សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងក្លិប BLACK NIGHT ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនម្ចាស់ទីតាំង ១ នាក់សួរនាំស្រាវជ្រាវរហូតរកឃើញ ២ ទីតាំងផ្សេងទៀត ឃាត់ខ្លួន២នាក់បន្ថែមទៀតដែលធ្វើអាជីវកម្មបារីអេឡិចត្រូនិកក្រោមរូបភាពលក់ខោអាវសម្លៀកបំពាក់និងស្បែកជើង។
លោក រស្មី ថ្លែងថា ការឃាត់ខ្លួនមនុស្សទាំង៣នាក់នេះសមត្ថកិច្ចរកឃើញថា មិនមានពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗទៀតនោះទេ ហេតុនេះការពាក់ព័ន្ធការធ្វើអាជីវកម្មបារីអេឡិចត្រូនិកនេះសមត្ថកិច្ចអនុវត្ត តាមសេចក្តីសម្រេចនិងណែនាំរបស់លិខិតបទដ្ឋានគតិយុត្តរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអាជីវកម្មបារីអេឡិចត្រូនិកនេះទៀត។
លោកថ្លែងថា៖ «មនុស្សយើងធ្វើកិច្ចសន្យាហើយឱ្យគាត់ត្រឡប់ទៅលំនៅឋានវិញ ចំណែកឯវត្ថុតាង យើងរឹបអូសទាំងអស់ ពាក់ព័ន្ធនឹងបារីអេឡិចត្រូនិក E cigarette និងវេប»។
លោកថា ការរកឃើញករណីធ្វើអាជីវកម្មបារីអេឡិចត្រូនិកនេះ គឺអង្គការចលនាដើម្បីសុខភាពកម្ពុជា ជាអ្នកស្រាវជ្រាវឃើញ និងបានផ្តល់ព័ត៌មានផងដែរ។ក្រោយពេលទទួលបានព័ត៌មាននេះក៏បានរៀបកម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានតែម្តង។ ម្ចាស់ទីតាំងដែលបានធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផល HTPs នៅក្លិប BLACK NIGHT ក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នេះ ឈ្មោះ ធីម ពិសី ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។ ចំណែក ២ នាក់ផ្សេងទៀត មានឈ្មោះ ឡាង ចន្ថា ភេទប្រុស អាយុ ៦០ឆ្នាំ និង ឈ្មោះ សុខ លាង ភេទស្រី អាយុ ៥៩ ឆ្នាំ អ្នកទាំង ២ ជាកសិករ នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
វត្ថុតាងដែលបានចាប់យកក្នុងប្រតិបត្តិការនេះមាន បារីអេឡិចត្រូនិកចំនួន ៥២៧ គ្រឿង ម៉ាស៊ីនវេបចំនួន ២៨ គ្រឿង ទឹកតំណាប់ (ទឹកវេប) ចំនួន ៩០ ដប ក្បាលម៉ាស៊ីនវេបចំនួន ៣០ ប្រអប់ និងក្បាលបារីអេឡិចត្រូនិកចំនួន ៩៥ ប្រអប់។ ក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចក៏បានការឃាត់ខ្លូនយុវជនយុវតីសរុប ៤០ នាក់ ធ្វើកិច្ចសន្យាប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថា ការជក់បារីអេឡិចត្រូនិកពិតជាបង្កផលប៉ះពាល់ដល់សុខភាព។
លោកថ្លែងថា៖ «ការជក់បារីអេឡិចត្រូនិក ធ្វើឱ្យខូចដល់កោសិកាខួរក្បាល និងឈានទៅស៊ីសួតយ៉ាងធ្ងន់ធ្ងរ ដោយសារតែចំហាយភាគល្អិតដែលមាននៅក្នុងបារីអេឡិចត្រូនិក។ ការជក់បារីអេឡិចត្រូនិកនេះ វាក៏ជាភ្នាក់ងារចម្លងមេរោគកូវីដ ១៩ ផងដែរ ដោយសារតែយុវវ័យប្រើប្រាស់ឧបករណ៍រួមគ្នាជក់ពីមាត់មួយទៅមាត់មួយទៀត»៕