លោក អៀម ឆៃ និង​កូនស្រី​តូច ២ ​នាក់​ ដែល​គេ​ច្រើន​ឃើញ​លក់​ត្របែក​តាមចិញ្ចើម​ផ្លូវនៅជាប់របង​វត្ត​មហាមន្ត្រី ក្នុង​ខណ្ឌ​ ៧​ មករា រាជ​ធានីភ្នំពេញ បាន​ធ្វើ​ឱ្យមាន​ការ​ភ្ញាក់​ផ្អើ​ល​​ ក្រោយពី​ឃើញ​មាន​ការ​ថត​បង្ហោះ​រូប​​កូនស្រី​​របស់​លោក ដែល​មាន​វ័យ​ត្រឹម​ ៤​ ឆ្នាំ ប៉ុន្តែ​អាច​សរសេរ​អក្សរខ្មែរ​​បាន​យ៉ាង​ត្រង់​ស្អាត​។​

​បើ​ទោះបី​ជា​កូន​នៅ​តូច​មិន​ទាន់​បានទៅសាលារៀន ហើយ​លោក​ផ្ទាល់​ក៏​មិន​បាន​​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅជ្រះ​ ដោយ​គ្រាន់តែ​ចេះ​​អាន ព្រោះ​តែ​​កត្តា​ជីវភាពក្រលំបាក​​ តែ​លោក​បាន​តាំងចិត្ត​បង្រៀន​កូន​ឱ្យ​ចេះ​ចាំ​ព្យព្ជានៈ និង​ស្រៈ មិនតែ​ប៉ុណ្ណោះ ​ថែម​ទាំង​តម្រង់​កូនស្រី​វ័យ ៤ ​ឆ្នាំ ថៃ ស្រីរីម​ ឱ្យ​សរសេរ​អក្សរ​លើ​ក្តារបន្ទះបាន​​យ៉ាង​​ត្រង់​ស្អាត​។

​ពេល​ជួប​តាម​ទូរស័ព្ទ ខណៈ​ដែល​លោក​កំពុង​ឱ្យគេ​ប៉ះ​កង់​ម៉ូតូ​នៅ​ម្ដុំ​ផ្សារ​អូ​រឫ​ស្សី លោក​អៀម ឆៃ​​ប្រាប់​ពី​ប្រវត្តិ​ត្រួសៗ​ថា​៖ «​ខ្ញុំ​ជា​អ្នក​ខេត្ត​កណ្ដាល តែ​មក​ភ្នំពេញ​តាំងពី​ឆ្នាំ ១៩៨០ ជាង ហើយ​ក៏​មិនសូវ​បាន​ទៅ​ស្រុក​ដែរ ​ព្រោះ​យើង​មិនមាន​ដីធ្លី​អី​នៅ​ទីនោះ​ទេ​។ ខ្ញុំ​មាន​ប្រពន្ធ​មុន មានកូន ​៥​នាក់​ដែល​សព្វ​ថ្ងៃ​រស់នៅ​ខ្ចាត់ខ្ចាយ​គ្នា​អស់ហើយ​។ ប្រពន្ធ​ខ្ញុំមុន ​ស្លាប់​ជាង ១០ ​ឆ្នាំ​ហើយ ខ្ញុំ​ក៏​យក​ប្រពន្ធ​ក្រោយ​នេះ និងមាន​កូនស្រី ៣​​នាក់ ដែល​ស្រី​រី​ម​នេះ​ជា​កូន​បង កូន​ទី​២ វ័យ ​២ ​ឆ្នាំ និង​កូន​ទី​៣ ទើបតែ​បាន ៤ ខែ​ជាង​»។

​បុរសវ័យ ៦០ ​ឆ្នាំរូប​នេះ​បន្តថា​ បច្ចុប្បន្ន​លោក​រស់នៅ​ជាមួយ​កូនប្រុស​ច្បង​របស់​លោក​​ក្នុង​បន្ទប់​ជួល​។ ​កាលមក​ភ្នំពេញ​ដំបូង លោក ឆៃ ​រស់នៅ​ និង​លក់​អុស​លើ​ទូ​រថភ្លើង​​បាន​ប្រហែលជា ​៨ ឆ្នាំ​​។ ក្រោយមកទៀត​ពេល​គេ​អភិវឌ្ឍ​ទៅ លោក​ក៏​​ទៅ​រស់នៅ​ផ្ទះជួល​រ​ហូ​តមក​ និង​ប្ដូរ​មុខរបរ​ពី​លក់​អុស មក​រែក​ខាត់ណា​លក់ រហូត​បន្ត​មកដល់​​បច្ចុប្បន្ន​លក់​ត្របែក​​។​

​លោក​រំឭក​ឱ្យដឹង​ដែរ​ថា កាល​ចេញពី​ទូ​រថភ្លើង ហើយ​ដើរ​រែក​​ខាត់ណា​លក់​​តាមផ្លូវ​សាធា​រណៈ​នេះ​ក៏មាន​ម្ដង​ដែល​ត្រូវ​គេចាប់​ឃុំ​ដោយសារ​តែ​ល្មើស​មិន​ស្ដាប់​បញ្ជារ​ប៉ូលិស​។ ពេល​ចេញ​មក​​វិញលោក​ក៏មាន​កង់​ជិះ​ដើរ​លក់​ម្ដង រហូតដល់​បាន​ទៅយក​ត្របែក​គេ​មក​លក់ ដោយ ​១ ​ថ្ងៃ​លក់បាន ២០-៣០ ​គីឡូ​ដែរ​។

​​ជាធម្មតា​លោក ​​ឆៃ បាន​លក់​ចាប់ពី​ម៉ោង ៨ ​ព្រឹក និង​យូរ​បំផុត​ដល់ម៉ោង ​៨​ យប់​ ទៅតាម​ថ្ងៃ និង​ដើរ​លក់​តាម​ស្តុ​ប ទាំង​នៅ​វត្ត​មហាមន្ត្រី អូរ​ឫ​ស្សី សន្ធរ​ម៉ុក និង​កន្លែង​ផ្សេងទៀត​។

លោកប្រាប់ថា​៖ «​ខ្ញុំ​អង្គុយ​លក់បាន​គួ​រសម​។ ជួនកាល​លក់ដាច់​អស់​លឿន អាច​បាន​ទៅផ្ទះនៅ​ម៉ោង ៣-៤ រសៀល ជួន​លក់​មិន​ដាច់​នៅ​យូរ​ព្រោះ​ចេះតែ​ប្រឹង​អង្គុយ​លក់​ឱ្យអស់​ទៅ បើ​លក់​អត់​អស់​ស្អុយ​ទុកចោល​។ បើទោះបី​​ត្រូវ​នឿយហត់​របៀប​ហ្នឹង ក៏​ខ្ញុំ​មិន​អី​ដែរ ពី​​ព្រោះ​រស់នៅ​ស្រួល​ជាង​កាល​លក់​អុស​នៅ​ទូរថភ្លើង​ឆ្ងាយ​ណាស់​»​។​

​​លោក​ប្រាប់ថា ​លោក​មានកូន​ ៣​ នាក់​ តែ​​លោក​យក​មកជា​មួយ​តែ​កូន ២ ​នាក់ ពីព្រោះ​កូនម្នាក់​ទៀត​ដែល​មាន​វ័យ​ទើប​តែ​ ៤​ ខែ ​​ត្រូវ​ទុក​ឱ្យនៅ​ជាមួយ​ម្ដាយ ពីព្រោះ​ប្រពន្ធ​របស់​លោក​មិន​សូវមាន​កម្លាំង​ទេ ពី​ព្រោះ​កូន​មួយៗ​សុទ្ធតែ​វះ ដូច្នេះ ​ទើប​លោក​ត្រូវ​យក​កូន ២ មក​តាម​នៅ​កន្លែង​លក់ ដើម្បី​​សម្រាល​ទុក្ខ​លំបាក​របស់​​ប្រពន្ធ​។

​លោក ឆៃ បាន​អង្គុយ​លក់​​ត្របែក​នៅ​លើ​ចិញ្ចើមផ្លូវ​​បណ្ដើរ​​និង​បង្រៀន​កូនឱ្យ​សរសេរ​អក្សរ​​បណ្ដើរ​។

​លោកថា​៖ «​កូន​មិន​ទាន់​​បាន​ទៅ​រៀន​នៅ​សាលា​ទេ​។ ខ្ញុំ​អ្នក​បង្រៀន​ខ្លួនឯង ខ្ញុំ​មិនបាន​ចេះ​ស្អី​ទេ ប្រកប​អក្សរ​ក៏​ប្រកប​មិនសូវ​ដាច់​ដែរ។ កាល​លើក​មុន​បាន​រៀន​នៅ​វត្ត​ចេះ​ខ្លះៗ​ហ្នឹង ហើយ​បើ​ភាសា​អង់គ្លេស​បាន​ចេះ​អក្សរ​ពី A-Z និង​រាប់​លេខ ១-២០​ ដែរ​។ អ៊ីចឹង​ខ្ញុំ​ខំ​បង្រៀន​តាម​អ្វី​​ដែល​ខ្ញុំ​ចេះ​ប៉ុណ្ណឹង និង​សង្ឃឹម​ថា បើ​កូន​ខ្ញុំ​បាន​ចូល​សាលា​ គេ​នឹង​ជួយ​បង្រៀន​បន្ថែម​»​។

​ពេល​ត្រូវ​សួរថា​ ហេតុអ្វី​កូនស្រី​លោក អាច​សរសេរ​អក្សរ​បាន​ស្អាត​យ៉ាងនេះ លោក​ថា លោក​ខំ​តម្រង់​គាត់​ឱ្យ​សរសេរ​អក្សរ ១​ ៗ​ម្ដង ​លើ​ក្ដា​រឈ្នួន​ហ្នឹង ទាំង​ជើង និង​សក់​ត្រូវដាក់​យ៉ាងណា​។ លោក​បានឱ្យ​គាត់​ទន្ទេញ​ព្យព្ជានៈ និង​ស្រះ​ឱ្យអស់​។ បន្ទាប់មក​ទើប​លោក​បង្រៀន​ឱ្យ​កូន​ប្រកប​មួយៗ​។

លោក​ថា ​ទើប​បាន​បង្រៀន​កូន ៥​ ខែ​ហ្នឹង​ឯង តែ​ពេល​ឃើញ​កូន​ឆាប់​ចេះ​ចាំ​អ៊ីចឹង លោក​ស្ដាយ​ដែល​មិនបាន​បង្រៀន​កូន​​តាំង​ពី​យូរ ព្រោះ​កូន​តាម​លោក​មក​លក់​​ជាប់​តាំងពី​មិនទាន់​ចេះ​និយាយ​។ តែ ៥​ ខែ​មក​នេះ​កូន​របស់​លោក​អាច​ចេះ​អាន ៥០-៦០% ​ដែរ ព្រោះ​ពេល​លោក​ឱ្យ​សរសេរ​ពាក្យ​អ្វីមួយ​កូនស្រី​លោក​អាច​ចាំ និង​សរសេរ​បាន​។

​លោកថា​៖ «​ពេល​ខ្ញុំ​សួរថា​ចេះ​សរសេរ​កុមារា កុមារី​អត់ គាត់​សួរ​បក​មកវិញ​ថា ពាក្យ​ដែលមាន​ស្រះ ឬ​ព្យញ្ជនៈ​នេះ​មែន​ទេ ហើយ​គាត់​ក៏​សរសេរ​ចេញ​ដោយ​ខ្លួនឯង​មិនមាន​ខ្ញុំ​ប្រាប់​ទេ បាន​ន័យថា​ គាត់​ចេះ​អាន​ខ្លះ​ដែរ​»​។

លោក​ឱ្យដឹងថា​ លោក​បង្រៀន​កូន​មិនដែល​វ៉ៃ ឬ​សម្លុត​ទេ ជួនកាល​អង្វរ លួង​ទាល់តែ​គាត់​ព្រម​រៀន​។ ព្រោះ​លោក​បាន​តាំងចិត្ត​ថា​ នឹង​បង្រៀន​កូនស្រី ទាំង​ ៣​ របស់លោក​ឱ្យ​ចេះ​ដូចគ្នា​ទាំងអស់​។ ម្នាក់ៗត្រូវតែ​ចេះ​អាន និង​សរសេរ​ឱ្យ​បាន​មុន​ចូល​ទៅ​រៀន​នៅ​សាលា​រៀន​។

លោកថា ​ការបង្រៀន​កូន​​ក្មេង​គឺពិបាក​និយាយគ្នា​ ប៉ុន្តែ​លោក​តែងតែ​ព្យាយាម​ពន្យល់​ណែនាំ​គាត់​។

​លោក ឆៃ​ បន្តថា​៖ «​ខ្ញុំ​តែង​ពន្យល់​កូន​ថា​ ដោយសារ​យើង​អត់​ចេះ​អ៊ឹ​ចឹ​ង​បាន​យើង​មក​អង្គុយ​លក់​អ៊ី​ចឹ​ង​ណា​កូន​ ហើយ​ខ្ញុំ​តែង​តែ​គិតថា ​ចង់ឱ្យ​វា​ប្រឹងរៀន​ឱ្យ​ចេះ​ទៅ អង្គុយ​ក្នុង​ធនាគារ ABA គិត​បែប​នេះ​ក៏​ចេះតែ​ពន្យល់ លួងៗ​ឱ្យ​គាត់​​ខំ​រៀន​ទៅ​»​។

​លោក​ឱ្យដឹងថា​ នាពេល​បច្ចុប្បន្ន មាន​អ្នក​កជួយ​ឧត្ថម្ភ​លោក​ច្រើន​ដែរ ដោយ​មាន​អ្នក​ខ្លះ​បាន​ធានា​ជួយ​ឱ្យ​កូន​លោក​បាន​រៀន​ដល់​ចប់​ ធ្វើ​ឱ្យ​លោក​មាន​ការ​​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​។

លោកមាន​ប្រសាសន៍​ថា​៖ «​ឥឡូវ​ខ្ញុំ​មាន​​អ្នក​ជួយ​ ដោយ​កំពុង​ធ្វើ​កំពុង​រៀបចំ​សំណុំបែបបទ​ដើម្បី​ជួយ​ឱ្យ​កូន​ខ្ញុំ​​បាន​ចូល​រៀន​ហើយ។ ខ្ញុំ​ពិតជា​​រីករាយ​ខ្លាំង​ណាស់ និង​ចង់​អរគុណ​ដល់​គ្រប់​គ្នា​ដែល​បាន​ជួយ​ដល់​ខ្ញុំ​និង​គ្រួសារ​»​៕