
អ្នកដំណើរកំពុងធ្វើដំណើរតាមផ្លូវដែលទឹកជំនន់ជន់លិចនៅក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី ២១ សីហា។ រូបថត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានអំពាវនាវ ឱ្យពលរដ្ឋនៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត បន្ទាប់ពីមានជនរងគ្រោះ ២ នាក់ បានលង់ទឹកស្លាប់។
លោកថ្លែងថា៖ «នៅពេលនេះ ជំនន់ទឹកភ្លៀងអាចកើតមានគ្រប់ពេលវេលា ជាពិសេសតំបន់ដែលស្ថិតនៅទំនាបជាប់មាត់ទឹក ឬតំបន់ផ្ទៃរងទឹកភ្លៀង ដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះបច្ចុប្បន្ន មានប្រជាពលរដ្ឋ ២ នាក់ហើយ បានលង់ទឹកស្លាប់ ក្នុងនោះ ម្នាក់នៅក្រុងបាត់ដំបង និងម្នាក់ទៀត នៅស្រុកត្រពាំងប្រាសាទខេត្តព្រះវិហារ»។
បើតាមលោក គឹមកុលមុន្នី នៅពេលនេះ ជំនន់ទឹកភ្លៀង កំពុងកើតមានយ៉ាងធ្ងន់ធ្ងរ នៅតាមបណ្ដាខេត្តមួយចំនួន ក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលរហូតមកទល់ពេលនេះ ភាគីថៃ បានជូនដំណឹងជាបណ្ដបន្ទាប់ អំពីការបើករំដោះទឹកពីអាងស្ដុងទឹករបស់ពួកគេ ឱ្យហូរទម្លាក់ចុះមកតាមអូរព្រំដែនជាប់ប្រទេសកម្ពុជា។
ក្នុងស្ថានភាពនេះ អ្នករស់នៅជាប់តាមតំបន់ព្រំដែន ត្រូវប្រុងប្រយ័ត្ន ហើយអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋ ពីទឹកជំនន់ ឱ្យបានជាប់ជាប្រចាំផងដែរ។
នៅរសៀលថ្ងៃទី ២២ ខែ សីហា លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅតាមតំបន់ជួរភ្នំដងរ៉ែក ក្នុងខេត្តព្រះវិហារ បន្ទាប់ពីទទួលព័ត៌មានថា មានការបាក់ស្រុតទំនប់ស្ទាក់ទឹកមួយកន្លែង នៅក្នុងតំបន់នោះ។
ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ លោក គន់ គីម បានជំរុញឱ្យកងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមគ្រប់មធ្យោបាយ និងសម្ភារ ដើម្បីចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋ ពីតំបន់រងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព និងត្រៀមលក្ខណៈដើម្បីធ្វើការជួសជុលស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាត ផងដែរ។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ ដែលកំពុងរួមដំណើរជាមួយលោក គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកនិងអាងស្តុកទឹកនៅតំបន់ជួរភ្នំដងរ៉ែក បានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ ថ្វីត្បិតតែស្ថានភាពអាកាសធាតុ នៅបន្តមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅខ្លាំង ប៉ុន្តែ មិនទាន់បង្កជាជំនន់ទឹកភ្លៀង កើតឡើងជាដុំកំភួននៅឡើយទេ។
លោកថ្លែងថា៖ «នៅពេលនេះ ទឹកតាមអូរព្រំដែនបានស្រកចុះមកនៅត្រឹមកាចអូរប៉ុណ្ណោះ ហើយផ្លូវមួយចំនួនដែលលិចកាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានស្រកអស់ទៅវិញដែរ មិនមានអ្វីធ្ងន់ធ្ងរទេ»។
ទោះជាយ៉ាងណាក៏ដោយ នៅប៉ុន្មានថ្ងៃនេះ កម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ បានចាប់ផ្ដើមជន់ឡើងសាជាថ្មីវិញ។ ក្នុងនោះកម្ពស់ទឹកទន្លេមេគង្គ-ខេត្តស្ទឹងត្រែង គិតត្រឹមថ្ងៃទី ២៣ ខែសីហា ទឹកបានជន់ឡើង ដល់ ៩,០០ ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ។ នេះបើយោងតាមការព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹ និងឧតុនិយម៕
វីដេអូ៖