
គំរូស្ពានអាកាសទាំង ២ ដែលគ្រោងបើកការសាងសង់ក្នុងពេលឆាប់ៗនេះ។ រូបថត សហការី
ភ្នំពេញៈ សាលារាជធានីភ្នំពេញគ្រោងបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន ២ បន្ថែមទៀត នៅចុងខែសីហានេះ គឺ ១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ និង ១ ទៀត នៅត្រង់ផ្លូវប្រសព្វគ្នារវាងខណ្ឌមានជ័យ និងខណ្ឌចំការមន ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ស្ពានអាកាសដែលគ្រោងសាងសង់នោះរួមមាន ស្ពានអាកាសនៅត្រង់ចំណុចប្រសព្វក្បាលថ្នល់មហាវិថី «សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ» វិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមន និងស្ពានអាកាសមួយទៀតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីសម្តេចចៅហ្វាវាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ។
អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែសីហាថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស និងអ្នកជំនាញកំពុងធ្វើការចុះវាស់វែងលើការងារនេះ ដើម្បីបញ្ចូលក្នុងរបាយការណ៍បញ្ជូនទៅថ្នាក់លើក្នុងការពិនិត្យ។ យ៉ាងណាមិញលោកថា ចំពោះការបើកការដ្ឋានសាងសង់ស្ពានអាកាសទាំង ២ នេះនឹងប្រព្រឹត្តឡើងនៅចុងខែសីហា ឆ្នាំ ២០២២ នេះ។
លោកថា៖ «អ្នកជំនាញគេកំពុងប្រជុំដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍ជូនទៅឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយត្រៀមបើកការដ្ឋានក្នុងចុងខែសីហានេះ»។
លោកបញ្ជាក់ថា ស្ពានទាំង ២ នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ដែលក៏នឹងរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។
លោកថា៖ «កន្លងមកយើងក៏ឃើញដែរថា ការសាងសង់ស្ពានអាកាសទាំងអស់ដែលមានការឯកភាពពីរាជរដ្ឋាភិបាលនោះ យើងបានដោះស្រាយបញ្ហាការកកស្ទះច្រើន ហើយជាក់ស្តែងដូចជាស្ពានអាកាសចោមចៅ ស្ពានអាកាសស្ទឹងមានជ័យ ទាំងអស់នេះ សុទ្ធតែបានជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរកុំឱ្យមានការកកស្ទះ ខាតពេលវេលា អ៊ីចឹងជារឿងមួយបន្ថយបន្ទុករបស់គាត់ក្នុងការចំណាយ ពីព្រោះកាលណាស្ទះចរាចរណ៍ គឺធ្វើឱ្យអស់ប្រេងសាំងច្រើន»។ លោកបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញនឹងសិក្សាបន្តបន្ទាប់នៅកន្លែងដែលមានចរាចរណ៍ស្មុគស្មាញ ដើម្បីរកមូលនិធិមកសាងសង់ស្ពានអាកាសបន្ថែមទៀត។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក យូ ស៊ុនឡុង និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានចុះទៅពិនិត្យទីតាំងត្រៀមបើកការដ្ឋានសាងសង់ស្ពានអាកាសត្រង់ចំណុចប្រសព្វ មហាវិថី «សម្តេចតេជោ ហ៊ុន សែន» វិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមនកាលពីថ្ងៃទី ១៩ សីហា។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ថ្លែងថា ជាការពិតស្ពានអាកាសមានតួនាទីក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ប៉ុន្តែដោយផ្នែកប៉ុណ្ណោះមិនមែនទាំងស្រុងនោះទេ ។
លោកថា៖ «សួរថាស្ពានអាកាសកាត់បន្ថយការកកស្ទះទូទាំងរាជធានីភ្នំពេញបានដែរឬទេ? ខ្ញុំមិនទាន់យល់ស្របទេ យន្តការដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍គឺការរៀបចំនូវសណ្តាប់ធ្នាប់ក្នុងការបើកបរ និងការពិនិត្យមើលទៅលើលទ្ធភាពនៃការរៀបចំការកំណត់ម៉ោងនៃរថយន្តធុនធំ ឬយន្តការការអន្តរាគមន៍ទៅលើរថយន្តដែលខូចនៅតាមផ្លូវ ព្រោះយើងដឹងហើយថាការកកស្ទះមួយចំនួនបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ឬរថយន្តខូច បានធ្វើឱ្យមានការកកស្ទះចរា-ចរណ៍យ៉ាងធ្ងន់ធ្ងរដែរ បន្ថែមពីការបើកបរមិនសូវមានរបៀបរៀបរយ»។
យ៉ាងណាមិញលោកសង្កេតឃើញមួយរយៈចុងក្រោយនេះការបើកបរហាក់ដូចមានការរីកចម្រើនផ្នែកសីលធម៌ដែលជាផ្នែកមួយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។
បច្ចុប្បន្នក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៦ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងនោះមានស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧ មករា (ពេទ្យលោកសង្ឃ) ស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យ ស្ពានអាកាស និងផ្លូវក្រោមដី ៥ មករា (តិចណូ) ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ហើយទី ៧ គឺស្ពានអាកាសឫស្សីកែវដែលកំពុងដំណើរការសាងសង់៕